សមត្ថកិច្ច​បង្ក្រាប​ទីតាំង​លួចកែច្នៃ​គ្រឿងញៀន​ដោយ​រឹបអូស​សារធាតុញៀន​ជាង​១៤០០គីឡូ​និង​សារធាតុគីមី​ជាង​១១តោន

សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងលួចលាក់កែច្នៃគ្រឿងញៀនមួយកន្លែង។ (ហ្វេសប៊ុក៖ Anti-Drug Department)

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់និង​​កែច្នៃផលិតគ្រឿងញៀនចំនួន៣ទីតាំង​ នៅ​រាជធានីភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ក្នុង​នោះបាន​​ចាប់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់៤​នាក់ និង​រឹបអូស​សារធាតុញៀនជាង១ ៤០០​គីឡូក្រាម និង​សារធាតុគីមី​ជាង១១​តោន។

យោងតាមទំព័រហ្វេស​ប៊ុករបស់​មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២​នេះ បាន​ឱ្យដឹង​ថា បន្ទាប់ពីការស្រាវជ្រាវ​រយៈពេល​២ខែ​រួចមក នៅថ្ងៃទី១៩ ខែឧសភាថ្មីៗនេះ​ ​​ជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន និង​​ស្នង​​ការ​ដ្ឋាន​​នគរ​បាល​​រាជធានីភ្នំពេញនិង​ខេត្ត​កំពង់​ស្ពឺ ដោយ​​​មាន​ការ​​​សម្រប​​សម្រួល​​ពី​ព្រះរា​​ជ​អាជ្ញាររង​អមសាលាដំបូងរាជធានីភ្នំពេញនិង​ខេត្ត​កំពង់​ស្ពឺ​ផង​​នោះ បាន​​បង្ក្រាប​ទីតាំង​មន្ទីរ​​ពិសោធន៍​​លួច​​លាក់​កែច្នៃគ្រឿងញៀនចំនួន៣​ទីតាំង ក្នុងនោះ​មាន​២ទីតាំង ស្ថិត​នៅ​ចម្ការ​ស្វាយ ក្នុង​ឃុំ​​សង្កែ​សាទប ស្រុកឱរ៉ាល់ និង​ឃុំ​យាយ​ម៉ៅពេជ្រ​និល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមួយទីតាំងទៀតស្ថិតក្នុង​សង្កាត់បឹងកេងកង​១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការ​បង្ក្រាប​នោះដែរ សមត្ថកិច្ច​ជំនាញបាន​ឃាត់ខ្លួនបុរស​​ជា​​ជន​​សង្ស័យ​​​ចំនួន៤នាក់ ជាជនជាតិតៃវ៉ាន់ ក្នុងនោះមានឈ្មោះ TIEN CHAN FU អាយុ២៨ឆ្នាំ ជា​​មេការ, ឈ្មោះ KHOU PO WEN អាយុ២៨ឆ្នាំ, ឈ្មោះ TENG KUO CHING អាយុ៣៩ឆ្នាំ និង​​ឈ្មោះ LIN YI CHHENG អាយុ៣១ឆ្នាំ ដោយអ្នកទាំង៣ជាអ្នកបច្ចេកទេស។

ចំណែក​វត្ថុតាង មន្ទីរ​ប្រឆាំងគ្រឿងញៀនរឹបអូសបាន​នូវម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ និងសារធាតុគ្រឿងញៀន​ប្រភេទកេតាមីន​ទម្ងន់ជាង៤០គីឡូក្រាម ល្បាយសារធាតុញៀនកេតាមីនទម្ងន់១ ៤២៥គីឡូក្រាម ថ្នាំគ្រាប់នីមេតាហ្សេប៉ាមទម្ងន់០,៩ក្រាម និង​សារធាតុគីមីផ្សំជាង១១តោន។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវ​បាន​មន្ទីរប្រឆាំងគ្រឿងញៀនកសាង​សំណុំ​រឿងបញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ