រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Mikael Damberg និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Peter Hultqvist បានអះអាងរួមគ្នានៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរបស់ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវជំនួយសេដ្ឋកិច្ចនិងបរិក្ខាយោធាបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងកាំជ្រួចប្រឆាំងនាវា កាំភ្លើងវែង និងអាវុធប្រឆាំងរថក្រោះ ជាដើម ដើម្បីតទល់នឹងសង្រ្គាមឈ្លានពានដោយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Mikael Damberg បានថ្លែងឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សំណើដែលត្រូវបានដាក់ជូននេះ [ទៅកាន់សភា] បង្ហាញថា ថវិកាដែលបានបែងចែកសម្រាប់ថវិការដ្ឋាភិបាលកណ្ដាលនឹងកើនឡើងចំនួន១ពាន់លានក្រូណាស៊ុយអែត (SEK) [ស្មើនឹង១០២លានដុល្លារអាមេរិក] ក្នុងឆ្នាំ២០២២នេះ»។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ជាការគាំទ្រដល់អ៊ុយក្រែន និងជាផ្នែកនៃការឆ្លើយតបជាអន្តរជាតិចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ី រដ្ឋាភិបាលមើលឃើញពីតម្រូវការដើម្បីបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន»។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែត កាលពីខែកុម្ភៈកន្លងទៅ ធ្លាប់បានប្រកាសពីការបញ្ជូនសម្ភារយោធាដែលរួមមានអាវុធប្រឆាំងរថក្រោះចំនួន៥ ០០០គ្រឿង មួកសុវត្ថិភាព និងអាវក្រោះទៅកាន់អ៊ុយក្រែន ហើយក្នុងខែមីនា ខ្លួនក៏បានប្រកាសបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន៥ ០០០គ្រឿង ទៅកាន់ប្រទេសមួយនេះបន្ថែមទៀតផងដែរ៕