ពលករខ្មែរ​មួយចំនួន​ដែល​ធ្វើការ​នៅ​ថៃ​សម្រេច​ចិត្ត​មិន​មក​បោះឆ្នោត​ទេ ដោយ​សារ​កត្តា​ជីវភាព

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

ពលករ​ចំណាក​ស្រុក​មួយចំនួនដែលកំពុងធ្វើការ​​នៅប្រទេសថៃ សម្រេចចិត្តមិន​ត្រលប់​មក​កម្ពុជាដើម្បី​បោះឆ្នោត​ជ្រើស​​​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះទេ ដោយសារកត្តាជីវភាព​។

ពលករខ្មែរ​ដែលធ្វើការ​​នៅ​ប្រទេស​ថៃ អ្នកស្រី ប៊ុនធឿន រស្មី មានប្រសាសន៍នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ​ថា គាត់​ទៅ​ធ្វើការ​នៅ​ប្រទេសថៃ​ជា​ច្រើន​ឆ្នាំម​ក​ហើយ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។ ដោយសារបញ្ហា​នេះ​ អ្នកស្រី​ថា​ រូប​គាត់មិនអាចធ្វើដំណើរពី​ប្រទេសថៃ មក​បោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា​ នៅ​ថ្ងៃ​ទី​៥ ខែមិ​ថុនា ខាងមុខនេះទេ។

អ្នកស្រីនិយាយ​ថា៖ «ដោយ​សារ​ការ​ធ្វើ​ដំណើរ​ម​ក​តែ​ម្នាក់​ឯង ណាមួយខ្ញុំខ្វះខាតលុយដែរ អ៊ីចឹងខ្ញុំអត់​មាន​លុយ​ធ្វើ​ដំណើរមកខ្មែរវិញទេ អ៊ីចឹង​អត់មក[បោះឆ្នោត​]ទេ»។

លោក ពឹង វុឌ្ឍី មានស្រុកកំណើតនៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ដែលអះអាងថាជាពលករចំណាកស្រុកធ្វើកា​រនៅប្រទេសថៃ ឱ្យដឹងដែរ​ថា គាត់​ចង់​ត្រលប់​មក​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះដែរ ប៉ុន្តែដោយសារមិនមានថវិកាគ្រប់គ្រាន់​សម្រាប់ការ​ចំណាយលើការធ្វើដំណើរ ហើយបច្ចុប្បន្នជាប់បំណុលគេផងនោះ ដូច្នេះ​គាត់សម្រេច​ចិត្ត​មិន​ត្រលប់​មក​​បោះឆ្នោតទេ។

លោកនិយាយថា៖ «ខ្ញុំអត់បានទៅ[ប្រទេសខ្មែរ]ទេបង ចាំអាណត្តិក្រោយទៀត ឥលូវវារកលុយអត់បាន ខ្ញុំកំពុងជំពាក់គេ»។

អ្នកនាំពាក្យរដ្ឋបាលខេត្ត​បាត់ដំបង លោក សៀម ប៊ុន​រិទ្ធិ មាន​ប្រសាសន៍​ថា រយៈ​ពេល​ជិត​១ខែ​នេះ មាន​ពលករ​ប្រមាណ​១៥០​នាក់បាន​នាំគ្នាធ្វើដំណើរស្ទើរជារៀងរាល់​ថ្ងៃ ពីប្រទេស​ថៃ​ត្រឡប់មកកម្ពុជា តាមច្រកព្រំដែនក្នុងខេត្តនេះ ដែល​ចំនួន​នេះ​មិន​មា​ន​អ្វីប្រែប្រួល​ខុស​ពី​ថ្ងៃ​ធម្មតា​នោះ​ទេ។ លោកកត់សម្គាល់​ថា នៅអាណត្តិនេះ មិន​សូវ​មាន​ពលករសម្រុក​មក​បោះ​ឆ្នោត​ច្រើន​ដូច​អាណត្តិមុនៗនោះ​ទេ ។

លោក​ថា៖ «កាលអំឡុងពេលកូវីដ-១៩ ពលក​រ​ត្រលប់មកច្រើនដូចបាក់ទំនប់។ អ៊ីចឹង​រាល់ថ្ងៃ ពល​ករមកធម្មតាទេ រាយៗ​ទេ សូម្បីតែជិតបោះឆ្នោត អត់មានកម្មករឬពលករមកគំហុកដូច​មុនៗ គឺអត់មានទេ»។

ទោះជាយ៉ាងណា លោក សៀម ប៊ុនរិទ្ធិ អំពាវនាវទៅប្រជាពលរដ្ឋ និងពលករដែល​ចំណាកស្រុកទៅ​​ក្រៅប្រទេស​ មកចូលរួមការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់គ្នា ដើម្បីជ្រើស​រើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត។

ចំណែក អ្នក​នាំពាក្យ​​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី មានប្រសាសន៍ថា ជាធម្យម មានពលករស្របច្បាប់និងមិនស្របច្បាប់ប្រមាណ២០០នាក់បានធ្វើដំណើរពីប្រទេស​ថៃត្រលប់​មក​កម្ពុជា​វិញ​តាមច្រកព្រំដែនជារៀងរាល់​ថ្ងៃ ដើម្បី​ចូលរួមបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​។ ប៉ុន្តែលោក​ស្រីថា ចំនួននេះមិនច្រើនដូចពីអាណត្តិមុនៗ​នោះ​ទេ ខណៈ​ឆ្នាំ​នេះស្ថានភាពកូវីដ-១៩ទើបតែធូរស្រាល​។

លោកស្រីមានប្រសាសន៍ថា៖ «មានខ្លះស្របច្បាប់ មានខ្លះក៏មិនស្របច្បាប់ គ្រាន់តែថាអត្រាអ្នកដែលស្របច្បាប់ច្រើន ចូល៨០%ហើយ ដែលគាត់មក គឺគាត់មកបោះឆ្នោត»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ដើម​ចម​ដែលនាំ​ឱ្យ​ពលករខ្មែរ​នៅក្រៅប្រទេស​មិន​បាន​ត្រលប់​មក​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិនេះ ដោយ​សារ​តែពួកគាត់ទើបតែជួបបញ្ហាប្រឈមនឹង​វិបត្តិកូវីដ-១៩ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារជាដើម។ ទោះយ៉ាងណា លោក​បង្ហាញការសោកស្ដាយ បើសិនជាពលករចំណាកស្រុកមួយចំនួនមិនបាន​មក​បោះឆ្នោត​ជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។

លោកប​ន្ថែម​ថា កន្លងមក គណបក្សប្រឆាំង​ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិបាលឱ្យបង្កើតការិយាល័យបោះឆ្នោតនៅ​តាម​ស្ថាន​ទូត​នៃ​ប្រទេស​ដែលមាន​​ពលករ​ចំណាកស្រុកនោះដែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា​បដិសេធ។

លោកមានប្រសាសន៍ថា៖ «មានស្ថានទូតនៅទីនោះបោះឆ្នោតបានតើ! ប៉ុន្តែគាត់មិនធ្វើ ដោយ​សារតែ​គាត់​ដឹង​ថា អ្នក​ដែល​នៅ​ក្រៅ​ប្រទេស មិន​ថា អ្នករៀនសូត្រចេះដឹង ឬនៅប្រទេសផ្សេងៗ គេយល់​ដឹង​ពី​ប្រជាធិបតេយ្យ មិន​ថា​នៅ​ប្រទេស​ថៃ ឬប្រទេសនៅជិតៗហ្នឹងទេ ក៏គេយល់ដឹង ឃើញទង្វើ​របស់​រដ្ឋាភិបាល មិនមាន​អ្នក​ណា​​គេគាំទ្រទេ បង្កការឈឺចាប់កាន់តែខ្លាំងឡើងៗ ធ្វើឱ្យពលករចំណាកស្រុក»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ជុំវិញករណីនេះ​ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (សង់ត្រាល់) លោក​ ឃុន ថារ៉ូ មានប្រសាសន៍ថា ជារៀងរាល់អាណត្តិ ​ពលករខ្មែរដែលធ្វើការនៅ​ប្រទេស​ថៃបាន​​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជា​​តាម​ច្រក​ព្រំដែននានា​​​យ៉ាង​ច្រើន​កុះករ ដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ប៉ុន្តែ​សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ លោកសង្កេតឃើញថា ហាក់មាន​ពលករតិចតួច​​ប៉ុណ្ណោះដែលបានត្រលប់មក​មាតុប្រទេស​វិញ ដើម្បី​ចូល​រួម​ការ​បោះ​​ឆ្នោត ដោយសារការធ្វើ​ដំណើរមកស្រុកកំណើតម្តងៗត្រូវចំណាយទ្វេដង​។ ទោះជាបែបនេះក្តី លោក​លើកទឹកចិត្តដល់​ពលករ​ចំណាកស្រុក​ទាំង​អស់ គួរ​តែមក​​​ចូល​រួមការ​​បោះឆ្នោត ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត និង​ជួយការ​ពារ​ប្រយោជន៍​ពួក​គាត់នៅពេលជួបបញ្ហាប្រឈមនានា​ក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឃុន ថារ៉ូ ថ្លែង​ថា៖ «សំឡេងឆ្នោត ជាការសម្រេចអនាគត សម្រាប់ការជ្រើសរើសនូវថ្នាក់ដឹក​នាំ​មួយ​ក្នុង​មូល​ដ្ឋាន​ឃុំ​សង្កាត់ វា​សំខាន់​ណាស់។ ទោះ​ជាយ៉ាងណាក៏ដោយ គោលនយោបាយទាំង​ឡាយ​​ដែល​ទាក់ទងនឹង​ឃុំសង្កាត់ វា​ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងចំពោះទីផ្សារការ​ងារ កិច្ច​គាំទ្រ​សង្គម ទាក់​ទង​បញ្ហា​កសិករ បញ្ហាកសិកម្ម គោលនយោបាយនូវការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍គាត់ជាដើមហ្នឹង វាជាការចាំបាច់ណាស់សម្រាប់ពួកគាត់»។

លោកបន្ថែមថា៖ «បើសិនជាពួកគាត់មិនមានការចូលរួមឱ្យបានពេញលេញទេ មានន័យថា បញ្ហាប្រឈមរបស់គាត់ ក្នុងនាមជាពលករចំណាកស្រុកដែលធ្វើការនៅស្រុកគេ នៅតែប្រឈមទៅនឹងហានិភ័យ បញ្ហាប្រឈមទាំងអស់ហ្នឹង។ ទោះជាយ៉ាងណា ទាក់ទងនឹង​ការ​ចំណាយ​ក្នុង​ការ​ធ្វើដំណើរ​ក៏​ដោយ ខ្ញុំគិតថា វានឹង​អាច​ចូល​រួ​ម​ឱ្យមានការផ្លាស់ប្តូរលំហប្រជាធិបតេយ្យនៅក្នុង​មូលដ្ឋាន»។

តាមប្រតិទិន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ