មន្ត្រី​សុខាភិបាល​ស្រុកអង្គរជុំ ស្នើ​ប្រមូល​ឱសថ​ខុសច្បាប់​និង​ខូចគុណភាព​តាមទីផ្សារ

សកម្មភាព​កម្ទេច​ផលិតផល​ក្លែងក្លាយ​និង​ឱសថ​ខុសច្បាប់ នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ប្រធានការិយាល័យសុខាភិបាលស្រុកអង្គរជុំ បានស្នើទៅ​អភិបាលស្រុកពួក ដើម្បីចុះប្រមូលឱសថនិងថ្នាំផ្សំដែលលក់ខុសច្បាប់នៅ​តាមតូបចាប់ហួយនិងក្នុងផ្សារ ដើម្បីយកមកកម្ទេចចោល។

ការស្នើនេះធ្វើឡើងតាម​លិខិតរបស់លោកវេជ្ជបណ្ឌិត ម៉ក់ សំអឿន ប្រធានការិយាល័យស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃចន្ទ​ ដោយរកឃើញថា មានការលក់ដូរឱសថនិងថ្នាំផ្សំយ៉ាងអនាធិបតេយ្យដែលហួសកាលបរិច្ឆេទ ខូចគុណភាព និងប្រើប្រាស់មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ​ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។

លោកបន្តថា ការិយាល័យប្រតិបត្តិសុខាភិបាលស្រុកអង្គរជុំ ​គ្របដណ្ដប់ទៅលើស្រុកចំនួន៣ រួមមាន ស្រុកពួក ស្រុកអង្គរជុំ និង​ស្រុកវ៉ារិន ហើយការចេញ​លិខិត​ស្នើនេះ នឹងបានបញ្ជូនទៅស្រុកទាំងបីនេះផងដែរ ក្រោយរកឃើញថា ស្រុកទាំង៣នោះនៅតែមានករណីបន្តលក់ថ្នាំខុសច្បាប់និងខូចគុណភាព។

​លោកវេជ្ជបណ្ឌិត ម៉ក់ សំអឿន បញ្ជាក់ថា៖ «រឿងភស្តុតាង ដូចដែលខ្ញុំជម្រាបអ៊ីចឹង ការលក់ថ្នាំនេះ គឺមិនមែនមានតែនៅស្រុកអង្គរជុំនោះទេ គឺលក់សឹងតែគ្រប់កន្លែងហ្នឹងឯង។ ហើយយើងចុះឃើញទៅ យើងធ្លាប់ប្រមូលតាំងពីជាង១០ឆ្នាំមុន។ ខ្ញុំប្រមូលម្ដងហើយ ​ហើយខ្ញុំប្រមូលបានច្រើនណាស់ ជាង២ ០០០តូបឯណោះ តាំងពីជាង១០ឆ្នាំមុន។ តែឥលូវយើងសង្កេតឃើញថា គាត់លក់ឡើងវិញ អ៊ីចឹងយើងក៏ធ្វើការងារហ្នឹងម្ដងទៀត។»

មន្ត្រីជំនាញដដែលអះអាងថា ​មកទល់ពេលនេះ គឺលោកពុំទាន់ទទួលបានការឯកភាពជាលក្ខណៈពេញលេញពីស្រុកទាំង៣នេះទេ ហើយចំពោះវិធានការ គឺនឹងធ្វើទៅតាមដំណាក់កាល។

លោកបន្តថា៖ «មកទល់ពេលនេះ គឺខាងស្រុកពួក និយាយទៅគឺស្រុកទាំងបីហ្នឹង គឺយើងអត់ទាន់បានលិខិតត្រលប់មកវិញ ឯកភាព ឱ្យបានធ្វើទេ គ្រាន់តែថា អង្គរជុំ និងបារិន គាត់បានឆ្លើយថាគាត់ឯកភាពហើយ ​គ្រាន់តែថាសិទ្ធិផ្លូវការមិនទាន់មានអ៊ីចឹងហ្អា! ហើយមកដល់ពេលនេះ ខាងស្រុកពួក គាត់មិនទាន់បានទាក់ទងមកខាងខ្ញុំទេ គាត់ចាំអ្នកជំនាញមកនិយាយពីនីតិវិធីមួយចំនួនទៀត។»

ទោះជាយ៉ាងនេះក្ដី លោកវេជ្ជបណ្ឌិត ម៉ក់ សំអឿន បញ្ជាក់ថា ​វិធានការដំបូង មន្ត្រីជំនាញនឹង​អប់រំជាមុនសិន ហើយនឹងប្រមូលថ្នាំខូចគុណភាពនិងខុសច្បាប់ទាំងនោះ ប៉ុន្តែប្រសិនបើរកឃើញថា អាជីវករទាំងនោះប្រព្រឹត្តល្មើសទៀត នឹងចាត់វិធានការច្បាប់តែម្តង។ 

តាមប្រភពដដែលបានឱ្យដឹងថា ការចរាចរថ្នាំខុសច្បាប់និងខូចគុណភាពទាំងនោះ ភាគច្រើនចេញ​​ពីកន្លែងឱសថស្ថានស្របច្បាប់ទៅលក់បន្តឱ្យអាជីវករទាំងនោះ ការទិញលួចលាក់ពីអ្នកលក់ខុសច្បាប់ដូចគ្នានៅក្នុងផ្សារ និងមួយទៀតគឺខាងក្រុមហ៊ុនឱសថផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ