អង្គការ​ចំនួន៦៖ កុមារ​និង​យុវជន​ប្រមាណ ៨០% មាន​សម្ពាធ​ដោយសារ​ឪពុកម្ដាយ​ជំពាក់បំណុល​គេ

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (គួយ ឡង់ឌី)

អង្គការអន្តរជាតិចំនួន៦ដែលធ្វើការផ្នែកសិទ្ធិកុមារ រកឃើញថា កុមារនិងយុវជនកម្ពុជាប្រមាណ ៨០% មានសម្ពាធដោយផ្ទាល់និងប្រយោល ដោយសារតែឪពុកម្ដាយរបស់ខ្លួនជំពាក់បំណុលគេ ឬកំពុងប្រឈមបញ្ហាលុយកាក់សម្រាប់តម្រូវការមូលដ្ឋាន ដូចជា ចំណាយលើការហូបចុក និងថ្លៃសាលា ជាដើម ខណៈរឿងនេះដាក់គំនាបឱ្យពួកគេយល់ថា ខ្លួនគួររកប្រាក់ចំណូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន​។

ការរកឃើញនេះត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធ Joining Forces ដែលជាសម្ព័ន្ធភាពសកលនៃអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារធំជាងគេទាំង៦ រួមមាន អង្គការ ChildFund Alliance, Plan International, Save the Children International, SOS Children’s Villages, Terre des Hommes Netherlands និង World Vision ក្នុង​ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២២នេះ។

សេចក្តីថ្លែងការណ៍នោះបាន​លើកឡើង​​​ថា បើ​ទោះ​បី​ជាមានការគ្រប់គ្រងដោយជោគជ័យលើការរាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ពី​សំណាក់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ទាន់ពេលវេលានូវកម្មវិធីផ្ទេរ​សាច់​ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រ​ក្ដី ក៏​គ្រួសារ​ដែល​ងាយ​រ​ងគ្រោះ នៅតែជួបប្រទះនឹង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ប៉ះពាល់​ទៅ​ដល់​សមត្ថភាពគ្រប់គ្រងតម្រូវ​ការមូលដ្ឋានរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បន្តថា បើទោះបីជាពួកគេបានត្រលប់ទៅរកការរស់នៅធម្មតាវិញក៏ដោយ ប៉ុន្តែ​កុមារ​​ជាង​ ៧០% និងយុវជនដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេមានអារម្មណ៍តានតឹងនិង​ព្រួយបារម្ភ​អំពី​អនាគត។

តាមរយៈការ​​ស្ទង់ម​តិមួយដែល​ធ្វើឡើងក្នុងចំណោមកុមារនិងយុវជនចំនួន៥៣​នាក់ រស់នៅក្នុងខេត្តចំនួន១៣ កាលពី​ខែឧសភា ឆ្នាំ២០២២ អង្គការ​ទាំង៦បានឱ្យដឹងថា កុមារបានលើកឡើងពីមូលហេតុសំខាន់ៗចំនួន៣ ដើម្បី​បកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹងដោយសារការលំបាកផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាម​ទាន់ការសិក្សាបន្ទាប់ពីរយៈពេល២ឆ្នាំដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើងនៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជាការរើសអើងលើយេនឌ័រ។

សេចក្ដីថ្លែងការណ៍នោះ​បន្តថា៖ «ប្រហែល ៨០% នៃកុមារនិងយុវជនដែលផ្តល់សម្ភាសន៍ បានលើកឡើង​ថា ឪពុកម្តាយរបស់ពួកគេជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ និង/ឬកំពុងជួបបញ្ហាជាមួយ​នឹងការចំណាយប្រាក់សម្រាប់តម្រូវការមូលដ្ឋាន ដូចជា អាហារ ការដឹកជញ្ជូន និងថ្លៃសាលា»។

បើតាមអង្គការអន្តរជាតិទាំង៦ បញ្ហាទាំងនេះបណ្តាលឱ្យមានសម្ពាធដោយផ្ទាល់និងដោយប្រយោលលើកុមារនិងយុវជន ដែលធ្វើឱ្យពួកគេដាក់គំនាបលើខ្លួន​ឯង​ថា ពួកគេមានកាតព្វកិច្ចរកប្រាក់ចំណូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ​ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

សេចក្តីថ្លែងការណ៍បន្ថែមថា កុមារនិងយុវជនក៏បានលើកឡើងពីកម្រិតគួរឱ្យព្រួយបារម្ភនៃបញ្ហាសុខភាពផ្លូវចិត្ត ក្នុងនោះ អំពើហិង្សាផ្លូវអារម្មណ៍មួយ​ចំនួន ដូចជា​ ត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិន​ថា​នៅផ្ទះឬក្នុងសាលារៀន ហើយខ្លះទៀតរងនូវអំពើហិង្សាលើរាងកាយ។

យ៉ាងណា កុមារភាគច្រើនព្យាយាមដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯង ព្រោះមិនចង់ចម្លងភាពតានតឹងឬកង្វល់ទៅអ្នកដទៃ។

បើតាមសេចក្តីថ្លែងការណ៍នោះ​ អ្វីដែលកុមារនិងយុវជនចង់បាន គឺការគាំទ្របន្ថែមទៀតពីឪពុកម្តាយ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន និងមនុស្សពេញវ័យផ្សេងទៀត ដើម្បីបង្ហាញពីអារម្មណ៍ និងអាចគ្រប់គ្រងភាពតានតឹងរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។

ពលរដ្ឋរស់​នៅខេត្តសៀមរាប អ្នកស្រី ប៊ុន កិមឡា ទទួលស្គាល់ថា បំណុល​ពិតជាចំណែកធំមួយធ្វើឱ្យ​កុមារ​​មាន​សម្ពាធនិងតានតឹងប្រាកដមែន។ អ្នកស្រីបន្តថា ជាក់ស្តែង គ្រួសាររបស់គាត់ជំពាក់បំណុលគេដោយ​សារតែបញ្ហាជីវភាព។

បែបនេះក្តី ពលរដ្ឋដែលប្រកបរបរធ្វើស្រែ និងមានកូន២នាក់កំពុងរៀននៅថ្នាក់បឋមសិក្សារូបនេះ យល់​ថា កូនៗរបស់គាត់មានសម្ពាធ​ គឺដោយសារតែឮឪពុកម្តាយត្អូញត្អែរពីការខ្វះខាត ជំពាក់លុយគេ ខណៈមិន​មាន​លុយកាក់ឱ្យកូនទៅរៀន ខ្វះថវិកាសម្រាប់ទិញសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់​ផ្សេង​ៗ ជាដើម។

អ្នកស្រីថា៖ «យើងថាមិនចង់ឱ្យកូនដឹងទេ ប៉ុន្តែថៃ្ងណាដល់វាសុញខ្លាំង ក៏វាភ្លាត់ស្នៀតនិយាយទៅ ក៏វាដឹងដែរ ដឹងពីទុក្ខលំបាករបស់យើង។ តែយើងអត់ប្រាក់ឱ្យវារៀន វាខានខ្លះអីខ្លះ សំខាន់គឺរៀនគួរ។ ថ្ងែណាយើងរកឱ្យមិនបាន ក៏មាត់តូចមាត់ធំទៅវា ក៏វាមិនហ៊ានទៅរៀនដែរ»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ហាក់មិនយល់ស្របចំពោះការរកឃើញរបស់អង្គការទាំងនោះទេ ដោយ​ថា ក្នុងរបបទីផ្សារមូលធននិយម-សង្គមសេរី ការជំពាក់បំណុលធនាគារ គឺ​ជា​រឿង​ធម្មតា។ លោក​ថា​​ សូម្បីនៅក្រៅប្រទេស ពលរដ្ឋប្រមាណ ៨០-៩០%ទៅហើយ ដែលជំពាក់លុយធនាគារ។

លោកបានគូសបញ្ជាក់ថា៖ «នេះជារបបទីផ្សារមូលធននិយម! តើយើងនាំគ្នាធ្វើបដិវត្តន៍ទៅជាទីផ្សារកុម្មុយ​នីស្ត ឬសង្គមនិយម ដែលមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរហ្នឹងអាចមានលទ្ធភាពទទួលបានប្រាក់កម្ចីពីធនាគារឬយ៉ាងម៉េច? អ្នកធ្វើរបាយការណ៍ហ្នឹងសុទ្ធតែមកពីប្រទេសខាងលិច! ហើយសួរអ្នកប្រទេសខាងលិច មានប្រើប្រាស់លុយកម្ចីពីធនាគារដែរ​ឬអត់?»

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី លើកឡើងថា លោកមិនច្បាស់ទេ ថាតើបំណុលដែលពលរដ្ឋក្នុងរបាយការណ៍បានជំពាក់ មានជាប់ពាក់ព័ន្ធជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬជាកម្ចីឯកជននោះ។ យ៉ាងណា លោកថា ជាទូទៅ បំណុលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺត្រូវបានប្រើ​ប្រាស់​ក្នុង​ន័យ​លើក​កម្ពស់​ជីវភាពពលរដ្ឋ ដូចជាយកទៅរកស៊ីជាដើម។

បែបនេះក្តី លោកថា ពលរដ្ឋមួយចំនួននៅតែប្រើកម្ចីឯកជនតាមភូមិ ដែលមានការប្រាក់ខ្ពស់ ហើយគ្មានយន្តការការពារអតិថិជន ដូច្នេះ នៅពេលមានបញ្ហា ម្ចាស់លុយតែងតែរកគ្រប់វិធីឱ្យកូនបំណុលសងលុយ ដែលខុសពីគ្រឹះស្ថានផ្លូវការដែលមានអាជ្ញាបណ្ណពីធនាគារជាតិ គឺមានការជជែករកដំណោះស្រាយត្រឹមត្រូវ។

លោកថា៖ «ប្រាក់កម្ចី វាដូចជាកាំបិតមុខ២អ៊ីចឹង! ប្រសិនបើយើងចេះគ្រង់គ្រងហិរញ្ញវត្ថុច្បាស់លាស់ ប្រើឱ្យមានរបៀបរៀបរយហ្នឹង គឺវានឹងជួយឱ្យជីវភាពយើងប្រសើរឡើង។ ផ្ទុយទៅវិញ ប្រសិនបើយើងគ្រប់គ្រងវាមិនបានល្អ វានឹងក្លាយទៅជាសម្ពាធដែលធ្វើឱ្យខ្លួនយើងនិងគ្រួសារប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ»។

នៅក្នុងទិវាកុមារអន្តរជាតិនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញសារ​​លិខិត​​មួយ​​ ដោយ​អះអាងពីការបន្តប្តេជ្ញា​លើកកម្ពស់​ការ​គោរពសិទ្ធិកុមារ និងផ្តល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានការណ៍​ ដោយ​ថា ​រដ្ឋាភិបាល​បានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារ​ងាយ​រងគ្រោះ និងកុមាររងគ្រោះ។

ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រួសារ និងសហគមន៍ ត្រូវចូលរួមលើកកម្ពស់ ធានាសុវត្ថិភាពកុមារ អនុវត្តកិច្ចការពារពួកគេ ប្រព្រឹត្តឥរិយាបថវិជ្ជមានចំពោះកុមារ ដើម្បី​ឱ្យពួកគេទទួលបានឱកាសចូលរួមអភិវឌ្ឍន៍សហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ