កម្មករ​ក្រុមហ៊ុន ខេនស្ព័តស៊ូ បិទ​ផ្លូវ​តវ៉ា​នៅ​កំពង់ឆ្នាំង បាន​ចូល​ធ្វើការ​វិញ​ក្រោម​ការ​ជ្រោមជ្រែង​ពី​សហជីព

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (សង់ត្រាល់)

កម្មករ-កម្មការិនីក្រុម​ហ៊ុន​​​ខេនស្ព័ត​ស៊ូ (Can Sports Shoe Co.,Ltd.) ប្រមាណ៨ ០០០នាក់នៅខេត្តកំពង់ឆ្នាំង បានចូលធ្វើការវិញហើយ ក្រោយក្រុមហ៊ុនព្រមដោះស្រាយលក្ខខណ្ឌការងារ និងបន្ទាប់ពីកម្មករបានតវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥​​ ខណៈកម្មករអះអាងថា ដំណោះស្រាយនេះកើតឡើងដោយសារការជ្រោមជ្រែងពីសហជីព។

ការសម្រេចចូលធ្វើការវិញនេះ គឺបន្ទាប់ពីពួកគេបាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច និងលើក​​កម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុមហ៊ុន។

កម្មការិនី​ធ្វើការនៅរោង​ចក្រ​ ខេនស្ព័តស៊ូ​ អ្នកស្រី វ៉ា សុខុម ប្រាប់វីអូឌីថា គាត់និងកម្មករផ្សេងទៀតបានចូលធ្វើការវិញកាលពីថ្ងៃទី២ ខែឧសភា ម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនបានព្រមព្រៀងជាមួយសំណើរបស់កម្មករ។

យ៉ាងណា អ្នកស្រីថា កម្មករបានទទួលដំណោះស្រាយបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសំណាក់សហជីព។

អ្នកស្រីថា៖ «ដោះស្រាយរួចអស់ហើយ! ​បានចូលធ្វើការ២ថ្ងៃទាំងថ្ងៃហ្នឹងហើយ។ ចូលធ្វើទាំងអស់គ្នាតើ! គេព្រមទាំងអស់ហើយ! អត់មានអីទៀតទេ! សហជីពគេតវ៉ាអស់ហើយ»។

បែបនេះក្ដី កម្មការិនីនៅរោង​ចក្រ​ ខេនស្ព័តស៊ូ រូបនេះ បញ្ជាក់ថា បើក្រុមហ៊ុនអនុវត្តតាមកិច្ចព្រមព្រៀង នោះកម្មករនឹងទទួលបានអត្ថប្រយោជន៍ពីការងារ ខណៈកន្លងទៅ ថៅកែតែងកេងកម្លាំងកម្មករ ដោយជំពាក់ប្រាក់កាសកម្មករ និងសងវិញមិនគ្រប់ ជាដើម។

អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង លោក ស៊ឹម សុវឌ្ឍនៈ បដិសេធតបនឹងសំណួរវីអូឌី ដោយប្រាប់ឱ្យអ្នកសារព័ត៌មានទាក់ទងទៅប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំងវិញ។

យ៉ាងណា ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោក សោម ស៊ីណាត សុំមិនបកស្រាយ ដោយប្រាប់ថា លោកជាប់រវល់។

តាម​សេចក្ដីជូនដំណឹងរបស់កម្មករ-កម្មការិនីនិយោជិតនៃក្រុមហ៊ុន​ ខេនស្ពតស៊ូ​ កាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ពួកគាត់​ទាមទារនិង​ចូលរួម​យ៉ាង​មុតមាំ​ក្នុងការ​​ធ្វើ​កូដ​កម្ម​​ ដើម្បី​​ទាមទារ​លក្ខខណ្ឌ​ការងារ​នៅក្នុង​ក្រុមហ៊ុននេះ ​ក្នុង​គោលដៅ​បង្កើត​ទំនាក់ទំនង​វិជ្ជា​ជីវៈ និង​ដើម្បី​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុមហ៊ុន។

សេចក្តីជូនដំណឹងដដែលបន្តថា ពួក​គេមា​ន​ការ​ខក​ចិត្ត​ខ្លាំងនិងមិនអាចទទួលយក​បាន​ទេ​ ចំពោះការបដិសេធរបស់ក្រុមហ៊ុនដែល​បាន​ជំទាស់សេច​ក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគ្រប់សំណុំរឿងទាំងអស់។ ពួកគេចាត់ទុកការមិនអនុវត្តរបស់ថៅកែក្រុមហ៊ុនបង្ហាញឱ្យឃើញថា គ្មានឆន្ទៈដោះស្រាយ និងមិនគោរពច្បាប់កម្ពុជា ដែលករណីនេះ ក៏ជាទង្វើមួយមិនគោរពសិទ្ធិមនុស្សផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រុមកម្មករ​ទាំងនោះក៏បាន​លើកឡើង​នូវ​​បញ្ហាផ្សេងទៀតដែលពួកគេទាមទារឱ្យមានដំណោះស្រាយផងដែរ ក្នុងនោះ ទាមទារ​ឱ្យក្រុមហ៊ុនបើកប្រាក់​ជូន​កម្មករ-កម្មការិនីណាដែល​ប្រើប្រាស់ដំណាច់​ឆ្នាំនៅសល់គិត​​ត្រឹមចុងខែធ្នូ និងកុំបញ្ឈប់កម្មករដែលមិនអាចធ្វើការថែមម៉ោងបាន និងត្រូវបើកប្រាក់ឈ្នួល​ដល់​កម្មករ​ដែលខាងក្រុម​ហ៊ុន​​បានជំពាក់២ខែ​នោះផងដែរ។

ក្រៅពីនោះ ក្រុមកម្មករ​បាន​ទាមទារ​ឱ្យ​​ក្រុមហ៊ុនដក​ប្រធាន​ផ្នែក​​​នៅ​អគារ SIPCA4 ចេញពីក្រុមហ៊ុន ដោយសារតែប្រធានផ្នែករូបនេះ​បាន​បង្ខំឱ្យកម្មករធ្វើការ​​ថែម​ម៉ោង ទោះ​​បី​ជា​​កម្មករ​ឈឺឬរវល់​យ៉ាង​ណាក៏​ដោយ។​

ក្នុងអំឡុងពេល​កម្មករ​ធ្វើកូដកម្មនេះ សហជីពប្រចាំរោងចក្រនេះចំនួន​៣នាក់ក៏ត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួនយកទៅសួរនាំរយៈពេល​ជាច្រើនម៉ោង​​ ពាក់ព័ន្ធនឹងការធ្វើកូដកម្មរបស់​កម្មករ​នេះ។

យ៉ាងណា ស្នងការរងនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក អៀ ប៊ុន​ធឿន អះអាងថា សហ​ជីព​ទាំង៣​នាក់នោះត្រូវ​បានសមត្ថកិច្ចដោះលែងវិញ​ហើយ បន្ទាប់​ពីបាន​សួរ​នាំនិង​ឱ្យ​បំពេញ​បែប​​បទ​មួយចំនួនរួចនោះ។ លោកព្រមានថា បើសិនជាកម្មករធ្វើកូដកម្មដោយ​​មិនបានសុំច្បាប់​អនុញ្ញាត និង​បិទផ្លូវទៀតនោះ សមត្ថកិច្ច​នឹងចាត់វិធានការច្បាប់ ដោយសារ​ការបិទផ្លូវនេះធ្វើឱ្យប៉ះពាល់ដល់​សណ្ដាប់ធ្នាប់សាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ