រដ្ឋាករទឹក​ធានា​ថា​ចាប់​ពី​ឆ្នាំក្រោយទៅ​សម្រាប់​អ្នក​ជួលផ្ទះ​ឬ​បន្ទប់ តម្លៃ​ទឹក​នឹង​មិន​លើស​ពី​១០០០រៀល​ក្នុង​មួយ​ម៉ែត្រ​គូប

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ចាប់ពីឆ្នាំ២០២៣ទៅ នឹងលែងមានករណីតម្លៃទឹកលើសពី «១ ០០០រៀលក្នុងមួយម៉ែត្រគូប» ទៀតហើយសម្រាប់អ្នកជួលផ្ទះឬបន្ទប់ ខណៈសម្ពាធទឹកនឹងចូលពេញលេញដល់ទីតាំងអ្នកលក់ទឹកបន្ត ហើយមន្ត្រីជំនាញនឹងចុះធ្វើកិច្ចការនេះ​ដើម្បីធានាថាតម្លៃគឺស្របតាមការកំណត់។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នាថ្ងៃទី៩ ខែមិថុនា នេះ និងបន្ទាប់ពីមានការត្អូញត្អែរពីកម្មករ និងសិស្ស-និស្សិត ថាតម្លៃទឹកនៅតាមបន្ទប់ជួលនៅរាជធានីភ្នំពេញ គឺថ្លៃលើសពី២ដងនៃតម្លៃកំណត់របស់រដ្ឋាករទឹក ដែលមិនស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៣ទៅ ករណីតម្លៃទឹកលើសពី១ ០០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់អ្នកជួលផ្ទះឬជួលបន្ទប់ នឹងលែងកើតមាន​។

លោកថា ករណីនេះ រដ្ឋាករទឹកនឹងធ្វើការជាមួយអ្នកលក់ទឹកបន្តទាំងអស់ និងមានការចូលរួមពីអាជ្ញាធរដែនដី ដោយយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេស អាជីវកម្ម ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃទឹកត្រូវតែលក់តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី។

អគ្គនាយករដ្ឋាករទឹករូបនេះថា តាមពិត សម្រាប់ពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសកម្មករ-កម្មការិនី សិស្ស-និស្សិត គឺតម្លៃទឹកលក់ត្រឹមតែ៧០០-៨០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប។ យ៉ាងណា តម្លៃនៅតាមបន្ទប់ជួលជាដើម ត្រូវបានគេលក់ដល់ទៅ២ ៥០០រៀល ឬលើសពីនេះក្នុងមួយម៉ែត្រគូប ដោយសារតែសម្ពាធទឹកខ្សោយ ហើយអ្នកលក់ទឹកបន្តក៏គិតគូរទៅតាមតម្លៃវិនិយោគដែលពួកគេ​ចំណាយដើម្បីភ្ជាប់ទឹកឱ្យចូលដល់តាមជាក់ស្តែង ដូចជា ថ្លៃបំពង់ ម៉ាស៊ីនបូមទឹក នាឡិកាទឹក និងថ្លៃអគ្គិសនី។

លោក ឡុង ណារ៉ូ ថា៖ «អតិថិជន អ្នកលក់ទឹកបន្តនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នប្រមាណជា៥ ០០០អ្នកលក់ទឹកបន្ត ជាពិសេសនៅតំបន់ជាយក្រុង ទៅលើបណ្តារោងចក្រទាំងអស់ ទៅលើបណ្តាទីតាំងដែលមានអាជីវកម្មផ្សេងៗ។ ប៉ុន្តែអ្នកកាសែតបានទៅមើលឃើញថា គាត់អត់មានលក់ទឹក ៧០០ [ឬ] ៨០០រៀលផង គាត់លក់រហូតដល់២ ៥០០រៀលឯណោះ។ ការងារនេះ ពួកខ្ញុំកំពុងតែធ្វើរាល់ថ្ងៃ ហើយពួកខ្ញុំ [ដឹងថាត្រូវ] ធ្វើយ៉ាងម៉េច! ហើយយើងនៅ[សល់]ពេលតែមួយឆ្នាំទៀតទេ មួយឆ្នាំទៀត! អ្នកលក់ទឹកបន្តហ្នឹងលែងមានហើយ គឺសម្ពាធទឹកយើង មានទឹកប្រើប្រាស់គ្រប់គ្រាន់»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំពោះការធានារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលអះអាងពីការជំរុញឱ្យតម្លៃទឹកមិនលើសពី១ ០០០រៀលក្នុងមួយម៉ែត្រគូបសម្រាប់ជួលផ្ទះឬបន្ទប់ ​ដោយថានេះជារឿងប្រសើរ ដែលជួយសម្រួលភាពលំបាកដល់កម្មករ និងសិស្ស-និស្សិត។

យ៉ាងណា លោកថា រឿងនេះអាចទៅរួចលុះត្រាតែស្ថាប័នមួយនេះមានផែនការជាក់លាក់ក្នុងការធ្វើការជាមួយម្ចាស់ផ្ទះជួល ដើម្បីធានាថាដំណើរការផ្តល់សេវាទឹកបានគ្រប់គ្រាន់ ដោះស្រាយបញ្ហានានា ដើម្បីមានតុល្យភាព កុំឱ្យម្ចាស់ផ្ទះមានការខាតបង់ផងដែរ។

លោកថា៖ «បញ្ហាទឹកថ្លៃ ដោយសារ ទី១ យើងគ្រប់គ្រងអត់បាន។ ទី២ ការផ្គត់ផ្គង់ទឹកបន្តៗគ្នា គឺវាមានតម្លៃថ្លៃ។ បើរដ្ឋយកតម្លៃឱ្យទាបទៅ ហើយឱ្យពួកគាត់ [ម្ចាស់ផ្ទះជួល] យកតម្លៃទាបដែរទៅ អាហ្នឹងគឺវាអាចទៅរួច»។

និស្សិតកំពុងសិក្សាឆ្នាំទី២ ផ្នែក Business Administration នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កញ្ញា សុខ ណៃស៊ីម ប្រាប់ថា កញ្ញាកំពុងស្នាក់នៅផ្ទះជួលដែលម្ចាស់ផ្ទះគិតតម្លៃទឹកខ្ពស់ជាង​តម្លៃកំណត់របស់រដ្ឋ។  ​

និស្សិតរូបនេះចង់ឱ្យការលក់ទឹកជូនអ្នកជួលបន្ទប់ទាំងអស់ក្នុងតម្លៃកំណត់របស់រដ្ឋឬសមរម្យ ដើម្បីកាត់បន្ថយការចំណាយរបស់ពួកគាត់។

កញ្ញា សុខ ណៃស៊ីម៖ «ព្រោះយើងអត់ដឹង តែគាត់ [ម្ចាស់ផ្ទះ] ថាប៉ុនណា គឺប៉ុណ្ណឹងហើយ! យើងក៏ពិបាកដែរ បើសិនខាងរដ្ឋាករទឹក គាត់កំណត់ឱ្យម្ចាស់ផ្ទះ គាត់ត្រូវយកប៉ុន្មាន ដូចថាតម្លៃសមរម្យ អាចនឹងទាបជាងហ្នឹងអ៊ីចឹង។ ព្រោះបើគាត់យក១ ៥០០[រៀល] គឺពួកខ្ញុំត្រូវខាត និយាយឱ្យចំគឺថ្លៃជាងឡើង២ដង។ គាត់អាចយកតម្លៃដែលសមរម្យ សម្រាប់គាត់ជាម្ចាស់ផ្ទះ និងសម្រាប់ខ្ញុំជាអ្នកជួល ដូចខ្ញុំជានិស្សិតផ្ទាល់ហ្នឹងអាចទទួលយកបានសមរម្យ»។

មុនរដូវកាលបោះឆ្នោតជាតិអាណត្តិទី៦ មកដល់ កាលពីចុងខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃប្រើប្រាស់ទឹកសម្រាប់កម្មករនៅតាមបន្ទប់ជួល នឹងចំណាយត្រឹម៨០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប។

ក្រោយការលើកឡើងរបស់លោក​​ ហ៊ុន​ សែន ក្រសួងឧស្សាហកម្មក៏បាន​ចេញ​សេចក្តីសម្រេច​មួយ​ ដោយ​កំណត់ឱ្យ​ម្ចាស់ផ្ទះជួលទាំងអស់លក់ទឹកស្អាត​តម្លៃ៨០០​រៀលក្នុង១ម៉ែត្រគូប ដល់សិស្ស-និស្សិត និងកម្មករ ទៅតាម​បទបញ្ជារបស់​នាយករដ្ឋមន្ត្រី ប៉ុន្តែបញ្ហាលក់ទឹកក្នុងតម្លៃលើសការកំណត់នេះនៅតែកើតឡើងសម្រាប់ពួកគាត់ទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ