មេធាវីអះអាងថាការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជារឿងនយោបាយ

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។ (ហ្វេសប៊ុក៖ Ir Channa)

មេធាវីការពារក្ដីឱ្យ​លោក អៀ ចាន់ណា បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​កូន​ក្ដីរបស់​ខ្លួន​ ថា​ជា​រឿងនយោ​បាយជា​ជាង​ការអនុវត្តច្បាប់ ដោយសារកូនក្ដីរបស់លោកគឺជាអនុប្រធានក្រុមការ​ងារ​បណ្ដោះអាសន្នគណបក្សភ្លើងទៀន​នៅខេត្ត​តាកែវ។

មេធាវីការពារក្ដីឱ្យ​លោក អៀ ចាន់ណា គឺ​លោក សំ សុគង់ បាន​ប្រាប់ វីអូឌី នៅថ្ងៃពុធនេះ​ថា លោក​បានទៅជួបកូនក្ដីនៅក្នុងពន្ធនាគារព្រៃស (ម១) នៅរសៀលថ្ងៃពុធនេះ ដើម្បីសួរ​សុខ​ទុក្ខនិងជជែករឿងពឹងពាក់លោកឱ្យការពារក្ដីឱ្យ។ លោកមេធាវីបន្តថា ជាបឋមនេះ លោកនឹងដាក់ពាក្យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឱ្យដោះលែងលោក អៀ ចាន់ណា នៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ។

លោកថា៖ «ខ្ញុំសន្និដ្ឋានថា នៅក្នុងរឿងនេះ វាជារឿងនយោបាយជាជាងផ្លូវច្បាប់ ដោយសារកូន​ក្ដីហ្នឹងគឺជាសកម្មជនគណបក្សភ្លើងទៀន ហើយគាត់មកចូលរួមដើម្បីធ្វើយុទ្ធនាការក្នុងការរកសំឡេងឆ្នោតជូនបេក្ខជននៅក្នុងខេត្តតាកែវហ្នឹង»

បើតាមលោកមេធាវី កូនក្តីរបស់លោកត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ជាអង្គហេតុចាស់ ពាក់ព័ន្ធដំណើរមាតុភូមិនិវត្តន៍របស់លោកស្រី មូ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កាលពីឆ្នាំ២០២០។

លោកមេធាវីបន្ថែមថា៖ «បើតាមកូនក្ដីលើកឡើង គាត់មិនបានធ្វើសកម្មភាពអ្វីជាអំពើខុសច្បាប់ទេ បើគាត់បានធ្វើសកម្មភាពណាខុសច្បាប់ គាត់មិនវិលត្រលប់មកចូលរួមក្នុងការជួយយុទ្ធនាការស្វែងរកសំឡេងឆ្នោតជូនគណបក្សភ្លើងទៀនដែរ ដោយសារបច្ចុប្បន្ននេះ គាត់គឺជាអនុប្រធានគណបក្សភ្លើងទៀនខេត្តតាកែវ។ ហើយគាត់មកប្រទេសកម្ពុជានេះ គឺដើម្បីគាត់ចូលរួមធ្វើយុទ្ធនាការដើម្បីស្វែងរកសំឡេងឆ្នោតជូនខេត្តតាកែវហ្នឹង ជាពិសេសការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ហ្នឹង»

លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតំណាងយុវជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នៅប្រទេសន័រវែស (Norway) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា នៅផ្សារទំនើបអ៊ីអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពេលដែលលោកទៅធ្វើលិខិតឆ្លងដែនខ្មែរ។ បន្ទាប់មក លោកត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ហើយបន្តបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស (ម១) តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកបានធ្វើដំណើរមកកម្ពុជាកាលពីថ្ងៃទី២៧ ខែឧសភា និងបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សភ្លើងទៀននៅខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែឧសភា មុននឹងត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន​ ម៉ាលីន បានថ្លែងថា ការចាប់ខ្លួនលោក អៀ ចាន់ណា គឺជាការអនុវត្តច្បាប់ដោយផ្អែកលើទិដ្ឋភាពច្បាប់ទាំងស្រុង។

លោកថា៖ «ការលើកឡើងថា ជារឿងនយោបាយ ដោយសារគាត់ភ្ជាប់ករណីហ្នឹងទៅបញ្ហានយោបាយ ក៏ប៉ុន្តែស្ថានភាពពិតជាក់ស្តែង គឺជាយន្តការនៃការអនុវត្តច្បាប់ គឺផ្អែកលើទិដ្ឋភាពច្បាប់ទាំងស្រុង ដោយសារករណីនេះមានដីកាតុលាការបង្គាប់ឱ្យចាប់ខ្លួនចេញតាំងពីឆ្នាំ២០២០។ អ៊ីចឹងសមត្ថកិច្ច កាលណាគេរកឃើញ គេត្រូវចាប់ខ្លួនតាមការបញ្ជារបស់អំណាចដីកាតុលាការ ហើយមេធាវីគួរណាតែខិតខំរកមូលដ្ឋាន ទឡ្ហីករណ៍ផ្លូវច្បាប់ឱ្យរឹងមាំដើម្បីដោះបន្ទុក ជាជាងការភ្ជាប់ទៅនឹងនយោបាយ ហើយការភ្ជាប់ទៅនឹងនយោបាយអត់មានមូលដ្ឋានច្បាប់ក្នុងការការពារកូនក្តីខ្លួន អាហ្នឹងប្រហែលជាការពារកូនក្តីមិនរួចទេ បើផ្អែកតាមច្បាប់»

អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានចាត់ទុកការចាប់ខ្លួនលោក អៀ ចាន់ណា ថាជារឿងនយោបាយ និងគាបសង្កត់មកលើគណបក្សប្រឆាំងនៅមុនការបោះឆ្នោត។

លោកថា៖ «វាប៉ះពាល់ ប៉ះពាល់ហើយ! វាជារូបភាពមួយនៃការគំរាមកំហែង ផ្នែកខាងនយោបាយហ្នឹង វាច្បាស់លាស់ពេក ចំពោះគណបក្សប្រឆាំង ឃើញតែចាប់ចងឥតឈប់ឈរ ហើយយើងមើលទៅលំហលទ្ធិប្រជាធិបតេយ្យកាន់តែរួមទៅៗ ការគំរាមកំហែងកាន់តែកើនឡើងថែមទៀត ទោះបីជាមានការអំពាវនាវរបស់រដ្ឋាភិបាលថាកុំឱ្យមានអំពើហិង្សាមែន ក៏ប៉ុន្តែយើងឃើញរូបភាពគំរាមតាមប្រព័ន្ធតុលាការធ្ងន់ធ្ងរណាស់»

ទាក់ទងករណីលោក អៀ ចាន់ណា នេះដែរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសន័រវែស បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី០១ ខែមិថុនានេះ ដោយអំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងលោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។ សេចក្ដីថ្លែងការណ៍បានចាត់ទុកថា ការ​​ចាប់ឃុំខ្លួនលោក អៀ ចាន់ណា គឺធ្វើឡើងក្រោមហេតុផលនយោ​បាយ ខណៈ​លោកទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ជាមួយគណបក្ស​ភ្លើង​ទៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ