សង្គមស៊ីវិល​យល់ថា បើសិន​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) នោះ​ជា​កំហុស​របស់​មេដឹកនាំ

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អ្នក​​ឃ្លាំ​មើល​​​សង្គ​​ម ​លើកឡើងថា ការមិនព្រមស្ដារស្ថានភាពសិទ្ធិមនុស្សនិងល​ទ្ធិ​ប្រជាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់សហភាពអឺ​រ៉ុប​​ទាំ​ងស្រុ​ងនោះ ជាកំហុសឆ្គងធំមួយ​របស់មេដឹកនាំកម្ពុជា ព្រោះ​ការបាត់បង់នោះនឹង​ធ្វើឱ្យ​ប្រ​ទេ​ស​ជាតិ​​​ខា​​ត​​បង់។

ការលើកឡើងនេះ​ ស្របពេលដែលសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអ​នុ​ម័តញ​ត្តិ​មួយ​​ថ្មី​​ទៀត​ឱ្យ​​សមាជិករបស់ខ្លួន​ទាំង២៧ប្រទេស បន្តប្រើវិធានការដាក់ទណ្ឌកម្មលើ​កម្ពុជា ដោយព្រ​មាន​​ដក​​ហូត​ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង​ បើ​ការបោះឆ្នោតជ្រើ​សរើ​សក្រុ​មប្រឹក្សាឃុំ​-ស​ង្កា​​​ត់នៅថ្ងៃ​ទី៥ ខែមិថុនានេះ និង​ការ​បោះឆ្នោតជ្រើសតាំងតំ​ណា​ង​រាស្រ្ត​ ឆ្នាំ​២០​២៣ខា​ង​មុខ ​ខ្វះភាព​សេរី ត្រឹមត្រូវ និ​ង​​យុត្តិធម៌។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងនៅថ្ងៃពុធនេះ​ថា ប្រព័ន្ធអ​នុគ្រោះ​​​ពន្ធ EBA ជា​ចំណងដៃរបស់សហភាពអឺរ៉ុប តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោយ​ក​ម្ពុ​​ជា​បានបង្រួ​បបង្រួមជាតិ អំឡុងទសវត្សរ៍៩០។ លោកថា ចំណងដៃនេះជាការលើកទឹកចិត្តកម្ពុជាដែល​​បាន​ផ្លាស់ប្ដូររបៀបដឹកនាំពីបែបកុ​ម្មុយនីស្ត មកអ​នុ​វត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្សវិញ ដោ​​យ​ភ្ជាប់កាតព្វកិច្ចការគោរពសិទ្ធិមុស្ស។

លោក​បន្ត​ថា ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់អឺរ៉ុប បា​នបង្កើនប្រាក់ចំ​ណូ​លដល់ពលរដ្ឋកម្ពុជារាប់​សែន​នាក់ និងចំណូលថវិកា​ជាតិ ចាប់ពីពេលនោះមក ខណៈ​ចំ​ណ​ង​ដៃនេះបាន​ទាក់​ទាញអ្នក​វិនិយោគ​​លើវិស័យឧស្សាហកម្មកាត់ដេរ។

ក៏ប៉ុន្តែលោក សេក សុជាតិ គូសបញ្ជាក់​ថា បើកម្ពុជាធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទាំង​ស្រុង ដោយ​សារតែមិនគោរពស្មា​​រតីនៃ​កិច្ចព្រ​ម​​ព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួននោះ​​មែន កម្ពុជា​នឹងបាត់បង់ផលប្រ​យោ​ជន៍​ជាតិ​ធំ​ធេង រួមទាំងការមិនឱ្យតម្លៃពីប្រទេសលោកសេរី។

លោកយល់​ថា បើកម្ពុជាដើរដល់ផ្លូវនោះ​មែន នោះ​ជាកំហុសឆ្គង​​របស់មេដឹកនាំកម្ពុជា ព្រោះថា ​ពួក​គេជា​អ្នក​ទទួល​អំណាច​ពី​ម្ចាស់​ឆ្នោត ហើយមានកាតព្វកិច្ចអនុវត្តរដ្ឋធម្មនុញ្ញ។ តែយ៉ាងណា លោកគិតថា ប្រយោជន៍​នេះ​​​នឹង​មិន​បាត់​​ប​​​ង់ទេ បើពលរដ្ឋកម្ពុជា​ចេះប្រើប្រាស់សន្លឹកឆ្នោ​តឆ្លា​ត​វ័យ ដើម្បីរើស​មេដឹក​នាំ​ដែល​គិត​ពី​ប្រយោជន៍​សាធារណៈ​នោះ។

លោក​ សេក សុជាតិ ថ្លែង​ថា៖ «បើកាលណាពលរដ្ឋធ្វើឱ្យខ្លួនក្លាយជាជនរងគ្រោះ អ៊ីចឹងឥទ្ធិពល​និងអំណាច​ទាំង​អស់​ស្ថិត​នៅ​​ក្នុ​ង​កណ្ដាប់ដៃរបស់មេដឹកនាំប្រទេស ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋក្លាយជាមនុស្ស​ដែលមានឥទ្ធិព​ល ​ហើយអាចតម្រង់ទិសអ្នកនយោបាយបាន ជារឿងល្អ ព្រោះវាស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងស​​​ន្តិ​ភាពទីក្រុងប៉ារីស ដែលធ្វើឱ្យរបៀបរបបដឹកនាំប្រទេសស្របទៅតាមនីតិរដ្ឋ»។

តែជាមុំនយោបាយវិញ លោកកត់សម្គាល់ថា ការដែលកម្ពុជា​ដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យនិងកា​​រគោរពសិទ្ធិមនុស្ស ដោយសារតែគណបក្សកាន់អំណាចបច្ចុប្បន្នធ្លាក់ចុះ​​សំឡេង​គាំទ្រ​ ដែល​អាច​និ​យា​​​យ​​បាន​ថា ​ជា​ការ​រង្គោះ​រង្គើ​អំណាច។ ដោយសារបញ្ហា​នេះ លោក​ថា បក្ស​កាន់​​អំណាច​នឹង​បោះ​បង់ប្រព័ន្ធ​អនុគ្រោះ​ព​​ន្ធ​​នេះ​​ចោល ដើម្បីបង្កើនឥទ្ធិពលអំណាច បើពួកគេ​​ដឹងថា ការវិលទៅរកគន្លងប្រជាធិប​តេយ្យ​វិញជាផ្លូវមួយរុ​ញឱ្យពួកគេទាល់ច្រកពិបាកនឹងស្ដារប្រជាប្រិយភាពនោះ។

ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មើលឃើញថា ប្រសិនបើកម្ពុជា​​​បាត់​បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង​មែននោះ កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ ព្រោះកម្ពុជាពេលនេះ​មិនទាន់​មានសមត្ថភាពប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសមួយចំនួន​ក្នុង​​តំបន់​នៅ​ឡើយ បើទោះ​បី​​កម្ពុជា​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនក្ដី។

ស្ថិតក្នុងស្ថានភាពនេះ លោក តុលា គិតថា ជាជម្រើសល្អ បើកម្ពុជា​​រក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិ​ជ្ជ​​កម្មរបស់សហភាពអឺរ៉ុបនេះ ដើម្បី​កសាងសមត្ថភាព ជំរុញការអភិវឌ្ឍប្រទេស និងលើកក​​ម្ព​​ស់​ជី​វភាពពលរដ្ឋ។

ជាទស្សនៈផ្ទាល់ខ្លួនវិញ លោកមើលឃើញថា បើទោះបីប្រទេស​ដែលមានសមត្ថភាពប្រកួតប្រជែងហើយ​ក្ដី ក៏​គេនៅតែត្រូវការប្រព័ន្ធអនុគ្រោះពន្ធនេះជាចាំបាច់ ដើម្បីជាប្រយោជន៍សម្រាប់ជំរុញការអភិ​វឌ្ឍ និង​ជួយ​ដល់ជីវភាពពលរដ្ឋរបស់ប្រទេសពួកគេ។

ដោយឡែក​ លោកថា ប្រសិន​បើកម្ពុជា​បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះមុនកាលកំណត់ដូចសារគំរាមមែននោះ អ្នកដែលទទួលខុសត្រូវលើរឿង​នេះ គឺអ្នកដឹកនាំរដ្ឋ ព្រោះថា ​កូន​សោរនៃ​​ដំណោះ​ស្រាយ​ស្ថិតនៅ​ក្នុង​ដៃ​​របស់មេដឹកនាំបក្សកាន់អំណាចបច្ចុប្បន្ន។ មួយវិញទៀត លោកថា បើមេដឹកនាំធ្វើឱ្យបាត់បង់ប្រព័ន្ធនេះមែន ក៏ជាការបន្សល់ទុក​នូវគំរូ​មិនល្អសម្រាប់​​អ្នកនយោបាយជំនាន់ក្រោយផង​ដែរ។

លោកថា៖ «ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធហ្នឹង វាបាត់ដោយស្វ័យប្រវត្តិរបស់វាដែលត្រូវរលាយ អាហ្នឹងវាអត់ជាបញ្ហាទេ។ ប៉ុន្តែ​បើប្រព័ន្ធអនុគ្រោះពន្ធនេះ វាត្រូវបាត់បង់ដោយសាតែទង្វើរបស់យើង [មេដឹក​នាំ​] ដោយសាតែគេរកឃើញថា យើងមានការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិនយោបាយអីជាប្រ​​ព័ន្ធ​​ហ្នឹង អាហ្នឹងជាប្រវត្តិសាស្ត្រដែលត្រូវគេចារហើយ»។

លោក មឿន តុលា អះអាងថា ការរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប មិនមែនជាការ​លំបាកទេ ព្រោះលក្ខខណ្ឌទាំងនោះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រ​ម​ព្រៀងសន្តិភាពទីក្រុងប៉ារីស។

តែយ៉ាងណា ក្នុងពិធីសំណេះសំណាល​ជាមួយសហគមន៍ខ្មែរនៅក្រៅប្រទេស ក្នុងទីក្រុងហ្សូរិក ប្រ​ទេ​សស្វីស កាលពីថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ហាក់​មិន​ចាប់អា​​រម្មណ៍ទៅនឹងការព្រមានរបស់សភាអឺរ៉ុបនេះទេ។

លោកថា៖ «អារឿង EBA វាអត់មានខ្យល់ខ្មោចស្អីទេ! រឿងកូវីដ ទើបវាបញ្ហា! ឥលូវនេះ [ការនាំចេញទៅ​អឺរ៉ុ​​​ប]​ មានកំណើនរហូត។ រឿង EBA ចង់ដក២០ភាគរយ ចង់ដក៣០ភាគរយ អាហ្នឹងរឿងគេដកតើ! ស្រេ​ចគេដកតើ! ឯយើងនាំចេញ ចេះតែនាំចេញមក»។

ចំណែក​ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ច្រានចោលការលើកឡើង​របស់​ក្រុមអង្គការសង្គស៊ីវិល ដោយថា​ ការលើកឡើងនោះ​គ្រាន់តែជាការសម្អាងហេតុ​បែប​​នយោបាយប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអឺរ៉ុប​នោះ​ទេ។

បើតាម​អ្នក​នាំពាក្យរូបនេះ កិច្ចព្រមព្រៀង EBA ជាការវាយតម្លៃទៅលើស្ថានភាពសេដ្ឋកិច្ចប្រាក់ចំណូលរប​​ស់ប្រជាពលរដ្ឋខ្មែរ មិនបានតម្រង់ទិសនយោបាយកម្ពុជាពីលក្ខខណ្ឌប្រជាធិបតេយ្យនោះទេ ហើយថា​ ប្រាក់ចំណូល​របស់ពលរដ្ឋ​បច្ចុប្បន្នឡើងខ្ពស់ហួសពីកិច្ចព្រមព្រៀងនេះរួចទៅហើយ ដែលកា​​រ​ណ៍​នេះ នឹងធ្វើឱ្យប្រព័ន្ធអនុគ្រោះនោះអាចនឹងត្រូវបាត់ទៅវិញជាស្វ័យប្រវត្តិ។

លោកថា៖ «ការសម្រេចចិត្តអញ្ចេះឬអញ្ចុះ​​ជារឿងនយោបាយទេ មិនមែនទៅតាមអ្វីដែលយើងបានចុះ​ខស​ន្យាបង្កើនលក្ខខណ្ឌនៅក្នុងអ្វីដែលបានសន្យាគ្នាចំពោះ EBA ទេ»។

នា​​យកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាសច្ចភាព និងទិដ្ឋភាពជាក់ស្តែ​​ង​របស់មេដឹកនាំប្រទេស​តាមបែបលទ្ធិប្រជាធិបតេយ្យ គេមិនអាចជំរុញការលូតលាស់សេដ្ឋកិច្ចជា​តិ​តាមរយៈការ​កាត់ផ្ដាច់គោលការណ៍គោរពសិទ្ធិមនុស្ស ការ​យកនីតិរដ្ឋជាធំ និងធានាយុត្តិធម៌សង្គមបានទេ។ មួយវិញទៀត លោកថា ការជំរុញរបស់សភាអឺរ៉ុប​ជារឿងត្រឹម​ត្រូវ ព្រោះបា​ន​ធានា​ប្រយោជន៍​សាធារណៈ​របស់​​កម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ ហើយក៏​ជារឿង​ចាំបាច់​ដែល​មេដឹ​ក​នាំ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ត្រូវ​​​តែ​បំពេញកាតព្វកិច្ច ដើម្បីការពារប្រយោជន៍សាធារណៈផងដែរ។

បញ្ហានេះ លោកចោទជាសំណួរថា បើមេដឹកនាំប្រទេសគិតពីប្រយោជន៍សាធារណៈ គិតពីប្រយោជន៍កម្មករជាស្ត្រីដែលងាយរងគ្រោះ ហើយ​កំពុងតែទទួលបានផលពីវិស័យកាត់ដេរ​ជាចម្បងនោះ រដ្ឋាភិបាលនឹងរិះរកគ្រប់ធម្យោបាយ ដើម្បីរក្សា​​ទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ។ ក៏ប៉ុន្តែ លោក​ថា បើប្រព័ន្ធនេះ​ត្រូ​​វបាត់បង់មុនកាលកំណត់ពិតមែននោះ នោះ​​ជា​សារប្រាប់ទៅម្ចាស់ឆ្នោតថា ពួកគេ​ត្រូវជ្រើស​រើស​មេដឹកនាំបែបណាដែលគិតពីប្រយោជន៍សាធារណៈ។

លោកថា៖ «កន្លែងហ្នឹង ពលរដ្ឋគួរតែជាអ្នកដឹងឮ​ ហើយគិតមើល ថាតើយើងត្រូវការការដឹកនាំប្រ​យោជ​ន៍​ពលរដ្ឋ​ជាធំ ឬយើងអត់ខ្វល់ពីប្រយោជន៍រួម ព្រោះ EBA ជាប្រយោជន៍រួម ដែលមានផលវិជ្ជមា​ន​ក្នុង​កា​រ​ទ​ទួល​យក​ប្រាក់ចំណូលហ្នឹងដល់បងប្អូនកម្មករ ដែល​ភាគច្រើនជាស្ត្រីហ្នឹង គឺជាង​២លាន​នាក់ ជា​អ្ន​​ក​​ទទួ​​​លបានផលដោយផ្ទាល់ ហើយអ្នកដែលទទួលផលដោយប្រយោលអាចពី១លាននាក់ទៅ២លា​​ន​នា​ក់​ថែម​ទៀត»។

សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរ​យរួចហើយពីកម្ពុជាមុនកាលកំណត់ ក្រោមហេតុផលថា សិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិដីធ្លី និងសិទ្ធិការងារ រងការរំលោភជាប្រព័ន្ធ ក្រោយពីមានវិធានការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានសំ​ឡេងឆ្នោតគាំទ្រជាង ៤៣ភាគរយ ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនោះ។

ក្នុងសេចក្តីសម្រេចពេលនោះ សហភាពអឺរ៉ុបបន្តជំរុញឱ្យ៖ «អាជ្ញាធរកម្ពុជាគួរចាត់វិធានការ ដើ​ម្បី​​​​ស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រ​​ឆាំ​ង​ដែ​​ល​អាច​ជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សាជាតិតា​ម​​រ​យៈ​ការសន្ទនារួមនិងពិតប្រាកដ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ