រដ្ឋាភិបាល​បញ្ចប់​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ​និយោជិត​ដែល​ព្យួរ​កិច្ចសន្យា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសពីការបញ្ចប់ការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោ​ជិតដែលព្យួរការងារ​ក្នុ​ងវិស័យទេស​ចរណ៍​ លើកលែងតែសណ្ឋាគារនៅក្នុងខេត្តសៀមរាប ខណៈការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង​ដោយប្រសិទ្ធភាព។

សេចក្តីជូនដំណឹង​របស់ក្រសួងការងារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានលើកឡើងថា ដោយ​ការគ្រប់​គ្រង​ស្ថាន​ភាព​នៃ​ការរីករាលដាលជំងឺកូវីដ-១៩​ នៅ​តាម​រោង​ចក្រ និង​សហគ្រាស ប្រកប​ដោយប្រសិទ្ធភាព​​ខ្ពស់ ធ្វើឱ្យ​អាជីវកម្មក្នុងវិស័យទេសចរណ៍​ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់​ងារ​ទេស​ចរណ៍​​ក្នុង​បណ្តារាជធានីខេត្ត បានបើកដំណើរការជាបណ្តើរៗឡើងវិញ​។

ករណីនេះ ក្រសួងថា រដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការ​អនុវ​ត្តវិធានការ​ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០​ដុល្លារ​ក្នុង១ខែ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ​ក្នុងវិស័យ​ទេស​ចរណ៍ គិត​ចាប់​ពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០២២តទៅ លើកលែងតែកម្មករនិយោជិតដែលបម្រើការផ្នែកសណ្ឋាគារ ក្នុងខេត្ត​សៀម​រាបប៉ុណ្ណោះ។

ក្រសួងការងារ ក៏បានបញ្ជាក់ដែរ​ថា ចាប់ពីថ្ងៃជូនដំណឹងនេះ​តទៅ ម្ចាស់ឬនាយកសហគ្រាសត្រូវអនុវត្ត​ការ​ព្យួរកិច្ចសន្យាការងារតាមការព្រមព្រៀងគ្នា រវាងនិយោជកនិងកម្មករនិយោជិត ស្របតាមខ្លឹមសារមាត្រា៧១ ​និង​៧២ នៃច្បាប់ស្តីពីការងារ។

រដ្ឋាភិបាលបានប្រកាសពីការ​ផ្តល់ប្រាក់ឧបត្ថម្ភដល់​​កម្មករនិយោជិត កាលពីអំឡុងឆ្នាំ២០២០ ក្រោយពី​កម្ពុជាជួបវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ