កូដករ​ណាហ្គាវើលដ៍​៤នាក់ទៀត​ព្រម​ទទួល​សំណង​ប្រាក់​ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន

លោកស្រី សោម សុផា ដែលធ្វើការនៅណាហ្គាវើលរយៈពេល ២៦ឆ្នាំ កាន់ឆ័ត្រ និងរូបថតលោក ឈឹម ស៊ីថា ប្រធានសហជីពដែលកំពុងជាប់ឃុំក្នុងបាតុកម្មកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (កញ្ញា គៀត សូរិទ្ធធាវី/VOD)

ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ឱ្យដឹងថា អតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន៤នាក់​បន្ថែម​ទៀត​បានយល់​ព្រមទទួលប្រាក់​ដំណាច់បញ្ចប់កិច្ចសន្យាការងារ​ពី​ក្រុមហ៊ុ​ន​រួ​ច​មកហើយ។

តាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានលើក​ឡើង​ថា កន្លងមក មន្ត្រីជំនាញរបស់ក្រសួងបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ទាំង​៤​ចំណុច​នោះបានធ្វើឡើង​ត្រឹមត្រូវស្របតាម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ​ ពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។

ក្រសួងបន្តថា គិត​ត្រឹមថ្ងៃទី២ ខែមិថុនានេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍​ចំនួន​៤នាក់​បន្ថែម​ទៀតបានព្រមទទួលយក​សំណងប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួច​ហើយ​។

ក្រសួងការងារ​បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ដូច្នេះ គិត​មកដល់ថ្ងៃនេះ [ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ] មាន​​អតីតបុគ្គលិកសរុបចំនួន​១៩៦រូប ក្នុងចំណោម​៣៧៣រូប បានយល់​ព្រម​ទទួល​យកការទូទាត់នូវប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុន ដែល​ធ្វើឱ្យ​ចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅ​សល់ត្រឹម១៧៧រូប»។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ