បញ្ហាចំណាកស្រុករបស់ពលរដ្ឋខ្មែរដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេសនៅតែជាបញ្ហាប្រឈមធំមួយ ស្របពេលពលករមួយចំនួនត្រូវជួបប្រទះបញ្ហាជាច្រើន ដូចជា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភបំពាន អំពើហិង្សា ការជួញដូរ ជាដើម។
ជាក់ស្ដែង អតីតពលការិនីដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីម្នាក់ បច្ចុប្បន្ន រស់នៅក្នុងភូមិមួយនៃខេត្តក្រចេះ បានរៀបរាប់ពីរឿងជូរចត់ដែលកើតឡើងជាង១០ឆ្នាំ ក្នុងពេលគាត់ជាប់ក្នុងទឹកដីម៉ាឡេស៊ី និងភាពរីករាយប្រៀបដូចបានកើតម្ដងទៀត នៅពេលស្ត្រីរូបនេះបានជួយសង្គ្រោះត្រលប់មកកម្ពុជាវិញ។
មានស្រុកកំណើតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី និងក្រោយមកប្ដូរទៅរស់នៅឃុំសំបុក ស្រុកដដែល «ស្រីមុំ» ជាអតីតពលការិនីដែលបានចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី រយៈពេល១៣ឆ្នាំ ទើបតែអាចត្រលប់ចូលស្រុកកំណើតវិញនាខែមីនា ឆ្នាំ២០២២នេះ។
ស្រីមុំ មានបងប្អូនសរុបចំនួន៨នាក់ ប្រុស៤នាក់ និងស្រី៤នាក់។ ក្នុងនាមជាកូនស្រីច្បង គាត់បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅធ្វើការងារនៅបរទេសតាំងពីអាយុ២៣ឆ្នាំ នៅពេលដែលគាត់ទើបលែងលះគ្នាជាមួយប្ដី ដោយបន្សល់ទុកកូនអាយុ១ខួបម្នាក់ឱ្យនៅជាមួយម្ដាយដើម្បីបីបាច់ថែរក្សាជំនួស។
អតីតពលការិនីរូបនេះឱ្យដឹងថា ដោយសារការចំណាកស្រុកទៅប្រទេសម៉ាឡេស៊ីរយៈពេល១៣ឆ្នាំ ដោយបាត់ដំណឹងសូន្យឈឹង ក្រុមគ្រួសារគាត់នៅស្រុកកំណើតក៏អស់សង្ឃឹមថានឹងបានជួបកូនទៀតហើយ ដោយគិតថា អ្នកស្រីស្លាប់ ហើយពេលបុណ្យទានឬសែនព្រេនម្ដងៗ គ្រួសារតែងឧទ្ទិសកុសលដល់អ្នកស្រីថែមទៀតផង។
ចាប់ផ្ដើមចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននាំពលករមួយដោយស្របច្បាប់ កាលពីឆ្នាំ២០០៩ ជាអ្នកធ្វើការងារតាមផ្ទះ ដោយបានប្រាក់ខែ៥០០រីងហ្គីត ឬស្មើប្រមាណ៥០ម៉ឺនរៀលក្នុងមួយខែ។

អ្នកស្រីថា ដំបូងឡើយ គាត់បានសម្រេចចិត្តថាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ដើម្បីឱ្យបានសល់លុយកាក់ខ្លះ ប៉ុន្ដែដល់រយៈពេលកំណត់២ឆ្នាំរួចមកហើយ ថៅកែជាជនជាតិម៉ាឡេស៊ីនៅតែមិនឱ្យមកត្រលប់មកផ្ទះវិញជាដាច់ខាត។ ជាមួយគ្នានេះ លិខិតឆ្លងដែនក៏ត្រូវបានថៅកែដកហូតទុកដែរ ជាហេតុធ្វើឱ្យអ្នកស្រីទ្រាំរស់ទីនោះអស់រយៈពេល១៣ឆ្នាំ ព្រមទាំងមិនទទួលបានប្រាក់ខែឡើយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ប្រាក់ខែបាន៥០ម៉ឺនលុយខ្មែរយើងហ្នឹង ប៉ុន្ដែគេមិនដែលបើកឱ្យទេ មិនដែលបានកាន់លុយទេ»។
អ្នកស្រីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនស្របច្បាប់មួយកន្លែង ដោយមានលេខទូរសព្ទក្រុមហ៊ុនត្រឹមត្រូវ ប៉ុន្ដែពេលក្រុមហ៊ុនបិទ ក៏ចាប់ផ្ដើមមិនអាចទាក់ទងបាន។
អ្នកស្រីបញ្ជាក់ថា៖ «គេប្រាប់ថាជាក្រុមហ៊ុនស្របច្បាប់ ពេលដល់ទៅធ្វើការ២ឆ្នាំហ្នឹងហើយ យើងអាចមកផ្ទះវិញហើយ។ ប៉ុន្ដែដល់ពេលដាច់អាណត្តិ២ឆ្នាំ សុំថៅកែខ្ញុំមកផ្ទះ គាត់មិនឱ្យខ្ញុំមកផ្ទះ មិនដឹងមកតាមវិធីណា ហើយពេលនោះខ្ញុំគ្មានទូរសព្ទគ្មានអីទេ»។
ពេលនៅម៉ាឡេស៊ីដំបូងៗ អតីតពលការិនីរូបនេះនិយាយថា ថៅកែមិនអនុញ្ញាតឱ្យអ្នកស្រីមកស្រុកខ្មែរម្ដងណាទេ ហើយគាត់ក៏គ្មានលេខទូរសព្ទទុកសម្រាប់ទាក់ទងមកស្រុកកំណើតដែរ រហូតដល់ពេលរស់នៅបានជាង១០ឆ្នាំ ទើបថៅកែទិញទូរសព្ទឱ្យប្រើ។
អ្នកស្រីបន្ដថា៖ «គាត់ឱ្យយើងប្រើទូរសព្ទ ប៉ុន្ដែគាត់អត់ទិញលេខទូរសព្ទឱ្យយើងទេ គាត់ភ្ជាប់ WiFi ! បើគាត់មិនទិញលេខទូរសព្ទ អ៊ីចឹងយើងក៏មិនអាចទាក់ទងទៅពីណាបានទេ»។
រហូតមកដល់ឆ្នាំ២០២១ អ្នកស្រីមានទូរសព្ទវៃឆ្លាត ឬ smartphone ហើយបានលួចលេង TikTok ក៏ប្រទះឃើញគណនី TikTok ជនជាតិខ្មែរម្នាក់ដែលរស់នៅប្រទេសម៉ាឡេស៊ី និងធ្វើការតាមផ្ទះដូចគ្នា ហើយអ្នកស្រីក៏ទាក់ទងទៅភ្លាមតែម្ដង។
អ្នកស្រីមានប្រសាសន៍ថា៖ «ឃើញគាត់ជនជាតិខ្មែរនៅម៉ាឡេស៊ីលេង TIKTOK ពេលនោះខ្ញុំក៏ឆាតទៅ គាត់សួរខ្ញុំថាខ្ញុំអ្នកនៅឯណា ហើយខ្ញុំក៏ប្រាប់ថាអ្នកក្រចេះ។ គាត់ថាប្ដីគាត់នៅក្រចេះដែរ អ៊ីចឹងក៏ឱ្យប្អូនថ្លៃគាត់ប្រាប់មីងខ្ញុំ។ មីងខ្ញុំមកដល់ផ្ទះរបស់ម៉ែ ក៏យើងចាប់ផ្ដើមបានដំណឹងគ្នាវិញ»។
ប្រភពដដែលបន្តថា តាមពិតអ្នកស្រីចង់ចាកចេញពីម៉ាឡេស៊ីយូរមកហើយ ប៉ុន្ដែគាត់មិនស្គាល់នរណាសោះ ហើយគាត់ក៏មិនស្គាល់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីដែរ។ ដូច្នេះ គាត់ក៏ទ្រាំរស់នៅទាំងមិនបានប្រាក់ខែ រួមទាំងមានការរំលោភបំពានពីសំណាក់ថៅកែនៅអំឡុងពេល៥ឆ្នាំចុងក្រោយថែមទៀតផង។
អ្នកស្រីមានប្រសាសន៍ថា៖ «បើថៅកែស្រីអត់នៅ ទើបគាត់ធ្វើលើ[បំពាន]ខ្ញុំអ៊ីចឹង ប៉ុន្ដែខ្ញុំអត់ខ្លាចទេ។ ខ្ញុំខាំថៅកែខ្ញុំ ខាំឡើងជាំដៃ កាច់ដៃគាត់ចង់បាក់ហើយម្ដងៗ។ ទោះបីប្រពន្ធគាត់ដឹងថាថៅកែប្រុសធ្វើអ៊ីចឹងដាក់ខ្ញុំ ប៉ុន្ដែគាត់នៅស្ងៀម។ ខ្ញុំចង់រត់ចេញទៅកន្លែងផ្សេង ប៉ុន្ដែខ្ញុំស្ដាយលុយ ខ្ញុំខំធ្វើការស្ដាយកម្លាំង ហើយបើចេញទៅនៅជាមួយគេ [ផ្សេង] គេអាក្រក់ជាងហ្នឹងក៏មិនដឹង អ៊ីចឹងចេះតែទ្រាំៗនៅទៅ»។
យ៉ាងណា អតីតពលការិនីដែលមានវ័យជាង៣០ឆ្នាំរូបនេះ ថាខាងម៉ាឡេស៊ីមិនអាចបន្ដទិដ្ឋាការឬវីសាបាន ធ្វើឱ្យគាត់មានឱកាសប្រាប់ទៅស្ថានទូតខ្មែរឱ្យជួយអន្តរាគមន៍ ដោយឱ្យអង្គការម៉ាឡេស៊ីទៅទទួលគាត់នៅទីតាំងគាត់ស្នាក់នៅ។ ស្ត្រីរូបនេះហៅការត្រលប់មកស្រុកកំណើតជុំគ្រួសារវិញនេះ ជារឿងមិននឹកស្មានដល់សោះឡើយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំទាក់ទងទៅស្ថានទូតខ្មែរ ហើយគាត់ហ្នឹងទាក់ទងមកអង្គការម៉ាឡេស៊ី ឱ្យអង្គការម៉ាឡេស៊ីមកយកនៅផ្ទះថៅកែខ្ញុំ។ [ខ្ញុំ]ទៅដល់ គឺមានខ្មែរច្រើនណាស់កន្លែងអង្គការហ្នឹង ខ្លះថៅកែវាយ ខ្លះថៅកែធ្វើបាបដល់ហើយ»។
មេភូមិកាតុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ លោក សម មារី បានមានប្រសាសន៍ថា ចំពោះរឿងចំណាកស្រុកទៅបរទេសភាគច្រើនសុទ្ធតែក្មេង ហើយបញ្ហានេះកើតឡើងដោយសារជីវភាពខ្វះខាត គ្មានការងារ គ្មានចំណូល ជាដើម។
លោកថ្លែងថា៖ «ភាគច្រើនសុទ្ធតែក្មេងៗទៅបរទេស ទៅធ្វើជាពលករ! បើនិយាយទៅ គេទៅដោយសារគ្មានចំណូល គ្មានការងារអីនៅនេះជាក់លាក់ ទៅដោយមានការខ្វះខាតជីវភាព»។
មេភូមិរូបនេះមានប្រសាសន៍ថា ចៀសវាងមានបញ្ហាពេលចំណាកស្រុកទៅបរទេស ពលរដ្ឋទាំងអស់ត្រូវប្រាប់អាជ្ញាធរមូលដ្ឋានជាមុន ដើម្បីឱ្យពួកគាត់ងាយអន្ដរាគមន៍ពេលមានបញ្ហា និងចៀសវាងការចំណាកស្រុកដោយខុសច្បាប់។
លោកបន្ដថា៖ «តាមយោបល់ខ្ញុំ ឱ្យគេទៅស្របច្បាប់ ព្រោះយើងត្រូវទៅសួរនាំម៉ែឪប្រពន្ធគេ ថាគេទៅស្របច្បាប់ឬអត់! ប្រសិនបើទៅមិនស្របច្បាប់ ក្រែងលោមានបញ្ហា យើងអត់ដឹងដែរ។ ព្រោះពេលទៅ គេអត់មានប្រាប់យើង។ បើឱ្យយើងដឹង យើងនឹងប្រាប់ប្រពន្ធកូន ឱ្យទៅផ្លូវការទៅ បានយើងដឹង»។
អនុប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅថា អាដហុក លោកស្រី មាស សាអ៊ីម បានបញ្ជាក់ថា មានបណ្ដឹង២ប្រភេទដែលកន្លងមកអាដហុកតែងទទួលបាន គឺទាក់ទងការជួញដូរផ្លូវភេទ និងជួញដូរកម្លាំងពលកម្ម។
លោកស្រី មាស សាអ៊ីម មានប្រសាសន៍ថា៖ «ករណីជួញដូរផ្លូវភេទភាគច្រើនក្នុងរូបភាពរៀបការ។ ពីមុន គេប្រាប់ថា គេជូនទៅរកការងារល្អធ្វើ បានប្រាក់ខែខ្ពស់ តែឥលូវនេះយើងឃើញថាមានទំនោរថ្មី ដែលមេខ្យល់គាត់ឆ្លាត គាត់ព្យាយាមលួងលោមជនរងគ្រោះថាទៅរៀបការ»។
លោកស្រីលើកឡើងថា ជាទូទៅជនរងគ្រោះសម្រេចចិត្តធ្វើចំណាកស្រុកដោយសារតែកត្តាជីវភាពរបស់គាត់ជួបលំបាក ហើយអ្នកខ្លះជឿតាមពាក្យលួងលោមរបស់មេខ្យល់ ដោយគាត់មិនទទួលបានព័ត៌មានពេញលេញ។ ដូច្នេះ នៅពេលទៅដល់ក្រៅប្រទេសគាត់ត្រូវបានគេបង្ខំឱ្យរៀបការ ឬត្រូវបានគេជួញដូរយកទៅលក់នៅផ្ទះជាដើម។
លោកស្រី មាស សាអ៊ីម មានប្រសាសន៍ថា៖ «សំខាន់ គឺមុននឹងគាត់ចាកចេញទៅ គាត់គួរតែធ្វើការសិក្សាប្រមូលព័ត៌មានឱ្យបានពេញលេញ ហើយគាត់អាចថ្លឹងថ្លែងមើលដែរ ទាក់ទងនឹងការទៅរកការងារ។ ជាពិសេសនៅចិន មិនមានការងារអីសម្រាប់ប្រជាពលរដ្ឋដែលទៅពីក្រៅប្រទេសទៅធ្វើការទេ គឺភាគច្រើនទៅក្នុងរូបភាពរៀបការ។ ហើយមួយវិញទៀត គាត់ត្រូវតែធ្វើម៉េចព្យាយាមទៅតាមលក្ខណៈស្របច្បាប់»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ឃើញថា នៅពេលដែលគាត់មានឯកសារត្រឹមត្រូវ វាល្អជាជាងទៅដោយប្រថុយប្រថាន មិនមានព័ត៌មាន ដែលហៅថាទៅមិនស្របច្បាប់ ធ្វើឱ្យពួកគាត់ប្រឈមក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីម្ចាស់ផ្ទះ ឬម្ចាស់ក្រុមហ៊ុនដែលគាត់ត្រូវធ្វើការ។
លោកស្រីបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល គួរតែពិនិត្យឱ្យបានល្អិតល្អន់ចំពោះក្រុមហ៊ុនដែលជ្រើសរើសពលករជាដើម ធ្វើយ៉ាងណាកុំឱ្យគាត់មានការកេងប្រវ័ញ្ចកម្លាំងពលកម្មឬជួញដូរ។
មន្រ្តីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១ ដល់ត្រឹមខែមេសា ឆ្នាំ២០២២នេះ អាដហុកខេត្តនេះ ទទួលបានបណ្ដឹងឱ្យជួយអន្តរាគមន៍ជុំវិញករណីចំណាកស្រុកដោយខុសច្បាប់មានចំនួន៩ករណី។ លោកថា ក្នុងចំណោម៩ករណី មាន២ករណីទៅប្រទេសម៉ាឡេស៊ី និង៧ករណីទៀតទៅប្រទេសចិន៕