ពលករ​បរទេស​ជាច្រើ​ននាក់​ត្រូវបាន​ដឹក​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​ក្រុងបាវិត​បន្ទាប់​ពី​ការ​បង្ក្រាប

បន្ដុំសំណង់អាគារកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២២។ (Michael Dickison/VOD)

ក្រុមអ្នករត់ម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុប​ ឱ្យ​ដឹងថា ក្នុងអំឡុងពីរសប្ដាហ៍មកនេះ មាន​​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​​បាន​ដឹក​ពលករ​បរទេស​ទៅកា​ន់​កាស៊ីណូ ក្នុ​ង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង។

ពួកគេបានប្រាប់អ្នករាយការណ៍ព័ត៌មាន​វីអូឌី កាល​ពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២២​ ថាក្នុងចំណោម​អ្នកទាំ​ង​អស់​នោះ​ មាន​អ្នកខ្លះ​ត្រូវ​បាន​​ដឹក​ឆ្លង​កាត់​​ព្រំដែន​ភាគ​ខាង​កើត និង​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញ។ ទោះយ៉ាងណា មនុស្សជាច្រើនត្រូវបានឱ្យស្នាក់នៅនិងធ្វើការក្នុងកាស៊ីណូនៅក្រុងបាវិត ដែលបរិវេណស្ទើរតែទាំងអស់ព័ទ្ធដោយលួសបន្លា បង្អួចជាច្រើនបាំងដោយ​រនាំងដែក ឬរបងលួស ហើយនៅតាមបន្ទប់ពោរពេញទៅដោយសម្លៀកបំពាក់ដាក់ហាល មានភ្លើងនៅតាមបន្ទប់ មាន​ការជជែកគ្នាជាភាសាបរទេស និងមានមនុស្សកំពុងមើលតាមយ៉ដ៏តូចចង្អៀត។

អ្នករត់ម៉ូតូកង់បី បាននិយាយថា ពួកគេស្គាល់អ្នកបើករថយន្តក្រុងទាំងនោះច្បាស់។ អ្នកបើករថយន្តក្រុង បានប្រាប់​ពួកគេថា ពលករបរទេសទាំងនោះ ត្រូវបានដឹកមកពីខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ ដែល​ស្ថិតនៅជាប់មាត់សមុទ្រ ភាគខាងត្បូងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឆ្មក់របស់នគរបាល ចំពោះការជួញដូរមនុស្ស ដែលត្រូវបានរកឃើញថា មានការបង្ខាំង ការ​ធ្វើទារុណកម្ម និងមានពលករបរទេសរាប់ពាន់នាក់ដែលមិនមានឯកសារត្រឹមត្រូវ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ពលករបរទេសជាច្រើននាក់បានចាញ់បោកគេមកធ្វើការនៅកម្ពុជា ដែលការងារនោះជាការឆបោកតាមអ៊ីនធឺណិត និងត្រូវបានបង្ខំឱ្យបង់ប្រាក់រាប់ពាន់ដុល្លារ​ជាថ្នូរនឹងការដោះលែង។

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នគរបាលកម្ពុជាបានចាប់ផ្ដើមស៊ើបអង្កេតលើទីតាំងមួយចំនួនដែលមានពលករបរទេសកំពុងធ្វើការនៅទីនោះ ក្នុងអាជីវកម្មខុសច្បាប់ដែលបង្កប់ក្នុងវិស័យកាស៊ីណូ ហើយទីតាំងជាច្រើនក្នុងក្រុងព្រះសីហនុមិនមានមនុស្សនៅឡើយ។

ទោះយ៉ាងណា ទីតាំង​ធំៗ​មួយ​ចំនួនក្នុងក្រុងបាវិត ហាក់​កាន់តែមានមនុស្សច្រើនឡើង។

អ្នកមកថ្មី

អ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា ប្រហែល២០ថ្ងៃមុន រថយន្តក្រុងប្រហែល៤គ្រឿងបានដឹក​មនុស្ស​មក​ «កាស៊ីណូក្រោន​» នៅ​ពេល​យប់ ហើយ​នៅខាងក្រោយកាស៊ីណូក្រោន មានកន្លែងស្នាក់នៅសម្រាប់ពលករ។

អ្នករត់ម៉ូតូកង់បីរូបនោះបន្តថា ជួន​កាល​គាត់ឮមនុស្សប៉ុនប៉ងរត់គេចខ្លួន និងមនុស្សលោតពីលើ​អគារ។ ដោយសុំមិនបញ្ចេញឈ្មោះ គាត់បាននិយាយថា គាត់មិនអាចចូលទៅក្នុងទីតាំងទាំងនោះបានទេ ដោយ​សារជាធម្មតា គាត់ចាំភ្ញៀវនៅខាងក្រៅកាស៊ីណូ ហើយអាចប្រឈមមុខនឹងផលវិបាក ប្រសិនបើនិយាយអំពីអ្វីដែលគាត់​បានឃើញ។

អ្នក​រត់​ម៉ូតូឌុប​ម្នាក់ទៀត​​ដែល​សុំ​មិន​​បញ្ចេញ​ឈ្មោះដែរនោះ​ បាន​បញ្ជាក់ថា រថយន្ត​ក្រុង​ទាំង​៤ បាន​មក​ដល់​កាស៊ីណូក្រោន។

ក្រុមអ្នករត់ម៉ូតូកង់បីប្រហែល៥នាក់ បាននិយាយថា នៅទីតាំងមួយទៀតមាន​អ្នក​មក​ថ្មីប្រហែល​២​សប្ដាហ៍​មុន ដែល​មាន​រថយន្តក្រុងចំនួន១០គ្រឿង មកដ​ល់​ក្រុង​បាវិ​ត ​ប្រហែលម៉ោង​​​១០យប់។

អ្នករត់ម៉ូតូកង់បីម្នាក់ក្នុងចំណោមអ្នកទាំងនោះ ដែលសុំមិនបញ្ចេញឈ្មោះ បាន​និយាយ​ថា រថយន្ត​ក្រុង​ប្រមាណ៤​ទៅ​៥​គ្រឿងដឹក​មនុស្សមក​រៀង​រាល់​យប់​ ក្នុងរយៈពេលមួយឬពីរសប្ដាហ៍ ដែល​ភាគ​ច្រើន​ឈប់​នៅ​បរិវេណ «​កាស៊ីណូម៉ុកបាយ»។

អ្នករត់ម៉ូតូកង់បីរូបនោះបាននិយាយថា៖ «យើងស្គាល់អ្នកបើករថយន្តក្រុង។ ពួកគេ​ប្រាប់​យើង​ថា​ ពួកគេដឹក​មក​ពី​ខេត្ត​ព្រះសីហនុ»។

រូបភាពពីផ្កាយរណបបង្ហាញថា ការអភិវឌ្ឍជំរុំ​ពលករបាននិងកំពុងបន្តអស់ជាច្រើនឆ្នាំ ក្នុងក្រុង​បាវិត ដោយ​មាន​អគារ​ជាច្រើន​បានលេ​ច​ឡើង​នៅឆ្នាំ២០១៩ ហើយក្រោយមក ទីតាំងទាំងនោះត្រូវបានសាងសង់បន្ថែម។

យោងតាមរូបភាពពីផ្កាយរណប និងការទៅមើលដោយផ្ទាល់ អគារដែលត្រូវបានគេស្គាល់ថាជា «កាស៊ីណូម៉ុកបាយ» លាតសន្ធឹងលើផ្ទៃដីប្រមាណ២០ហិកតា និងមានអគារលំនៅឋានប្រហែល៣០។ ជាមួយគ្នានេះដែរ ក៏មានអគារស្រដៀងគ្នាប្រហែល៣០ នៅខាងក្រោយកាស៊ីណូក្រោន នៅភាគខាងត្បូង ក្នុងតំបន់ដែលគេស្គាល់ថាជា «កាស៊ីណូក្រោន» និង «កាស៊ីណូហេងហេង»

អ្នករាយការណ៍ព័ត៌មាន មិន​អាច​ទាក់​ទង​កាស៊ីណូម៉ុក​បាយ​បាន​ឡើយ តាម​​រយៈ​​លេខ​​ទូរសព្ទ និង​អាសយដ្ឋាន​អ៊ីម៉ែល​មួយ​ចំនួន​ ខណៈ​ប្រធាន​រដ្ឋបាល​របស់កាស៊ីណូក្រោន មិន​ឆ្លើយ​ថា​តើ​អគារ​សម្រាប់​ពលករ​ស្នាក់​នៅ​ជា​​ផ្នែកមួយ​នៃ​កាស៊ីណូ​ក្រោន ​ឬ​យ៉ាងណា និងបានបិទទូរសព្ទនៅ​ពេលត្រូវបាន​សួរ​ថាតើ​អាជ្ញាធរ​បានសាកសួរក្រុមហ៊ុនឬទេអំពីពលករបរទេស។

កាស៊ីណូក្រោន ពាក់ព័ន្ធនឹងឧកញ៉ា កុក អាន ដែលជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេស​កម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងទីតាំងឆបោកមួយទៀតនៅខេត្តព្រះសីហនុ។

ខាងត្បូងកាស៊ីណូក្រោន និងផ្នែកមួយនៃអគារ «កាស៊ីណូហេងហេង» គឺជាកន្លែងកំពុងសាងសង់ ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ​អ៊ីនធឺណិតថា ជាក្រុមហ៊ុនអចលនទ្រព្យ «ហេង ហ៊ីបាវិត» ជាក្រុមហ៊ុនដែលមានទំនាក់ទំនងដោយប្រយោលទៅនឹងទីតាំងឆបោកក្រុងព្រះសីហនុ និងខេត្តពោធិ៍សាត់ ព្រមទាំងក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន តូ និងឧកញ៉ា ទ្រី ភាព

នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន ហេងហ៊ីបាវិត គឺលោក ចេន អាល់ឡែន (Chen Al Len) ដែលជានាយកនៅសណ្ឋាគារ KB ដែលជាទីតាំងប្រតិបត្តិការឆបោក ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក រិទ្ធី សំណាង។ នាយកក្រុមហ៊ុន​ ហេងហ៊ី បាវិត ម្នាក់​ទៀត​ គឺលោក ស៊ូ លាងសេង (Su Liangsheng) ដែល​ក៏​ជា​នាយក​នៅក្រុមហ៊ុន MDS Heng He Investment និង ធនាគារហេងហ៊ី។ លោក ហ៊ុន តូ ជានាយកធនាគារហេងហ៊ី ហើយលោក ទ្រី ភាព ជានាយកនៅក្រុមហ៊ុន MDS Heng He ដែលជាម្ចាស់ក្រុមហ៊ុន MDS Thmor Da SEZ ដែលជាទីតាំងប្រព្រឹត្តអំពើឆបោកមួយទៀត។

អគារ​សម្រាប់បុគ្គលិកកាស៊ីណូម៉ុកបាយ ស្នាក់នៅភាគច្រើន​មាន​កម្ពស់៩ជាន់ ហើយអគារនីមួយៗមានប្រហែល១០០បន្ទប់។

ច្រកចូលដំបូងទៅកាន់បរិវេណ គឺបើកទ្វារ ប៉ុន្តែនៅខាងក្នុងមានរបាំងការពារម៉ូតូ និងរថយន្ត ដែលតម្រូវឱ្យភ្ញៀវបង្ហាញកាតដើម្បីអាចចេញចូលបាន។ នៅក្នុងបរិវេណមានហាង​កាត់សក់ ហាង​កែ​សម្ផស្ស ហាង​លក់​ផ្លែឈើ និង​ភោជនីយដ្ឋាន។

នៅ​​ច្រក​ចូល​កាស៊ីណូម៉ុក​បាយ មានស្ត្រី​ម្នាក់​បកខ្នុរ និងខ្ចប់​ក្នុងថង់ប្លា​ស្ទិ​ក​ យកទៅឱ្យ​កន្លែងដែល​បិទ​ទ្វារ ។

សញ្ញានៃបញ្ហា

កាលពីថ្ងៃទី១៣ ខែកញ្ញា បុរសជនជាតិវៀតណាមម្នាក់បានលោតពីលើជាន់ទី២ នៃទីអគារមួយ​ក្នុងក្រុងបាវិត ស្ថិតនៅចន្លោះកាស៊ីណូម៉ុកបាយ និងកាស៊ីណូ New Venetian ដោយព្យាយាម​រត់​គេច​ខ្លួន។ នគរបាលមិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យគាត់ព្យាយាមរត់គេចខ្លួនឡើ​យ តែបាននិយាយថា មិនមានការបង្ខាំងទេ និងបានឱ្យដឹងថា បុរសនោះបានស្លាប់បន្ទាប់ពីលោត។

៤​ថ្ងៃ​ក្រោយ​មក ជនជាតិ​វៀតណាម​មួយក្រុមជាង៦០​នាក់​បាន​រត់​ចេញ​ពី​កាស៊ីណូម៉ុកបាយ។ ម្នាក់ក្នុងចំណោមពួកគេបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន VnExpress ថាគាត់ត្រូវបានគេបោក៣ខែមុនពេលមកធ្វើការ និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណឡើយ។

កាលពីខែកក្កដា ឆ្នាំ២០២២ ក៏មានករណីឃាតកម្មកើតឡើង​នៅក្នុងកាស៊ីណូម៉ុកបាយ​ផង​​​ដែរ។ ដោយ​ឡែក ​កាស៊ីណូក្រោន មានបុរសជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨​ កាលពីខែឧសភា ឆ្នាំ២០២២។ ជនជាតិវៀតណាម ឥណ្ឌូនេស៊ី និងជនជាតិផ្សេងទៀតដែលជាប់ក្នុងប្រតិបត្តិការឆបោក ត្រូវបានជួយសង្គ្រោះពីកាស៊ីណូម៉ុកបាយ បន្ទាប់ពីអំពាវ​នាវរក​ជំនួយតា​ម​អ៊ីន​ធឺណិត។

ចៅសង្កាត់បាវិត លោក សាញ់ សាខុន បាននិយាយថា ប្រជាជនកម្ពុជាប្រមាណពី ៣ទៅ៤ម៉ឺននាក់ បានធ្វើការក្នុងវិស័យកាស៊ីណូនៅបាវិត ដែលបានកើនឡើងចាប់តាំងពីជំងឺកូវីដ-១៩ បានធូរស្រាល។ ទោះយ៉ាងណា លោក​ថា លោក​មិន​ដឹង​ថា​មាន​ពលករ​បរទេស​ប៉ុន្មាន​នាក់នោះ​​​ទេ។

អធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ មានប្រសាសន៍ថា នគរបាលបានត្រួតពិនិត្យពលករបរទេសតាមផ្ទះសំណាក់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប៉ុន្តែបរិវេណកាស៊ីណូ គឺស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់យើង។

លោក អ៊ូ សុខឿន ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង ​មិន​បញ្ជាក់​ថា​តើ​បរិវេណ​កាស៊ីណូ​ត្រូវ​បាន​ចុះ​ពិនិត្យ​នៅ​ពេល​ថ្មីៗ​នេះ ​ឬ​យ៉ាង​ណានោះ​ទេ។ ទោះយ៉ាងណា ខាងមន្ទីរចុះពិនិត្យមួយឆ្នាំម្ដង និងឆ្លើយតបនឹងពាក្យបណ្ដឹង។ លោកបានបន្ថែមថា កន្លងមក មន្ទីរធ្លាប់បានជូនដំណឹងអំពី​ករណីបង្ខាំងមនុស្ស ប៉ុន្តែមិនចាំទីតាំងទេ។

លោកបន្ត​ថា កាស៊ីណូ​ផ្ដល់​របាយការណ៍​ប្រចាំខែ​ដល់​លោក ហើយ​បច្ចុប្បន្ន​ពលករ​បរទេសនៅក្រុងបាវិត​ចំនួន២ ៨០០នាក់ ​មាន​បណ្ណ​ការងារ។

អភិបាលរងខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានបង្វែរសំណួរអំពីកាស៊ីណូម៉ុកបាយ និងកាស៊ីណូក្រោន ក៏ដូចជាពលករដែលទើបតែមកពីក្រុងព្រះសីហនុ ទៅកាន់ស្នងការនគរបាលខេត្ត ប៉ុន្តែលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបិទទូរសព្ទ មុនពេលត្រូវបានសួរសំណួរ។ ទាំងលោក រស់ ផារិទ្ធ និងលោក ពេជ្រ វីរៈ បាន​និយាយ​ថា ​កំពុង​​ពិនិត្យ​ស្ថានភាព​អន្តោប្រវេសន៍​របស់​ពលករ​បរទេស។​

វីអូឌី មិនអាចទាក់ទងលោក កែវ វ៉ាន់ថន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួង​មហា​ផ្ទៃ​ បាន​ទេ​។

នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​បាន​ឆ្មក់​ចូល​ទីតាំង​ចំនួន១០ និងបាន​រក​ឃើញ​ពលករ​បរទេស​ចំនួន២ ៧៦០នាក់​។ ពលករជាង១ ៦០០នាក់ត្រូវបានរៀបចំសម្រាប់ការនិរទេស។ បច្ចុប្បន្ននេះ ទីក្រុង​ព្រះសីហនុហាក់មានសភាពស្ងប់ស្ងាត់​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឃើញ​រថយន្ត​ក្រុងជាច្រើន​ដឹកមនុស្សចេញពីទីតាំងទាំងនោះ។

ការពង្រីកទីក្រុង

នៅតា​ម​បណ្ដោយផ្លូវធំ ក្នុងក្រុងបាវិត កាលពីសប្ដាហ៍មុន មានកាស៊ីណូមួយចំនួនកំពុងរៀបចំបើក​ថ្មី ហើយមួយចំនួនទៀតបើកឡើងវិញបន្ទាប់ពីជួសជុលរួច។ អគារមួយចំនួនមានក្រណាត់​ក្រហម​គ្រប​លើ​ផ្លាក​សញ្ញាដែល​នឹង​ត្រូវ​បើក​បង្ហាញក្នុងពេលឆាប់ៗនេះ ដែលស្ថិតនៅអមជាមួយនឹងភោជនីយដ្ឋាន និងហាងថ្មីៗ ខណៈមានការដ្ឋានសាងសង់កំពុងតែរីកដុះដាលនៅ​ក្រុងបាវិត។

កម្មករ​សំណង់​ម្នាក់​ឈ្មោះ សួន ឃីម និង ស៊ុត តាក់ មកពីខេត្តសៀមរាប កាលពី៥ឆ្នាំមុន ដើម្បី​ស្វែង​រកកា​រ​ងារ​ធ្វើ។

អ្នកនាង សួន ឃីម អាយុ២៧​ឆ្នាំ បាននិយាយថា ប៉ុន្មានខែកន្លងទៅនេះ គាត់​ឃើញមា​ន​សំណង់​​ជា​ច្រើន និង​មានអ្នកចំណូលថ្មីជាច្រើន។ គាត់​ទើប​តែបានបញ្ចប់ការងារសាងសង់កន្លែងស្នាក់នៅសម្រាប់ពលករមកថ្មីនៅកាស៊ីណូ New Venetian ដែលទើបបើកថ្មី។

គាត់​បាននិយាយថា៖ «កាងារនោះជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់យើង និ​ងជួយដោះបំណុលរបស់យើង»។  

គាត់​បន្ថែមថា អ្នកគ្រប់គ្រងរបស់គាត់ ​គឺជាជនជាតិចិន។

អ្នកនាង សួន ឃីម បន្ថែមថា ក្រុងបាវិតហាក់មានភាពរីកចម្រើន​នាពេលបច្ចុប្បន្ននេះ ប៉ុន្តែពិបាក​នឹង​ដឹង​ថាតើវារីកចម្រើនយូរប៉ុនណា។

គាត់បន្ថែមថា៖ «​ប្រសិន​បើ​ក្រុង​បាវិត​គ្មាន​ការងារ​ធ្វើ ប្រហែល​ជា​យើង​នឹង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ»។

អ្នកនាង លីន អាយុ៣០ឆ្នាំ ដែល​ជាអ្នកលក់នំបញ្ចុកនៅខាងក្រៅការដ្ឋានសាងសង់មួយ ​បាន​និយាយ​ថា គាត់ទើបតែ​​​​ចាប់​ផ្ដើម​លក់​បាន​ពីរ​បី​សប្ដាហ៍​មុន ​បន្ទាប់​ពី​ឈប់​ពី​ការងារនៅ​​កាស៊ីណូ​ដែល​គាត់​​​ធ្វើការ​ជាអ្នកបកប្រែភាសា​វៀតណាម។ អ្នកនាងបន្ត​ថា ការងារកាស៊ីណូបានប្រាក់​ខែ​សមរម្យ គឺប្រហែល ៤៥០ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកគ្រប់គ្រងរបស់គាត់​បានជេរប្រមាថ​គាត់ ដូច្នេះ​ គាត់​ចង់រកស៊ីខ្លួនឯងវិញ។

អ្នកនាង លីន បន្ថែម​ថា ក្រុង​បាវិតបាន​ប្រែ​កាយក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​​វិស័យ​​កាស៊ីណូ​កាន់តែកើនឡើង។

ស្ត្រីរូបនេះបន្ត​ថា «អ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរ» ដោយលើកឡើងពីការកើនឡើងនៃអាជីវកម្មថ្មីៗ រួមទាំងឧក្រិដ្ឋកម្មផងដែរ។ គាត់ថាមានភាពងាយស្រួល​ក្នុងការប្រកបរបរ​ចិញ្ចឹមជីវិត ប៉ុន្តែ​បញ្ហា​អសន្តិសុខ​ក៏ជាក្ដីបារម្ភ​សម្រាប់គាត់​​ដែរ​។

ដោយសុំមិនបញ្ចេញឈ្មោះពេញ ស្ត្រីរូបនេះបន្ថែមថា៖ «ខ្ញុំមានក្ដីបារម្ភច្រើន។ ខ្ញុំលក់រាល់ថ្ងៃហ្នឹងមិនដឹងអាចលក់ដល់ពេលណាទេ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Echoes of Sihanoukville Troubles in Cambodian Border Town

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ