កូដករណាហ្គាវើលដ៍មួយចំនួនអះអាងពីការផ្អាកតវ៉ា ដើម្បីចេញទៅបោះឆ្នោតរើសមេឃុំ-ចៅសង្កាត់ ដោយរំពឹងថា បេក្ខជនឡើងកាន់អំណាចអាណត្តិថ្មីនេះនឹងស្ដាប់យោបល់ឬសំណើរបស់ពលរដ្ឋ ហើយជួយដោះស្រាយដោយភាពស្មោះត្រង់។
ការអះអាងយ៉ាងដូច្នេះធ្វើឡើង ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេសនាថ្ងៃទី៥ ខែមិថុនានេះ។
សកម្មជនសហជីព និងជាកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ប្រាប់វីអូឌីថា កញ្ញា និងក្រុមអ្នកតវ៉ាផ្សេងទៀត បានផ្អាកតវ៉ារកដំណោះស្រាយពាក់ព័ន្ធវិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូណាហ្គាបណ្ដោះអាសន្នសិន ដើម្បីមានពេលវេលាគ្រប់គ្រាន់ទៅបោះឆ្នោតជ្រើសរើសមេឃុំ-ចៅសង្កាត់ដែលខ្លួនពេញចិត្ត តំណាងពលរដ្ឋ ក៏ដូចជាបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អផងដែរ។
កញ្ញា ជឹម រដ្ឋា ថា៖ «ខ្ញុំសង្ឃឹមថា ការបោះឆ្នោតរបស់ខ្ញុំនឹងធ្វើឱ្យអ្នកដែលឡើងជាមេឃុំ-សង្កាត់ដែលឡើងកាន់អំណាចថ្មី ឡើងគ្រប់គ្រងនៅអាណត្តិថ្មីនេះ សង្ឃឹមថាពួកគាត់នឹង[មាន]ផលិតភាពឱ្យអស់ ដោយភាពស្មោះត្រង់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាពួកខ្ញុំដែលជាកម្មករដែលត្រូវរងការរំលោភបំពាននិងរំលោភសិទ្ធិ»។
កូដករមួយរូបទៀត កញ្ញា ពៅ រស្មី អះអាងថាបានទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយបានបោះឆ្នោតជ្រើសរើសមេឃុំ-ចៅសង្កាត់ដែលកញ្ញាទុកចិត្តរួចហើយ។ យ៉ាងណា កញ្ញារំពឹងថា ចៅសង្កាត់ជាប់ឆ្នោតនឹងដើរតួជាជនតំណាងពលរដ្ឋតាមមូលដ្ឋានពិតប្រាកដ។
កញ្ញា ពៅ រស្មី ថា៖ «ពួកយើងគឺជាពលរដ្ឋដែលគោរពតាមច្បាប់ មិនបំពានទៅនឹងច្បាប់អីទេ។ ពួកយើងយល់ពីច្បាប់ កាតព្វកិច្ចអ្វីដែលយើងត្រូវធ្វើ អ្វីដែលយើងត្រូវចង់បាន វាជារឿង២ផ្សេងគ្នា! រឿងវិវាទការងារជារឿងវិវាទការងារ [ទុកមួយឡែកសិន] រឿងកាតព្វកិច្ចយើងជាពលរដ្ឋ គឺកាតព្វកិច្ចរបស់ពួកយើងជាពលរដ្ឋ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការិយាល័យបោះឆ្នោតទាំង២៣ ៦០២ នៅ ២៥រាជធានី-ខេត្ត បានបើកដំណើរការស្របតាមការកំណត់ សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ បោះឆ្នោតគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ។
បើតាម គ.ជ.ប ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង៣និង០០នាទីរសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។
យ៉ាងណា គ.ជ.ប ថា ប្រធានការិយាល័យបោះឆ្នោតអាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង៣និង០០នាទីរសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
តាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតគឺមានចំនួនសរុប៩ ២០៥ ៦៨១នាក់ ខណៈការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន២៣ ៦០២ការិយាល័យ៕