កម្មករ​រោងចក្រ ឈីមីងស៊ីន ព្រួយ​បារម្ភ​ការ​គាប​សង្កត់​ពី​ថៅកែ​រោងចក្រ​បើ​មិន​មាន​តំណាង​សហជីព

រោងចក្រ ឈីមីងស៊ីន។ (ពលរដ្ឋអ្នកសារព័ត៌មាន)

កម្មករ-កម្មការិនី​រោងចក្រស្បែកជើង ឈីមីងស៊ីន ហ្វេកធើរី កំពុងបារម្ភ​ពី​ការធ្វើទុក្ខបុកម្នេញពីសំណាក់​ថៅកែ ក្រោយ​​រោងចក្រនេះបានបដិសេធទទួលយកតំណាង​សហជីព៥នាក់ឱ្យ​ចូលធ្វើកា​រ​ងារ​វិញ។

អ្នកស្រី ខុន សុផាត អាយុ៣៩​ឆ្នាំ ជា​កម្មការិនីរោងចក្រស្បែងជើង ឈីមីងស៊ីន ហ្វេកធើរី អស់​រយៈ​ពេល​៧ខែមក​ហើយ​ បាន​លើកឡើង​នៅថ្ងៃទី១ ខែមិថុនា ថាអ្នកស្រី​​កំពុង​​ប្រឈម​​ការលំបាក​​​​​​ជា​​​​ខ្លាំង ដោយ​​សារ​​តែ​រោង​ចក្រ​តែង​តែ​រំលោភ​​សិទ្ធិ​កម្មករនិងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់​កម្មករ-កម្មការិនី ខណៈរោង​ចក្រនេះបានបញ្ឈប់កម្មករ​ដែល​ជាថ្នាក់ដឹកនាំនិងសមាជិក​សហជីពប្រចាំនៅរោងចក្រ។

​អ្នកស្រីបានសង្កត់ធ្ងន់​ថា៖ «បើសិនជារោងចក្រហ្នឹងមានសហជីព ពួកខ្ញុំប្រាកដជាស្រួល ដោយសារអី គេនៅផ្ទាល់​ហ្នឹង ពេល​មាន​បញ្ហា​អី​ វា​ដោះ​ស្រាយ​លឿន ហើយ​មាន​អារម្មណ៍​ថា​កក់​ក្ដៅ យើងធ្វើអីអត់មានការភ័យខ្លាច»

ការលើកឡើងរបស់​អ្នកស្រី ខុន សុផាត ធ្វើឡើង​​​បន្ទាប់​ពី​ភាគីថៅកែ​រោង​ចក្រ​មិន​ព្រម​ទទួល​យក​តំណាង​សហជីព​៥នាក់ឱ្យចូលធ្វើការងារឡើង​វិញ បើទោះបី​ជា​មាន​ការ​បង្គាប់​បញ្ជា​ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល​។

កម្មកររោងចក្រ ឈីមីងស៊ីន ម្នាក់ទៀត និងជា​លេខាធិការសហព័ន្ធសហជីពឯករាជ្យ (INTUFE) លោក រឿន សុភា ចាត់ទុកករណីដែល​​​រោង​​​ចក្រ​​​មិន​​​ព្រម​​​​ទទួល​​យក​​ពួ​ក​​គាត់​ចូលធ្វើការវិញនេះ ថាមិន​អនុវត្ត​តាម​គោលការណ៍​ណែនាំរបស់ក្រសួង ដែលមន្ត្រីជំនាញគួរមានវិធានការ​បន្តលើករណីនេះ។

លោក​អះអាង​ថា បើគ្មាន​សហជីព​នៅក្នុង​រោងចក្រ​ទេ នោះកម្មករ-កម្មការិនីនឹង​ប្រឈម​ការពិបាក​ច្រើន ដូចជា ត្រូវបង្ខំឱ្យធ្វើការមុនម៉ោង និងរងការ​ជេរស្ដីពីសំណាក់​អ្នកគ្រប់គ្រង ​​​ជាដើម។

លោកនិយាយថា៖ «ខ្ញុំមិនដឹងនិយាយថាម៉េច​ទេ ពេលវាគាបសង្កត់ គឺយើងវាពិបាកទៅហើយ»

កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២​នេះ សហ​ព័ន្ធ​សហជីព​ឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍​​មួយអំពាវនាវដល់ក្រសួងការងារ និងក្រុមហ៊ុន Walmart ដែលជាអ្ន​កបញ្ជាទិញ ជួយ​ធ្វើកិច្ច​អន្តរាគមន៍ទៅក្រុមហ៊ុន ឈីមីង​ស៊ីន ហ្វេកធើរី ឯ.ក ទទួល​យកថ្នាក់ដឹកនាំនិងស្ថាប​និក​សហជីព​ចំនួន៥នាក់​ចូល​ធ្វើការងារ​វិញ តាម​សេចក្តីបង្គាប់របស់ក្រសួង​​ការងារ ក្រោយក្រុមហ៊ុននេះ​បញ្ឈប់​ពួកគេ​ពី​ការ​ងារ ក្រោយ​ពី​ពួក​គេបង្កើត​សហជីព​នៅក្នុង​រោង​ចក្រ។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា រោងចក្រ​​ ឈី​មីង​ស៊ីន ហ្វេកធើរី ជារោងចក្រស្បែកជើង ស្ថិតនៅ​ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែល​ដេរស្បែកជើង​ឱ្យ​ក្រុម​ហ៊ុន Walmart បានបញ្ឈប់​ថ្នាក់ដឹកនាំ​សហជីពចំនួន៥នាក់ រួម​មាន អ្នកស្រី ដួង សុកណា ជាប្រធានសហជីព, លោក ឌួង តុលា ជាអនុប្រធាន, លោក រឿន សុភា ជាលេខាធិការសហជីព, លោក ចេង សិទ្ធ ជាហេរញ្ញិកសហជីព និងអ្នកស្រី ឡុង សុខលីន ជាស្ថាបនិកសហជីពប្រចាំរោងចក្រនេះ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារបានចេញសេចក្តីបង្គាប់មួយឱ្យក្រុមហ៊ុន ឈីមីង​ស៊ីន ទទួលយក​ថ្នាក់ដឹកនាំ​សហជីពទាំង​នោះចូលធ្វើការងារ ដោយ​​សងរម្លឹកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ​ឱ្យពួកគេវិញ ដោយគិតចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ ប៉ុន្តែ​សហព័ន្ធសហជីពឯករាជ្យអះអាងថា រហូតមកពេលនេះ ក្រុម​ហ៊ុន​មិន​បាន​ទទួល​យក​កម្មករទាំងនោះ​ចូលធ្វើការងារវិញឡើយ។

សហព័ន្ធសហជីពឯករាជ្យ បានលើកឡើងទៀត​​ថា ក្រុមហ៊ុន​ ឈី​មីង​ស៊ីន ជាក្រុមហ៊ុនបរទេសមួយដែលមិនគោរពច្បាប់កម្ពុជា និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សហជីពឡើយ។

សហព័ន្ធសហជីពមួយនេះបានអំពាវនាវដល់ក្រសួងការងារត្រូវចាត់វិធានការក្រុមហ៊ុននេះឱ្យគោរពច្បាប់កម្ពុជា និងក្រុមហ៊ុន Walmart ត្រូវចាត់វិធានការលើរោងចក្រ​ ឈី​មីង​ស៊ីន និងរោងចក្រផ្សេងទៀតដែលដេរឱ្យ Walmart ឱ្យគោរពតាមច្បាប់កម្ពុជា និងសិទ្ធិសេរីភាពរបស់កម្មករដែលបានធានាដោយច្បាប់ផងដែរ។

តែយ៉ាងណា ជំនួយ​ការ​ផ្នែក​រដ្ឋបាល​នៅ​រោងចក្រ ឈីមីងស៊ីន ហ្វេកធើរី លោក ហាន សេងហុង បានច្រាលចោលចំពោះការលើកឡើងរបស់កម្មករ ដែលថាមានការគាបសង្កត់និងកេង​ប្រវ័ញ្ចកម្មករ​ ដោយ​ថា រោងចក្រ​តែងតែអនុវត្តនិងគោរពទៅតាមច្បាប់ការងារ​។ លោកបន្ត​ថា ប្រសិនបើមានករណីនេះមែន កម្មករ​អាច​ពឹងពាក់សហជីពមួយទៀត​​ដែល​ប្រចាំនៅរោង​ចក្រនេះឱ្យ​ជួយ​សម្រប​សម្រួលរក​ដំណោះស្រាយ។

សម្រាប់កម្មករដែលរោង​ចក្រ​បានបញ្ឈប់​ទាំង៥នាក់នោះ លោកថា ខាងរោងចក្រ​មិនអាចទទួល​យកពួកគេ​ធ្វើការវិញបានទេ ដោយសារ​ខាងរោងចក្រជួបបញ្ហាច្រើន និងមិនសូវ​មាន​ការ​ងារឱ្យ​កម្មករ​ធ្វើ។​

លោក ហាន សេងហុង បញ្ជាក់​ថា៖ «ប្រធានខ្ញុំប្រាប់ខ្ញុំពីម្សិលមិញ [ថ្ងៃទី៣០ ខែឧសភា] ថាគាត់នឹងដោះស្រាយ​ជាមួយពួកគាត់ [សហជីព] ប៉ុន្ដែដោះស្រាយដោយរបៀបណា ខ្ញុំមិនដឹងទេ! ខ្ញុំអាចប្រាប់បងបានតែប៉ុណ្ណឹង​ទេ»

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះពី​អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃនេះ។

ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍ថា​៖ «ក្នុងករណី​នេះ ក្រុមហ៊ុនមានសិទ្ធិក្នុងការប្ដឹងទៅក្រសួងការងារ ក្នុងរយៈពេល២ខែ លើសេចក្ដីសម្រេច។ មកដល់ពេលនេះ ក្រុម​ហ៊ុន​ដូច​ជា​មិន​បាន​ប្ដឹង​ទៅរដ្ឋមន្រ្ដីទេ។ អ៊ីចឹងក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការអនុវត្តទទួលយកថ្នាក់ដឹកនាំសហជីព​ឱ្យ​ចូល​ធ្វើការ​ ឬក៏ផ្ដល់នូវប្រាក់សំណង ប្រាក់រម្លឹក តាំងពីថ្ងៃឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ»


លោក សុខ មាន ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្ដាល

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ