តំណាងជនជាតិដើមភាគតិចកួយម្នាក់នៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនដំណាំកៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD)» ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី។
អនុប្រធានទី១ សហគមន៍ជនជាតិដើមភាគកួយក្បិតចង្ហូរខ្នា លោក ហ៊ាន ហៀក ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា អនុប្រធានទី២សហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្លា អ្នកស្រី ហេង ផេន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ហើយតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃដដែលនោះ ក្រោមការចោទពីបទ «ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ ឆេង ផាន់ តំណាងក្រុមហ៊ុន សមុ្បត្តិ ផ្លេធីណឹម។
លោកថា ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកស្រី ហេង ផេន នេះ គឺកន្លងមក អ្នកស្រីមិនធ្លាប់ទទួលបានដីកាណាមួយពីតុលាការនោះឡើយ។
លោកបន្ថែមថា៖ «អ្នកស្រី [ហេង ផេន] អត់បានធ្វើអ្វីខុសច្បាប់ទេ។ គាត់អត់បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុនទេ។ ហើយការចាប់ខ្លួនគាត់នេះ វាបានរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិច ព្រោះការចាប់នេះ វាអត់មានហេតុផលច្បាស់លាស់ទេ គ្មានលិខិតឬដីកាជូនដំណឹងដល់គាត់ទេ»។
លោក ហ៊ាន ហៀក រៀបរាប់ទៀតថា សហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្នានេះ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «សម្បត្តិ ផ្លេធីណឹម» និងក្រុមហ៊ុន «ទេពីអាក្រូ» តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២២នេះ ក្រោយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់សហគមន៍ពួកគេ កាលពីឆ្នាំ២០១០ និងឆ្នាំ២០១១ ដោយក្រុមហ៊ុនបានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍និងផលដំណាំរបស់ជនជាតិដើមភាគតិចជាបន្តបន្ទាប់។
តំណាងសហគមន៍រូបនេះបន្តថា កាលពីឆ្នាំ២០១៤ អាជ្ញាធរខេត្តកំពង់ធំ បានសម្របសម្រួលឱ្យក្រុមហ៊ុនកាត់ដីទំហំ១៣០ហិកតា និងទុកដីចម្ងាយ១០០ម៉ែត្រពីអូរ រវាងដីសហគមន៍ និងដីក្រុមហ៊ុន ជូនពលរដ្ឋប្រើប្រាស់អាស្រ័យផលវិញ ប៉ុន្តែខាងក្រុមហ៊ុនមិនបានអនុវត្តតាមឡើយ។ លោកថា ក្រុមហ៊ុនមិនត្រឹមតែមិនអនុវត្តទេ ថែមទាំងបន្តឈូសឆាយលុបប្រឡាយព្រំ និងរំកិលព្រំចូលដីសហគមន៍ថែមទៀត។
សមាជិកសហគមន៍ម្នាក់ទៀត លោក អ៊ុម ប៉ុនថន និយាយថា ក្រុមហ៊ុនមិនត្រឹមតែឈូសឆាយរំលោភយកដីសហគមន៍ជនជាតិដើមភាគតិចប៉ុណ្ណោះទេ ថែមទាំងបានប្រើហិង្សាលើពលរដ្ឋជនជាតិដើមភាគតិច និងប្តឹងតំណាងពួកគេទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត។
លោកអះអាងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ មន្ត្រីនគរបាលចំនួន៨នាក់ប្រដាប់ដោយកាំភ្លើងផងនោះ បានទៅជេរប្រមាថ ប្រើអំពើហិង្សាលើអ្នកភូមិឱ្យមានរបួសស្នាម និងចាប់យកត្រាក់ទ័ររបស់អ្នកភូមិថែមទៀត ខណៈពលរដ្ឋចុះបង្កបង្កើនផលក្នុងដីសហគមន៍ ប៉ុន្តែក្រោយពលរដ្ឋតវ៉ា ក្រុមហ៊ុនបានប្រគល់ត្រាក់ទ័រឱ្យពលរដ្ឋវិញ។
លោក អ៊ុម ប៊ុនថន ចាត់ទុកករណីឃុំខ្លួនអ្នកស្រី ហេង ផេន និងការប្រើហិង្សាលើពលរដ្ឋនេះថា ជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនជាតិដើមភាគតិច ក្នុងការទទួលបានការកាប់សិទ្ធិដីធ្លីជាសមូហភាព។
លោកបន្ថែមថា៖ «ក្រុមពួកខ្ញុំជនជាតិដើមភាគតិច សូមអំពាវនាវដល់ខាងតុលាការ និងអាជ្ញាធរថ្នាក់ជាតិ ជួយអន្តរាគមន៍ដោះលែងអ្នកស្រី ហេង ផេន ឱ្យមានសេរីភាពវិញ ដើម្បីឱ្យសមស្របនឹងគោលនយោបាយនៃការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចរបស់រដ្ឋាភិបាល ដែលធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ ពីព្រោះគាត់អត់បានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ ហើយគាត់ជាស្ត្រីជនជាតិដើមភាគតិច ហើយដីសហគមន៍យើងបានចុះបញ្ជីជាដីសមូហភាពទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃផងដែរ»។
មេប៉ុស្តិ៍ឃុំងន ដែលអ្នកភូមិប្រាប់ថាឈ្មោះ សុភ័ក្ត្រ បានទទួលស្គាល់ថា ករណីចាប់ខ្លួនតំណាងជនជាតិដើមភាគតិច អ្នកស្រី ហេង ផេន គឺមិនបានជូនដីកាមុននោះទេ។ លោកថា ការចាប់និងបញ្ជូនខ្លួនអ្នកស្រី ហេង ផេន ធ្វើឡើងតាមបទបញ្ជាថ្នាក់លើ ហើយលោកក៏មិនទទួលបានដីកាពីតុលាការជាមុនផងដែរ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ប្រាប់វីអូឌីថា អ្នកស្រី ហេង ផេន ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី១៤ ខែមិថុនានេះ ក្រោមបទចោទ «ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដោយលោកអះអាងថា អ្នកស្រី ហេង ផេន រំលោភយកដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។
មេឃុំងន លោក សិត ផូយ មានប្រសាសន៍ថា លោកមិនបានដឹងមុនថា ក្រុមហ៊ុនប្តឹងតំណាងជនជាតិដើមភាគតិច និងមានការចាប់ខ្លួនអ្នកស្រី ហេង ផេន នោះទេ ប៉ុន្តែលោកថា ជនជាតិដើមភាគតិចពិតជាមានដីព្រៃសហគមន៍ធ្លាប់អាស្រ័យយូរឆ្នាំ និងមានជម្លោះជាមួយក្រុមហ៊ុន សមុ្បត្តិ ផ្លេធីណឹម មែន។
មេឃុំរូបនេះបន្តថា កន្លងមក អាជ្ញាធរធ្លាប់សម្របសម្រួលដោះស្រាយ ដោយមានការឯកភាពគ្នារវាងតំណាងជនជាតិដើមភាគតិច និងតំណាងក្រុមហ៊ុនដែរ ប៉ុន្តែការមានបញ្ហាថ្មីៗជាបន្តបន្ទាប់ទៀតនេះ គឺលោកមិនបានដឹងឡើយ។
លោកបន្ថែមថា៖ «កន្លងមក បងប្អូនប្រជាពលរដ្ឋគាត់មានការភ័យខ្លាចក្នុងការអាស្រ័យផលដែលនៅក្នុងផែនទីដីរបស់ក្រុមហ៊ុន ប៉ុន្តែដីព្រៃនោះ ពួកគាត់បានអាស្រ័យផលយូរឆ្នាំហើយ។ ប៉ុន្តែខាងក្រុមហ៊ុនក៏មិនធ្លាប់ធ្វើសកម្មភាពអីថ្មីប៉ះពាល់ដីបងប្អូនប្រជាពលរដ្ឋដែរ នេះជាទិដ្ឋភាពជាក់ស្តែង តែចំពោះការចាប់ខ្លួននេះ ទាល់តែថាមនុស្សទៅខេត្តកំពង់ធំហើយបានខ្ញុំដឹង»។
វីអូឌី មិនអាចរកការឆ្លើយតបពីបុគ្គលឈ្មោះ ឆេង ផាន់ ជាដើមបណ្តឹង និងតំណាងក្រុមហ៊ុន សមុ្បត្តិ ផ្លេធីណឹម បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍នៅឆ្នាំ២០២២ ស្តីពីស្ថានភាពសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិក្បិតចង្ហូរខ្នា ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា ជនជាតិដើមភាគតិចកួយជាង១០០គ្រួសារ បានរស់អាស្រ័យផលតាមរបៀបប្រពៃណីជនជាតិដើមភាគតិច លើព្រៃឈើសហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្នា តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។
របាយការណ៍ដដែលបន្តថា សហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្នា បានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០១៦ និងក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍នេះមានផ្ទៃដីជាង១ ០០០ហិកតា ហើយពេលនេះក្រុមហ៊ុនបានឈូសឆាយអស់ប្រហែល៧០០ហិកតាទៅហើយ។
បើតាមផែនទីសម្គាល់ទីតាំងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ២ ៤៩៦ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ដោយឡែក កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មន្ទីរររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ បានចេញលិខិតមួយឱ្យក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម និងក្រុមហ៊ុន ទេពីអាត្រូ បញ្ឈប់សកម្មភាពបោះបង្គោលព្រំ ឈូសឆាយផលដំណាំ និងដកបង្គោលព្រំចេញពីដីសហគមន៍ ព្រមទាំងសងសំណងផលដំណាំដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញចោលជូនពលរដ្ឋផងដែរ៕