មន្រ្តី​រដ្ឋាភិបាល​នៅ​តែ​អះអាងថា​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ប្រេងឆៅ​ដែល​បាត់​ជិត​៣០ម៉ឺន​បារ៉ែល

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ទទួល​បានព័ត៌​​មាន​​ជាក់​​លាក់អំពីប្រេងឆៅ​​ដែល​បាត់​​ជិត៣០ម៉ឺនបារ៉ែលនេះនៅឡើយទេ ខណៈមន្រ្តីដែលទទួលបន្ទុកកិច្ចការនេះបាន​​បដិ​​សេធ​ក្នុងការផ្តល់ព័ត៌មាននៅពេលសួរនាំអំពីសំណុំរឿងប្រេងឆៅនេះ​។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ នៅថ្ងៃព្រហស្បតិ៍នេះថា ក​​រ​ណី​​​​​បាត់ប្រេងឆៅនេះ ក្នុងនាមមន្រ្តីរដ្ឋាភិបាល លោកពិតជាមិនទាន់បានទទួល​​ដំណឹង​​ណា​​មួយជា​​​​​​​​​ផ្លូវ​​ការ អំពីវឌ្ឍនភាពនៃការនាំប្រេងឆៅនេះត្រលប់មកកម្ពុជាវិញនៅឡើយទេ។

បើតាមលោក ផៃ ស៊ីផាន តាមពិតទៅ កិច្ចការនេះមានតែក្រសួងរ៉ែនិងថាមពលទេ ជាអ្នក​​ទទួល​​ខុស​​ត្រូវ និងជាអ្នកធ្វើកិច្ចការនេះដោយផ្ទាល់។ ចំណែកមន្រ្តីនាំពាក្យរដ្ឋាភិបាលអាចដឹងពីការវិ​​វត្ត​អំពីប្រេងឆៅនេះបាន លុះត្រានាយករដ្ឋមន្រ្តីទម្លាក់ព័ត៌មាននេះមក ទើបអង្គភាពអ្នកនាំ​​ពាក្យ​​រដ្ឋាភិបាល មានទិន្នន័យផ្សព្វផ្សាយបន្តបាន។

លោកបន្តថា៖ «ទៅសួរខាងប្រេងវិញ ទាល់ខាងហ្នឹងគេទទួលព័ត៌មាន​ហើយ ធ្វើរបាយការណ៍​ជូន​​ទៅ​​​​នាយករដ្ឋមន្រ្តី បាននាយករដ្ឋមន្រ្តីទម្លាក់មក។ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងអ្នកកំពូល​​របស់​​​រាជរដ្ឋាភិបាល​​គឺនាយករដ្ឋមន្រ្តី។ បើនាយករដ្ឋមន្រ្តីមិនទាន់បានទទួលព័ត៌មានទេ ខ្ញុំក៏អត់ដែរ​»។

អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជា នៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ ​​ប​​ដិ​​​សេធ​​​​ក្នុងការផ្តល់ព័ត៌មានលម្អិតនៅថ្ងៃព្រហស្បតិ៍នេះ អំពីមូលហេតុដែលនាំឱ្យមានភាពយឺតយ៉ាវនៃការបញ្ជូនប្រេង​​ឆៅ​​​​​នេះត្រលប់មកកម្ពុជាវិញ ដោយអះអាងយ៉ាងខ្លីថា កំពុងជាប់រវល់។

លោកបន្តថា៖ «ហេឡូ! ពីណាគេហ្នឹង? ខ្ញុំកំពុងប្រជុំ កំពុងតែប្រជុំសិន»។

បើទោះជាបែបណា កាលពីដើមខែកញ្ញា ឆ្នាំមុន រដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល បាន​​ប្តេជ្ញាចិត្ត​​រួច​​ហើ​យ​​​ថា ប្រេងឆៅដែលត្រូវបានក្រុមហ៊ុន Kris Energy លួចដឹកចេញ​​ពីកម្ពុជា​​ទៅ​​​​នេះ នឹង​​នាំ​​​​មកវិញ​​ឱ្យ​​បាន។

កាលពីពាក់កណ្ដាលខែ​​សីហា ឆ្នាំ២០២១ លោក ជៀប សួរ ក៏បាន​ប្រាប់បណ្ដាញព័ត៌​​មាន​​ក្នុង​​ស្រុក​​ដែរថា តាមរយៈក្រសួងការបរទេស រដ្ឋាភិបាល​​បាន​​ដាក់​​បណ្ដឹងរួចហើ​​យ​ទៅរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីទាមទារសិទ្ធិក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីនាំប្រេងឆៅមកគ្រប់​​គ្រង​​វិញ។

ការឆ្លើយតបភ្លាមៗរបស់រដ្ឋាភិបាលអំពីរឿងនេះនាពេលកន្លងទៅ​ គឺកើតឡើងក្រោយ​​​ពេល​​​ដែ​​ល​​​​​​​រដ្ឋាភិ​​បាល​​ឥណ្ឌូ​​នេស៊ីបា​នប្រកាសកាលពីថ្ងៃទី២៥ ខែ​សីហា កន្លងទៅ ថាខ្លួនរឹបអូសបាននាវា​ដឹកប្រេង​​​​​​​មួយ​​គ្រឿង​​ ហើយនាវា​​​ដែល​ត្រូវបានកងទ័ពជើង​ទឹកឥណ្ឌូនេស៊ី​ចាប់បាននោះមានផ្ទុកប្រេងឆៅជិត៣០ម៉ឺន​បារ៉ែល និង​មាន​​នា​​វិក​នៅលើកប៉ាល់នោះផង។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ក៏ឯកភាពដែរ ដែលថាក្រសួងឬស្ថាប័នរបស់រដ្ឋមានចំណែកនៃការទទួលខុសត្រូវទៅតាមការងាររបស់ខ្លួន។ បើទោះជាបែបណា សម្រាប់លោក សេក សុជាតិ នៅតែយល់ឃើញថា ប្រសិនបើមន្រ្តី​​នាំ​​ពាក្យរបស់រដ្ឋាភិបាលឆ្លើយ​​មិន​​​​បាន​ដឹងរឿង ហើយទុក​កិច្ចការនេះឱ្យថ្នាក់ដឹកនាំកំពូលត្រូវរាយការណ៍មកក្រោមវិញ វាគឺជា​​រឿង​​​​ដែល​​​គួរឱ្យអស់សំណើចសម្រាប់ស្ថាប័នរបស់រដ្ឋ។

លោកបន្តថា៖ «ខ្ញុំយល់ឃើញថា ព័ត៌មាននេះគឺជាព័ត៌មានមួយដែលគួរឱ្យពិចារណាដែរ ដែល​​មន្រ្តី​​នៅ​​​​ថ្នាក់ក្រោម​​ដែលជាសេនាធិការរបស់នាយករដ្ឋមន្រ្តី គឺជាអ្នកដែលត្រូវស្វែងរកនិងតាមដា​នព័ត៌​មាននេះ​ឱ្យបានជាប់លាប់ ហើយរាយការណ៍ទៅនាយករដ្ឋមន្រ្តី ឬក៏នាយករដ្ឋមន្រ្តីត្រូវតាមដានហើ​យ​ធ្វើកិច្ចការនេះ ហើយរាយការណ៍ឱ្យមន្រ្តីថ្នាក់​​ក្រោមវិញ។ នេះជាអ្វីដែល​​ខ្ញុំមើលឃើញ!​ វា​ហា​ក់​​​​បី​​ដូច​​ជាដើរបញ្ច្រាស ថានាយករដ្ឋមន្រ្តីគឺជាអ្នកធ្វើការឱ្យមន្រ្តីថ្នាក់ក្រោម ហើយមន្រ្តីថ្នាក់ក្រោម​​គឺជា​មេ​​​ដឹកនាំរង់​​​ចាំលទ្ធផលពីនាយករដ្ឋមន្រ្តីដែលជាអ្នកធ្វើការឱ្យខ្លួនវិញ»។

ការបាត់ប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែល ដែលស្មើជាង​៤០​លានលីត្រនេះ ហើយបើគិតជាទឹកប្រាក់មានតម្លៃប្រមាណ២០លានដុល្លារអាមេរិក។ ចំណែកក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យ​ប្រេង​កាត ធ្លាប់លើកឡើងថា រឿងនេះនឹង​នាំឱ្យមានការសង្ស័យទៅលើការគ្រប់គ្រងរបស់​​​អាជ្ញាធរកម្ពុជា ឬមានជាប់ពាក់ព័ន្ធក្នុងហេតុផលណាមួយដែលនាំឱ្យនាវានេះអាចដឹកប្រេងឆៅ​​ទៅ​​​បានដោយស្រួល​​​បែបនេះ។

ប្រេងឆៅដែលបាត់ដំណឹងពីដែនសមុទ្រកម្ពុជា តាំងពីខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជានៅពុំទាន់មានព័ត៌មានផ្លូវការណាមួយថាតើប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនេះនឹងត្រូវ​​​បញ្ជូ​ន​​​​មកដល់​​កម្ពុជា​​វិញនៅពេលណាឱ្យប្រាកដនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ