សហភាព​អឺរ៉ុប​បន្ត​មិនដាក់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឆ្នាំ២០២២

ក្រុមអឺរ៉ុបដែលរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក លោក Martin Vávra ភារធារីស្តីទីនៃប្រទេសហុងគ្រី លោក István Bakos និងប្រធានស្ថានទូតនៃការិយាល័យស៊ុយអែត លោកស្រី Camilla Ottoson បានជួបប្រជុំជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក គ.ជ.ប ឯទៀត ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ European Union in Cambodia)

សហភាពអឺរ៉ុបដែលផ្ដាច់ជំនួយពី គ.ជ.ប និងប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា បានបន្តប្រកាសមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះទេ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ សហភាពអឺរ៉ុបប្រចាំ​កម្ពុជា (European Union in Cambodia) បានប្រកាសថា សហភាពអឺរ៉ុបមិនបានស្នើសុំឱ្យ​មាន​បេសកកម្មសង្កេតការណ៍​បោះឆ្នោតសម្រាប់ដំណើរការបោះឆ្នោតនាពេលខាងមុខ​នេះទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏សហភាពអឺរ៉ុប និងស្ថានទូតនៃរដ្ឋជាសមាជិកនៅក្នុងប្រទេស នឹងបន្តចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងដោះស្រាយរាល់បញ្ហាដែលអាចរួម​ចំណែក​ដល់​ដំណើរការបោះឆ្នោតកាន់តែប្រសើរឡើងនៅក្នុងការបោះឆ្នោតនាពេល​ខាងមុខ។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃរដ្ឋជា​សមាជិក បាន​ជួបជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ។

ប្រភពដដែលបន្តថា ក្រុមអឺរ៉ុបមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌ និងសិទ្ធិនៅក្នុងការចូលរួម ដែលជាមូលដ្ឋានគ្រឹះនៃ​លទ្ធិប្រជាធិបតេយ្យ និងកំពុងតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនៅ​ប្រទេសកម្ពុជា។

កាល​ពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៧ សហភាពអឺរ៉ុប (EU) បាន​សម្រេច​ព្យួរ​ជំនួយ​របស់​ខ្លួនទាំង​អស់​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)​ ដោយ​សារ​តែ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា។ សហភាពអឺរ៉ុបក៏បានដកខ្លួនចេញពីបេសកកម្មសង្កេតការណ៍បោះឆ្នោតនៅ​ឆ្នាំ២០១៨ផងដែរ ដោយសារតែការបោះឆ្នោតនោះមិនមានគណបក្សប្រឆាំងចូលរួម។

នាយក​​ប្រតិបត្តិ​​​អង្គ​ការ​​ឃ្លាំ​មើល​​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា ​​ហៅ​​កាត់​ថា​ និកហ្វិក (Nicfec) លោក សំ គន្ធាមី បានថ្លែងថា ការមិនដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោត​របស់សហភាពអឺរ៉ុប គឺពាក់ព័ន្ធនឹងទំនុកចិត្តលើដំណើរការបោះឆ្នោត។

លោកថា៖ «ហ្អេ! វាសំខាន់មួយដែរណា! សហគមន៍អន្តរជាតិណា៎! យើងមានតែ​សហគមន៍​ជាតិ មានតែ NGO ហើយនិងភ្នាក់ងារ [អ្នកសង្កេតការណ៍] គណបក្សហ្នឹង! កាលមុន [យើង] មានអ្នកសង្កេតការណ៍អន្តរជាតិ មានទូត មានខាង EU ខាងអីគេមក ខាងអាស៊ានអីគេមកចូលរួមសង្កេតការណ៍។ បាទ! អាហ្នឹងហើយដែលគេមិនមកហ្នឹង គេអត់​មាន​ជំនឿទៅលើដំណើរការបោះឆ្នោតយើង បានជាគេអត់ចូលរួម»

កាល​​ពី​​ថ្ងៃទី៥ ខែឧសភា កន្លងទៅនេះ សមាជិក​​សភាសហភាព​​អឺរ៉ុប​​បាន​​ស្នើ​ទៅ​កាន់​​ប្រទេស​​សមាជិក​​អឺរ៉ុប​​ទាំង២៧ ឱ្យ​បន្តដាក់​​ទណ្ឌកម្ម​លើ​ប្រទេស​​កម្ពុជា​​ ដោយ​​ដក​​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ទាំង​ស្រុង ​​ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នៅ​ឆ្នាំ២០២៣ខាងមុខនេះ ត្រូវ​បាន​គេ​រកឃើញថា គ្មាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធ៌ម។ សមាជិកសភា​អឺរ៉ុប​ក៏បានសម្តែងការបារម្ភយ៉ាងខ្លាំងអំពីការដើរថយក្រោយនៃការគោរព​សិទ្ធិមនុស្ស​នៅកម្ពុជា ជាពិសេស​នៅមុនពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅ​ក្នុង​ខែមិថុនាខាងមុខ និងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តនៅឆ្នាំក្រោយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែង​ថា ទោះបីជាសហភាពអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្តី តែសហភាពអឺរ៉ុប​បានស្នើដាក់មន្ត្រីស្ថានទូតរបស់សហភាពអឺរ៉ុប ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត តែមិនចេញរបាយការណ៍។សម្រាប់លោក ហង្ស ពុទ្ធា ភាពត្រឹមត្រូវនៃការបោះឆ្នោតមិនស្ថិតនៅលើការចូលរួមឬមិនចូលរួមដាក់អ្នកសង្កេតការណ៍របស់សហភាព​អឺរ៉ុបនោះទេ។

លោកថា៖ «ភាពត្រឹមត្រូវនិងការវាយតម្លៃនៃការបោះឆ្នោតមិនមែនស្ថិតនៅលើ​សហគមន៍​អឺរ៉ុប​លោកវាយតម្លៃនោះទេ គឺស្ថិតនៅលើការចូលរួមរបស់គណបក្សនយោបាយ ដែល​លទ្ធផល​ចុងក្រោយលោកទទួលយកបានឬមិនទទួលយកបាន។ ហើយមួយទៀត មន្ត្រី​៦នាក់ ​លោកនៅការិយាល័យបោះឆ្នោតហ្នឹង លោកជាអ្នកអនុវត្តផ្ទាល់នៅក្នុងថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត។ អ៊ីចឹងសួរថា តើគាត់បានធ្វើការងារត្រឹមត្រូវហើយឬនៅ? ប្រសិនបើគាត់ធ្វើស្របច្បាប់តាមកម្មវិធីហើយ នោះហើយគឺជាភាពត្រឹមត្រូវ​នៃការបោះឆ្នោ​ត»

បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ មានអង្គការនិងស្ថាប័នជាតិចំនួន២៤អង្គភាព ស្មើនឹងសមាជិកជិត៥០ ០០០នាក់ បានចុះឈ្មោះចូលរួមសង្កេតការណ៍​បោះ​ឆ្នោត​ឃុំសង្កាត់ឆ្នាំ២០២២នេះ ខណៈ១៥អង្គភាពទៀតកំពុងពិនិត្យសម្រេច ក្នុងនោះក៏មាន​អង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិក (Nicfec) និងខុមហ្វ្រែល (Comfrel) ផងដែរ។ កាលពីការបោះឆ្នោតឆ្នាំ២០១៨ និកហ្វិក និងខុមហ្រ្វែល និងអង្គការសង្គមស៊ីវិលជាតិនិង​អន្តរជាតិជាច្រើនទៀត មិនដាក់អ្នកសង្កេតការណ៍នោះទេ។

មន្ត្រីសម្របសម្រួលផ្នែកព័ត៌មាននៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា បានថ្លែងថា បើទោះបីជាខុមហ្វ្រែលដាក់អ្នក​សង្កេតការណ៍​បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះក្តី តែខុមហ្រ្វែលនឹងមិនវាយតម្លៃលើលទ្ធផល​នៃការ​បោះ​ឆ្នោតនេះទេ។ បើតាមលោក ស៊ិន ទិត្យសីហា ខុមហ្វ្រែលបានដាក់ពង្រាយអ្នក​សង្កេតការណ៍ប្រមាណជា២ ០០០នាក់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ។

លោកថា៖ «អ៊ីចឹងខ្ញុំកំពុងនិយាយហ្នឹង ថាក្នុងចំណោមលក្ខខណ្ឌហ្នឹង យើងឃើញទាក់ទង​សិទ្ធិនយោបាយ​ និងការចូលរួមរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយហ្នឹងមាន​ការរីកចម្រើនខ្លះ បើអ៊ីចឹងយើងសម្រេចចិត្តចូលរួមដាក់អ្នកសង្កេតការណ៍ ក៏ប៉ុន្តែយើងអត់ធ្វើ​ការ​វាយតម្លៃដោយសារលក្ខខណ្ឌផ្សេងទៀត ដូចជា បរិយាកាសនយោបាយ ដូចជា​ សមាសភាព គ.ជ.ប អព្យាក្រឹតភាពរបស់កងកម្លាំងមន្ត្រីរាជការនៅ​មិនទាន់មានការកែលម្អ។ ដូច្នេះហើយវាអត់ទាន់អាចថាការបោះឆ្នោតហ្នឹងនឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានទេ»

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ក៏បានលើកឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុករបស់ស្ថានទូតនៅថ្ងៃនេះដែរថា នៅក្នុងក្របខណ្ឌនៃក្រុមអឺរ៉ុប បានរម្លឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដោយក្នុងនោះ ប្រជាពលរដ្ឋអាចជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ