បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ធ្លាក់​ពីលើ​ខុនដូ​មួយ​កន្លែង​ក្នុង​ខេត្តព្រះសីហនុ

បុរសពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមួយក្នុងខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ (វណ្ណ វិចារ)

អាជ្ញាធរក្នុងខេត្តព្រះសីហនុបានឱ្យដឹងថា បុរសជាជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីធ្លាក់ពីលើអគារខុនដូមួយកន្លែងក្នុងក្រុងព្រះសីហនុ។

យោងតាមនាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់លេខ២ លោក សេង ហ៊ត ថ្លែងថា បុរស​ជនជាតិ​វៀតណាម​ អាយុ​៣៥​ឆ្នាំ ខាងលើនេះ ​បាន​ស្លាប់​ភ្លាមៗបន្ទាប់ពីធ្លាក់ពីលើខុនដូ ខណៈការ​ស៊ើប​អង្កេត​លម្អិតទាក់ទិននឹងករណីនេះកំពុងតែ​បន្តធ្វើឡើង។

លោក​បន្ថែម​ថា​៖ «​អ្នកដែលស្លាប់ក្នុងករណីនេះ គឺជា​ជនជាតិ​វៀតណាម ​មិន​មែន​ជា​ជនជាតិ​ចិន​ឡើយ។ ទោះជាយ៉ាងណា យើងនៅមិន​ទាន់​អាចកំណត់បាន​អត្តសញ្ញាណ​ជនរងគ្រោះច្បាស់លាស់​នៅឡើយ​ទេ​»​។

ប្រភពដដែលបន្តថា ហេតុការណ៍ធ្លាក់ពីលើអគារខុនដូដែលបង្កឱ្យជនរងគ្រោះស្លាប់នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក​ថ្ងៃ​ចន្ទ ប៉ុន្តែ​អាជ្ញាធរ​នៅមិន​ទាន់អាច​បញ្ជាក់​បានពីមុខរបរដែលបុរស​នោះ​ធ្វើមុនស្លាប់​នៅ​ខេត្ត​ព្រះសីហនុឡើយ។

ទាក់ទិននឹងករណីនេះ វីអូឌី បានទាក់ទងអធិការ​រង​ក្រុងព្រះសីហនុ​ លោក ឱ វីរៈ ប៉ុន្តែលោកបានប្រាប់ឱ្យសួរទៅកាន់នគរបាល​ឃុំជំនួសវិញ។

វីអូឌី ក៏បានទាក់ទងស្ត្រី​ម្នាក់​ធ្វើការនៅអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ថែមអំពីករណីនេះ ប៉ុន្តែស្រ្តីរូបនោះបានឱ្យដឹងថាខ្លួនមិន​មាន​តួនាទី​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាននោះទេ ហើយ​​បាន​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​ដាក់សំណួរតាមរយៈ​អ៊ីមែលជំនួសវិញ។ ទោះជាយ៉ាងណា សំណួរ​ដែល​បាន​ផ្ញើ​តាមរយៈ​អ៊ីមែល​នៅមិន​ទាន់​មានការឆ្លើយតបឡើយ គិតរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ថា បុរសជាជនជាតិវៀតណាមមួយរូបផ្សេងទៀត កាលពីពេលថ្មីៗនេះ ក៏បានស្លាប់ផងដែរ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូក្នុងក្រុងបាវិតមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។

សម្រាប់ហេតុការណ៍ធ្លាក់ពីលើអាគារក្នុងក្រុងព្រះសីហនុវិញ គេសង្កេតឃើញថា ករណីនេះមានការកើតឡើងជាញឹកញាប់ ​ដែលកាលពីចុងខែមីនាកន្លងទៅ ក៏កើតមាន២ករណីផងដែរ។

ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាទីតាំងដែលសម្បូរទៅដោយសកម្មភាពខុសច្បាប់កើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន ការបង្ខំឱ្យធ្វើការងារ ការឃុំខ្លួនក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ហើយក្នុងករណីមួយចំនួន ជនរងគ្រោះក៏បានលើកឡើងពីគោលបំណងលោតពីលើអគារដើម្បីគេចខ្លួនផងដែរ៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Man Dies Falling From Condo in Sihanoukville

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ