សមត្ថកិច្ចរាជធានីភ្នំពេញប្រមាណ៥០នាក់ បានចាប់ខ្លួនកញ្ញា សេង ធារី បញ្ជូនទៅពន្ធនាគារភ្លាមៗនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសដាក់ពន្ធនាគារកញ្ញា រួមនឹងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយជាច្រើនរូបទៀត ក្នុងម្នាក់ៗចន្លោះពី៥ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកាលពីឆ្នាំ២០២០ ចោទប្រកាន់កញ្ញា សេង ធារី ជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក និងសកម្មជនបក្សប្រឆាំង សរុប១២០នាក់ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ដោយសារការបង្ហោះសារគាំទ្រផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ កាលពីឆ្នាំ២០១៩។
ដោយសារសំណុំរឿងនេះមានជនសង្ស័យច្រើនពេក តុលាការបានបំបែកសំណុំរឿងនេះជាពីរធំៗ ហើយកញ្ញា សេង ធារី ស្ថិតនៅក្នុងចំណោមជនសង្ស័យចំនួន៤២នាក់។
ជុំវិញសំណុំរឿងដែលមានជនសង្ស័យជាង៤០នាក់នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមនៅថ្ងៃអង្គារ ដោយសម្រេចផ្ដន្ទាទោសកញ្ញា សេង ធារី ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទ «រួមគំនិតក្បត់»។
ចំណែកសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការបានរំលាយផ្សេងទៀត ក្នុងនោះមានអ្នកស្រី យក់ នាង, លោក កាក់ កុម្ភារ, លោក ហេង ច័ន្ទសុទ្ធី និងលោក ទុំ ប៊ុនថន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ទៅ៨ឆ្នាំ ខណៈសកម្មជនខ្លះត្រូវបានតុលាការព្យួរទោស។
អ្នកស្រី ព្រំ ចាន់ថា ដែលជាភរិយាលោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះដែលតុលាការបានរំលាយ មានប្រសាសន៍ថា ស្វាមីអ្នកស្រីត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធគារចំនួន៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់»។ អ្នកស្រីបានចាត់ទុកការប្រកាសសាលក្រមរបស់តុលាការនេះថា ជារឿងអយុត្តិធម៌ ខណៈស្វាមីអ្នកស្រីពុំបានប្រព្រឹត្តដូចការចោទប្រកាន់។
ក្រោយការប្រកាសសាលក្រមនៅព្រឹកមិញនេះដែរ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំរលាយ អ្នកគាំទ្រកញ្ញា សេង ធារី ជាមួយនឹងក្រុមប្រជាការពារ ខណៈពួកគេព្យាយាមស្រែកទាមទាររកយុត្តិធម៌នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
សវនាការលើកញ្ញា សេង ធារី និងសំណុំរឿងក្បត់ជាតិរបស់អតីតអ្នកគាំទ្រ សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានចាប់ផ្តើមកាលពីដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីអាក់ខានអស់រយៈពេលជាងមួយឆ្នាំ៕