កូដករ​ក្រុមហ៊ុន​ណាហ្គា​គ្រោង​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រោយ​រង​ភាព​អយុត្តិធម៌

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងបុគ្គលិកដែលមានវិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បង្ហើបពីគម្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយអះអាងថា ខ្លួនរងភាពអយុត្តិធម៌ពីក្រុមហ៊ុន ហើយថែមទាំងត្រូវអាជ្ញាធរថ្នាក់ក្រោមរារាំង ធ្វើទុក្ខបុកម្នេញ មិនឱ្យពួកគេបានធ្វើកូដកម្មជំរុញឱ្យថៅកែចេញមុខដោះស្រាយតាមច្បាប់ថែមទៀត។

ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងថា ថៅកែបានបញ្ឈប់ការងារកម្មករទាំងអយុត្តិធម៌ ក្នុងគោលបំណងរំលាយសហជីពដែលតែងតែការពារសិទ្ធិកម្មករឱ្យចេញផុតពីក្រុមហ៊ុន ខណៈការបញ្ឈប់នេះមិនអនុលោមតាមច្បាប់ទេហើយការទូទាត់សំណងក៏មិនបានត្រឹមត្រូវតាមច្បាប់ដែរ។

ក្រោយមក កញ្ញាថា កម្មករបានព្យាយាមប្រើយន្តការដោះស្រាយដោយសន្តិវិធីអស់រយៈពេល៨ខែ តែមិនបានជោគជ័យ ទើបចុងក្រោយពួកគេជ្រើសប្រើប្រាស់សិទ្ធិធ្វើកូដកម្មដោយសន្តិវិធី និងបំពេញតាមនីតិវិធីដើម្បីទាមទារសិទ្ធិការងាររបស់ខ្លួន។

យ៉ាងណា ប្រធាន​សហជីពកម្មករនៃក្រុមហ៊ុនណាហ្គារូបនេះថា កម្មករមិនអាចបំពេញសិទ្ធិរបស់ខ្លួនបាន ដោយសារក្រសួងការងារមិនបានធានាអំពីការអនុវត្តច្បាប់ដោយស្មើភាពទេ ចំណែកអាជ្ញាធរបានបិទមិនឱ្យក្រុមកូដករទៅជិតក្រុមហ៊ុនដើម្បីតវ៉ាឡើយ ដែលធ្វើឱ្យកម្មករកាន់តែរងនូវភាពអយុត្តិធម៌បន្ថែមទៀត។

បើតាមកញ្ញា ឈឹម ស៊ីថរ ក្រុមកម្មករធ្វើកូដកម្មនៅជិតក្រុមហ៊ុនណាហ្គា គឺដើម្បីតែតវ៉ាដាក់សម្ពាធឱ្យថៅកែគោរពសិទ្ធិការងារតាមច្បាប់ ហើយចង់ស្វែងរកការគាំទ្រពីស្ថាប័នជាតិ អន្តរជាតិ ដើម្បីធានាពីសិទ្ធិការងារ និងសហជីព។

កញ្ញាថា៖ «ជាអំពើអយុត្តិធម៌បំផុតសម្រាប់ពួកគាត់! សួរថាតើនិយោជិកអាចរកយុត្តិធម៌ អាចដោះស្រាយបញ្ហានៅពេលដែលគាត់រងការរំលោភបំពាន ឬក៏ធ្វើទុក្ខបុកម្នេញពីថៅកែនៅពេលណាបាន? បើសូម្បីសិទ្ធិធ្វើកូដកម្មរបស់គាត់ក៏មិនអាចអនុវត្តបាននោះ។ អ៊ីចឹង វាស្មើនឹងថានិយោជកអាចធ្វើអ្វីៗគ្រប់សព្វបែបយ៉ាងបានទាំងអស់នៅក្នុងកន្លែងធ្វើការងារមួយ។ គាត់ចង់គោរពច្បាប់ ឬមិនចង់គោរពច្បាប់ គឺស្ថិតនៅលើគាត់។ កន្លែងហ្នឹងហើយដែលជាបញ្ហា ហើយកន្លែងហ្នឹងហើយជាមូលហេតុសំខាន់បង្កើតឱ្យមានជម្លោះនិងវិវាទការងាររ៉ាំរ៉ៃមួយហ្នឹង»។

ប្រធានសហជីពណាហ្គារូបនេះថា ដើម្បីដោះស្រាយបញ្ហានេះ គឺក្រុមហ៊ុនត្រូវយល់ព្រមដោះដូរកម្មករ ហើយក្រសួងការងារត្រូវបំពេញតួនាទីជំរុញឱ្យថៅកែគោរពច្បាប់ការងារ ជាពិសេសសេរីភាពសហជីពដែលមានចែងក្នុងច្បាប់ ក៏ដូចជាអនុសញ្ញាអន្តរជាតិដែលកម្ពុជាផ្តល់សច្ចាប័ន។

យ៉ាងណា ក្រៅពីក្រសួងការងារ កញ្ញាថា ក្រុមកូដករមានការរំពឹងចុងក្រោយទៅលើប្រមុខថ្នាក់ដឹកនាំប្រទេស គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះ ពួកគេមានគម្រោងដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍នៅពេលរៀបចំញត្តិរួចរាល់។

កញ្ញាថា៖ «យើងអត់ទាន់បានរៀបចំញត្តិរួចនៅឡើយទេ! ឥលូវនេះកំពុងតែរង់ចាំបុគ្គលិកចូលរួមនៅក្នុងការធ្វើញត្តិ ហើយនៅពេលណាដែលរៀបចំរួចរាល់ហើយ គឺយើងនឹងដាក់ទៅខុទ្ទកាល័យសម្តេច [នាយករដ្ឋមន្ត្រី ហ៊ុន សែន] ដើម្បីស្នើឱ្យសម្តេចជួយអន្តរាគមន៍ក្នុងការដោះស្រាយវិវាទការងារនេះ»។

VOD មិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ​ នៅថ្ងៃ​សុក្រនេះ ពាក់ព័ន្ធការចោទប្រកាន់របស់កូដករថាអាជ្ញាធរបានការរារាំងពួកគេ។

យ៉ាងណា លោក ភក្តី ធ្លាប់បញ្ជាក់ប្រាប់ VOD ដោយច្រានចោលនូវការចោទប្រកាន់របស់តំណាងកូដករ ដែលថា អាជ្ញាធរប្រើហិង្សាលើកូដករកាន់តែអាក្រក់ឡើង។ លោកធ្លាប់បានអះអាងថា តាមពិតមានតែក្រុមកូដករទាំងនោះទេដែលព្យាយាមបង្ករបួសស្នាមមកលើសមត្ថកិច្ច។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា គម្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍របស់ក្រុមកូដករទៅនាយករដ្ឋមន្ត្រី គឺជាសិទ្ធិរបស់ពួកគេ ចំណែកសេចក្តីសម្រេចថាយ៉ាងណានោះ គឺអាស្រ័យលើលោកនាយករដ្ឋមន្ត្រី។

លោកថា៖ «អាហ្នឹងជាសិទ្ធិរបស់គាត់តើ! គា្រន់តែដាក់ញត្តិ វាអត់មានអី​ទេ! គ្រាន់តែការសម្រេចបែបណា គឺជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីសុទ្ធសាធ»។

អ្នកគ្រប់គ្រងកម្មវិធីការងារ​ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា ដើមចមនៃបញ្ហា គឺថៅកែណាហ្គាមានចេតនាលុបបំបាត់សហជីពឯករាជ្យចេញពីក្រុមហ៊ុន។ លោកថា ដើម្បីឈានដល់ការព្រមព្រាង រដ្ឋាភិបាលត្រូវធានាថាខ្លួនបំពេញតួនាទីចំពោះមុខច្បាប់ក្នុងការដោះស្រាយបញ្ឈប់នូវគំរូអាក្រក់ដែលថៅកែតែងរំលោភសិទ្ធិកម្មករ។

លោកថា៖ «ហើយវាគឺជាគំរូដ៏អាក្រក់បំផុតសម្រាប់និយោជកផ្សេងៗទៀតដែលមានឥទ្ធិពល ដែលមានអំណាច នៅក្នុងការមិនមានចេតនាឱ្យមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុន»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះជាការសម្រេចចិត្តរបស់កូដករ ថាតើគួររកកិច្ចអន្តរាគមន៍បែបណា ដើម្បីរកដំណោះស្រាយលើវិវាទកាងារនេះ។ យ៉ាងណា លោកថា បើវិវាទនេះមិនត្រូវបានដោះស្រាយ នោះមិនត្រឹមតែកម្មករទេដែលខាតបង់ ប៉ុន្តែរឿងនេះក៏ជះឥទ្ធិពលមិនល្អដល់រដ្ឋាភិបាលកម្ពុជាដែរ។ លោកចង់ឃើញមានការព្រមព្រៀងរវាងកូដករ ថៅកែ និងអាជ្ញាធរ ហើយបញ្ចប់ការធ្វើកូដកម្ម។

លោកថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពធ្ងន់ធ្ងរទៅ ហើយវាជាការប្រឈមផងដែររវាងកូដករជាមួយនឹងអាជ្ញាធរបន្ថែមទៀត ហើយជាបន្តបន្ទាប់។ អ៊ីចឹងខ្ញុំគិតថា វាដល់ពេលហើយ ដល់ពេលមួយដែលត្រូវឱ្យមានដំណោះស្រាយ ដើម្បីបញ្ចប់វិវាទការងារមានរយៈពេលយូរមកហើយនោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ