អ្នកបញ្ជាទិញ​ស្នើ​ក្រសួងការងារ​ស៊ើប​អង្កេត​ករណី​សមត្ថកិច្ច​ឃាត់ខ្លួន​សហជីព​នៅ​ខេត្តកំពង់ឆ្នាំង

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (សង់ត្រាល់)

ក្រុមហ៊ុន​បញ្ជា​ទិញ Adidas បាន​ស្នើដល់ក្រសួងការងារកម្ពុជា ស៊ើ​បអង្កេតករណីសមត្ថកិច្ចឃាត់​ខ្លួន​តំណាង​សហជីព​ប្រចាំ​រោង​ចក្រ ខេនស្ព័តស៊ូ (Can Sports Shoes Cambodia) នៅខេត្ត​កំពង់ឆ្នាំង កាលពីខែមុន។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ តំណាងសហជីព៥នាក់ប្រចាំរោងចក្រ ខេនស្ព័តស៊ូ ស្ថិត​នៅ​ភូមិ​ចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនរយៈពេលខ្លី​ជាបន្ត​បន្ទាប់ ខណៈកម្មកររាប់ពាន់ផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ។

ក្នុងលិខិត​ចុះថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន Adidas លោក វីល្លៀម អាឌឺសាន់ អនុប្រធានថ្នាក់សកលកិច្ចការសង្គម និងបរិស្ថាន បានផ្ញើលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ឱ្យធ្វើការស៊ើបអង្កេតលើសកម្មភាពរបស់ប៉ូលិស​ដែលឃាត់ខ្លួនរយៈពេលខ្លី លើតំណាងសហជីពប្រចាំរោងចក្រ ខេនស្ព័តស៊ូ នេះ។

លោក វីល្លៀម អាឌឺសាន់ ក៏បានស្នើដល់ក្រសួងការងារ ជូនដំណឹងដោយតម្លាភាព​នៃលទ្ធផលស៊ើប​អង្កេតដល់ភាគីពាក់ព័ន្ធដែលប៉ះពាល់ និងការពារកុំឱ្យហេតុការណ៍នោះកើតឡើងម្តងទៀត​នា​ពេល​អនាគត ដោយថា សកម្មភាពនោះបានរំលោភលើសិទ្ធិសេរីភាពសមាគមនិងសិទ្ធិ​សហជីព។

ក្នុងលិខិតដដែលនោះបានលើកឡើងថា រោងចក្រ ខេនស្ព័តស៊ូ មានសហជីពមូលដ្ឋានចំនួន១០ ហើយ​សហជីពចំនួន៤ បានជូនដំណឹងទៅថៅកែ និង​អាជ្ញាធរមូលដ្ឋាន មុនពួកគេធ្វើកូដ​កម្ម ហើយសហជីពនេះក៏កំពុងតែស្ថិតក្នុងការចរចា​ជាមួយអ្នកគ្រប់គ្រងរោងចក្រផងដែរ។

បើតាមលិខិត​នេះ ដើម​ចម​នៃ​វិវាទការងារនេះកើតចេញពីការទាមទារឱ្យមានអ្នកលក់ដូរអាហារក្នុងបរិវេណ​រោងចក្រប្រហែល២០០នាក់ និងទាមទារឱ្យពន្លឿនការកាត់ប្រាក់វិភាគ​ទាន​ប្រចាំ​ខែជូន​សហជីព​ពីប្រាក់ខែកម្មករដែលផ្លាស់ប្ដូរពីសហជីពចាស់ទៅសហជីពថ្មី។

លិខិតដដែលបានលើកឡើងទៀត​​ថា ថ្នាក់ដឹកនាំសហជីព២នាក់ត្រូវបានចាប់និងឃុំខ្លួននៅស្នងការប៉ូលិស​ខេត្ត ក្នុងអំឡុងពេលកំពុងតែចរចាគ្នា ហើយនៅថ្ងៃបន្ទាប់ កម្មករបានចាប់ផ្ដើមប្រមូលផ្ដុំធ្វើកូដកម្មដោយសន្ដិវិធីនៅមុខខ្លោងទ្វាររោងចក្រ។ ទន្ទឹមនោះ ថ្នាក់ដឹកនាំសហជីព៣នាក់ទៀតត្រូវបានចាប់ខ្លួន ប៉ុន្ដែត្រូវបានដោះលែងវិញក្នុង​រយៈ​ពេល២៤ម៉ោងបន្ទាប់ និង​តម្រូវឱ្យ​ចុះ​ហត្ថលេខាលើកិច្ចសន្យាមិនឱ្យបន្ដធ្វើកូដកម្ម។

លិខិត​បញ្ជាក់​ថា មូលហេតុ​នៃការចាប់ខ្លួននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ប៉ុន្ដែសមត្ថ​កិច្ចបានភ្ជាប់ទៅនឹងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយថ្នាក់ដឹកនាំសហជីព​ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ និងមិនមានភស្ដុតាងបន្ថែមអំពីការចោទប្រកាន់នេះ។

តំណាង​ក្រុមហ៊ុន​បញ្ជាទិញ Adidas បានលើកឡើងទៀត​ថា ការចាប់ខ្លួនសមាជិកសហជីពដោយ​មិន​មាន​ការចោទប្រកាន់ គឺជាការរឹតត្បិតលើសេរីភាព ហើយរដ្ឋាភិបាលគួរចាត់វិធានការ​ដោយដាក់ចេញនូវសេចក្ដីណែនាំដ៏សមស្រប​មួយ ដើម្បីការពារនូវហានិភ័យដែលកើតចេញ​ពីការចាប់ខ្លួនសមាជិកសហជីពបែបនេះ។

តំណាង​អ្នកបញ្ជាទិញ បន្តថា ដើម្បីជាប្រយោជន៍ដល់ការអនុវត្តតួនាទីនិងកាតព្វកិច្ចរបស់រដ្ឋាភិបាលឱ្យបានត្រឹមត្រូវតាមអនុសញ្ញា ILO ច្បាប់សហជីព និងច្បាប់ស្តីពី​ការងាររបស់​កម្ពុជានោះ ក្រសួង​ការងារត្រូវធ្វើការស៊ើបអង្កេតលើសកម្មភាពអនុវត្តការងារ​របស់​ប៉ូលិស និងជូនដំណឹង​ដោយ​តម្លាភាពអំពីលទ្ធផលពីការស៊ើបអង្កេតនោះដល់ភាគីរងផលប៉ះពាល់ រួមទាំងការពារមិនឱ្យហេតុការណ៍នេះកើតឡើងម្ដងទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ