ក្រសួងថា ការ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​នៅ​មិន​ទាន់​សះ​ជា

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយករណីក្រុមហ៊ុនបញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា ការសម្របសម្រួលរកដំណោះស្រាយ​ជុំវិញ​វិវាទការងាររបស់កូដករណាហ្គាវើលដ៍ និងភាគីក្រុមហ៊ុន នៅមិនទាន់មានការ​ព្រមព្រៀងរួមគ្នាលើចំណុចដែលក្រុមកូដករបានស្នើឱ្យដោះស្រាយនៅឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានលើកឡើងថា ក្រសួងបាន​បន្តអញ្ជើញ​គូភាគីវិវាទដែលជាតំណាងកូដករ និងតំណាងក្រុមហ៊ុនណាហ្គាវើសដ៍​ ទៅ​ប្រជុំ​ដោះស្រាយ​ជា​លើក​ទី​១៣ ​កាល​ពី​​ថ្ងៃ​​ម្សិល​មិញ​ ប៉ុន្តែនៅមិនទាន់ទទួលលទ្ធផលជាផ្លែផ្កានោះទេ ដោយសារ​តំណាងក្រុមហ៊ុន​នៅមិនទាន់ឯកភាពគ្នាលើចំណុចមួយចំនួនដែល​ស្នើឡើងដោយតំណាងសហជីពនិង​កូដករ។

បើតាមក្រសួងការងារ ក្នុងកិច្ចប្រជុំចរចារកដំណោះស្រាយនោះ ភាគីសហជីព និងតំណាង​​កូដករ​ណាហ្គាវើលដ៍ បាន​ស្នើឡើង​៥ចំណុច ក្នុងនោះ​ស្នើឱ្យកម្មករនិយោជិត២០០នាក់ដែលក្រុមហ៊ុនបញ្ឈប់ពីការងារបានចូលធ្វើការវិញ ដោយដោះដូរជាមួយ​កម្មករនិយោជិតដែលកំពុង​បម្រើការងារហើយស្ម័គ្រចិត្តលា​ឈប់, ទម្លាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ​និងសមាជិកដែលត្រូវបានចោទប្រកាន់, ស្នើក្រុមហ៊ុនបញ្ឈប់ការរើស​អើងអ្នកធ្វើកូដកម្ម និងស្នើក្រសួងការងារបើកការិយាល័យ​សហជីពនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ឡើងវិញ ដើម្បីធ្វើទំនាក់ទំនងការងារវិញ ជាដើម។

ក្រសួងបានស្រង់មតិរបស់សហជីពនិងតំណាងកូដករថា៖ «ដោយសារមូលហេតុកូវីដ-១៩​បានធូរស្រាល ហើយអ្នកដែល​មានបំណងបន្តការងារមានតែ១៧៥​នាក់​ទេ តាមកា​រ​លើកឡើង​របស់​ក្រុមហ៊ុន ហើយចំនួននេះលែងជាបន្ទុកធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនទៀតហើយ ដូច្នេះ ​តំណាងកម្មករ​នៅតែទទូចឱ្យ​ទទួល​យកអ្នកនៅ​សេស​សល់​ដែលជាតំណាងសហជីពនិង​សមាជិកចូលធ្វើការវិញ ព្រោះនេះគឺ​ជាដំណោះស្រាយពិតប្រាកដ។ ចំណែកកម្មករនិយោ​ជិត​​​​​​នៅតែបន្តធ្វើកូដកម្ម សុំទុកសិទ្ធឱ្យ​ពួកគាត់​សម្រេចធ្វើកូដកម្មឬចូលធ្វើការវិញ»។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បន្តថា ជុំវិញការស្នើរបស់សហជីពនិងតំណាងកូដករនេះ តំណាង​ក្រុមហ៊ុនណាហ្គាវើលដ៍នៅបន្តបដិសេធ និង​ទទូចឱ្យ​កម្មករនិយោជិត​ដែលនៅសល់​ប្រមាណ១៧៥នាក់ទៅទទួលយក​កញ្ចប់បញ្ចប់កិច្ចសន្យាការងារ ដោយថា ការធ្វើបែបនេះ ពួកគេ​នឹងទទួលបានថវិកា​បន្ថែម។​

ក្រសួងបានបញ្ជាក់ទៀតថា ក្រោយពីការចរចានៅពុំទាន់មានការឯកភាពគ្នា ក្រសួងបាន​​កំណត់កា​ល​បរិច្ឆេទ​ប្រជុំ​បន្ទាប់នៅរសៀល​​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២បន្តទៀត ដើម្បីឱ្យ​​ភាគី​ទាំងពីរមានឱកាសពិចារណាអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមក ដើម្បីឈានទៅបញ្ចប់វិវាទនេះ​។

ក្រសួងការងារក៏ស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់​ ក្នុងការចូលរួមដោះស្រាយបញ្ចប់​វិវាទ​ការងារនេះ​ដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

យោងតាមនីតិវិធី ក្រសួងថា ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធី​បន្ទាប់​ គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ