សង្គមស៊ីវិល​ថា ការ​ទន្ទ្រានដី​ខុសច្បាប់​បន្ត​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ​និង​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះពិនិត្យទីតាំងជាក់ស្ដែង និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់ នៅចំណុចអូរដងរ៉ែក ក្នុងភូមិសាស្ត្រ ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្ដក្រចេះ)

ក្រុមយុវជន សហជីព និង​​អង្គការ​សង្គម​ស៊ីវិល​ បង្ហាញក្ដីបារម្ភ​ក្រោយ​រក​ឃើញ​ថា ការ​ទន្ទ្រាន​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិបានបន្ត​គំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់​បឹង​ទន្លេ​សាប និងព្រៃ​សហគមន៍ ខណៈរដ្ឋាភិបាលពុំបានឆ្លើយតបទាន់ពេលវេលា​​ទៅ​នឹង​​ការ​​កើន​​ឡើង​​នូវសកម្ម​ភាព​កាប់​បំផ្លាញទាំងនោះទេ។

ការបង្ហាញក្ដីបារម្ភរបស់ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៧​ស្ថាប័ន បានធ្វើឡើងតាមរយៈ​សេចក្ដីថ្លែងការណ៍រួម ក្នុង​ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ ចេញផ្សាយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រោមមូលបទស្តីពី «លើកកម្ពស់ការចូលរួមការពារបរិស្ថាន​ ដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ»

ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ​បាន​លើកឡើង​​ថា ទោះបី​ជា​រដ្ឋាភិបាល​បាន​ខិត​ខំ​បង្កើន​នូវចំនួន​តំបន់​ការ​ពារ​ធនធានធម្មជាតិក្ដី ប៉ុន្តែវាពុំបានឆ្លើយតបជាមួយការកើនឡើង​នូវ​សកម្មភាពកាប់​បំផ្លាញនិង​ឈូសឆាយដីព្រៃជាច្រើនហិកតា រួមទាំងនៅក្នុងដែនជម្រកសត្វព្រៃ និង​តំបន់ដទៃ​ទៀត ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ។

ប្រភព​ដដែល​បន្ត​ថា សកម្មភាព​នេះបានធ្វើឱ្យគម្របព្រៃឈើនៅប្រទេសកម្ពុជា​រយៈ​ពេល២ទស​វត្សរ៍​ចុង​ក្រោយ បាន​បន្តធ្លាក់​ចុះរហូត​ដល់ ១៤,២៩% ត្រឹមឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ និន្នា​ការ​​​នៃ​ការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជន​ដោយខុសច្បាប់ បានបន្ត​គំរាម​កំហែង​យ៉ាងធ្ងន់​ធ្ងរ​បន្ថែមទៀត​ដល់តំបន់​ព្រៃឈើ តំបន់កា​រ​ពារ​ធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍។

ករណី​នេះ ពួកគេ​បង្ហាញការព្រួយបារម្ភជាខ្លាំង​ចំពោះ​វិបត្តិ​បរិស្ថាន សិទ្ធិ​បរិស្ថាន និង​ការ​មិនទាន់​អនុវត្ត​ឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ទៅលើគោលនយោបាយស្ដីកិច្ចការពារ ថែរក្សា តំហែ​ទាំ ភាព​ព្រងើយ​កន្តើយ និង​ពុំបាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូ​វ​រាល់​​សំណូមពរនិងក្ដីកង្វល់នានា ជុំវិញបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ការគ្រប់គ្រង​ធន​ធាន​ធម្ម​ជាតិ យើងខ្ញុំ​សង្កេត​ឃើញ​ថា ទោះបី​ជា​រាជ​រដ្ឋាភិ​បាលបាន​ខិតខំ​បង្កើន​នូវ​ចំនួន​តំបន់​ការ​ពារ​ធនធានធម្មជាតិក្ដី តែវាពុំបានឆ្លើយតបជាមួយការកើនឡើង​នូវ​សកម្មភាព​កាប់​បំផ្លាញនិង​ឈូស​ឆាយ​ដី​ព្រៃ​ជា​ច្រើន​ហិកតា ទាំង​នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹង​ពែរ ព្រៃព្រះរការ និងតំបន់ដទៃទៀត ជារៀងរាល់ថ្ងៃនោះទេ»។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ ​នៃសមាគមបណ្ដាញយុវជន​កម្ពុជា លោក ហេង គឹម​ហុង លើកឡើងថា កន្លងមក រដ្ឋាភិបាលមិនដែលទទួលយកចំពោះការរកឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល ទោះបីជាបានបង្ហាញទីតាំងនៃការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានដីក្នុងតំប​ន់​ការ​ពារ​ឡើយ។ ក្រៅពីមិនទទួលយកហើយ លោកថា រដ្ឋាភិបាល​តែង​តែ​ចោទនិង​លាបពណ៌​ក្រុម​អង្គការសង្គមស៊ីវិលនិងយុវជនដែលធ្វើការងារ​បរិស្ថាន ថា​ជាក្រុមប្រឆាំងថែមទៀត។

លោកថា៖ «ការលើកឡើងរបស់​ក្រសួង​បរិស្ថាន ហាក់​បី​ដូច​ជា​ផ្នែក​មួយ​នៃការជំរុញ​ឱ្យមានការបាត់បង់ព្រៃឈើ​អ៊ី​ចឹង ពីព្រោះអីពួកយើង​រក​ឃើញ​បទ​ល្មើស​ ពួកយើងដឹងពីការកាប់បំផ្លាញព្រៃឈើ ពួកយើង​​រាយការណ៍ទៅ​អាជ្ញាធរ យើងផ្សព្វផ្សាយ​ឱ្យអាជ្ញាធរបានដឹង​បានឮ ប៉ុន្តែផ្ទុយទៅវិញ ​អាជ្ញាធរហាក់មិនបានទទួលយក​អ្វីដែលប្រជាពលរដ្ឋនិងស​ង្គម​ស៊ីវិល​បាន​លើក​ឡើង​ វា​ជា​ការ​ធ្វេស​ប្រហែស​មួយ​។ នេះជាការមិនទទួលយកការពិតដែល​យើង​បាន​ឃើញ»។  

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាម ដោយចាត់​ទុក​ការ​បង្ហាញ​ក្ដីបារម្ភនេះថា ជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែសម្រាប់​រដ្ឋាភិបាល​បានដាក់​ចុះ​នូវ​គោល​នយោ​បាយនិង​វិធាន​ការ​ច្បាប់ ក៏ដូចជា​ដំណោះ​ស្រាយ​នានា​ ដើម្បី​បង្កើនប្រសិទ្ធ​​ភាព​នៃ​ការ​ការ​ពារ​និងអ​ភិរក្សធនធានធម្មជាតិដែលនៅសល់ឱ្យនៅគង់វង្ស។

លោកបន្តថា វិធានការរបស់រដ្ឋាភិបាល​ដែលបានដាក់ចេញ​នោះ ដើម្បីការពារឱ្យបាននូវធន​ធាន​ធម្មជាតិ​បន្ថែម​ពីលើវិធានការអនុវត្តច្បាប់ តាមរយៈ​ការ​បង្កើត​សេដ្ឋ​កិច្ច​មូល​ដ្ឋាន ​ក្នុងបំណង​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​ទាំង​ស្រុង​របស់ពលរដ្ឋលើធនធាន​ធម្ម​ជាតិ ដោយ​អនុវត្តគោល​ការណ៍ «រក្សាឈើឈរដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេស​ចរណ៍​ធម្មជាតិ​ផ្សារ​ភ្ជាប់​ទឹកដី។

លោកថា៖ «ជាមួយគ្នានេះ កម្ពុជាក៏បាននិងជំរុញលើការប្រើប្រាស់ថាមពល​​កកើត​ឡើងវិញ និងធ្វើអព្យាក្រឹត្យកាបូន​ត្រឹមឆ្នាំ​​២០៥០​ ជា​ដើម។ នេះគឺជាកិច្ចការ​ជាក់​ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាបាន​អនុវត្តលើកិច្ច​ការ​ការគ្រប់​គ្រង​និងអភិរក្សធនធានធម្មជាតិ និងការគ្រប់​គ្រង​បរិស្ថាន​របស់​កម្ពុជា ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​និងចក្ខុ​វិស័យ​ច្បាស់​លាស់ មិនមែនត្រឹមតែនិយាយឱ្យពីរោះនោះទេ»។

ដើម្បីដោះស្រាយវិបត្តិបរិស្ថាន និងសិទ្ធិបរិស្ថាន ដែល​ជាផ្នែកមួយ​ដ៏សំខាន់​ក្នុងការទ្រទ្រង់រាល់ជីវិតមនុស្សជាតិនៅលើភពផែនដី និងពលរដ្ឋកម្ពុជានោះ ក្រុមសង្គមស៊ីវិលទាំងនោះបានផ្ដល់អនុសាសន៍​ទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ​ ចំនួន៧​ចំណុច ក្នុងនោះ ​​ត្រូវយកចិត្តទុកដាក់លើ​ការ​អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន តាមបញ្ញត្តិនៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ កម្មវិធីព្រៃឈើជាតិ និងគោលនយោបាយនានា​សម្រាប់កិច្ចការងារអភិរក្ស និងការពារធនធានធម្មជាតិ។

ជាមួយគ្នានោះ ពួកគេក៏បានជំរុញ​ដល់​​រដ្ឋាភិបាលធ្វើអធិការកិច្ច​លើគុណភាព​នៃ​ការ​បំពេញការ​ងារ​របស់​មន្ត្រីឧទ្យានុរក្ស ព្រមទាំងបើកលំហសិទ្ធិសេរីភាពសម្រាប់ការចូលរួម​ការពារ​បរិ​ស្ថាន​​​ប្រកបដោយបរិយាបន្នផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ