មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាឱ្យប្រជាពលរដ្ឋប្រមាណ ៥០០នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីជំនាញរកឃើញថា ពួកគាត់ទាំងនោះបានចូលមកកាប់ទន្រ្ទានយកដីតំបន់ការពារធម្មជាតិដោយខុសច្បាប់ ខណៈមានមេខ្លោងបានបំផុសបំផុលមិនឱ្យពលរដ្ឋចាកចេញពីតំបន់ការពារនោះថែមទៀតផង។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនានេះថា ថ្មីៗនេះ មានមេខ្លោងមួយចំនួន បានបំផុសដល់ប្រជាពលរដ្ឋមកពីបណ្តាខេត្តមួយចំនួនឱ្យមកកាប់រុករាន ទន្ទ្រាន ឆ្ការដុតដីព្រៃ ដាំដំណាំ និងធ្វើការវាស់វែងដីព្រៃ បង្កើតជាប្រមូលផ្តុំប្រជាពលដ្ឋប្រមាណ ៥០០នាក់ នៅចំណុចភ្នំខៀវ ជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លើសពីនេះ ពួកគេទាំងនោះបានបំផ្លាញដីព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលជាតំបន់ការពារធម្មជាតិប្រមាណ ២ ៧៩០ហិកតា ស្របពេលទីតាំងមួយនេះមានសារៈសំខាន់ ផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃស្រោង និងសត្វព្រៃជាដើម ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កាលពីឆ្នាំ២០២១ ប្រជាពលរដ្ឋចំណាកស្រុក មកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ ក្រចេះ និងខេត្តកំពង់ចាម ប្រមាណ ២៥០គ្រួសារ បាននាំគ្នាសាងសង់រោង ខ្ទមប្រក់កៅស៊ូតង់ ស័ង្កសីជិត២០០ខ្ទម(១៨០) នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិប្រមាណ ២ ៧៩០ហិកតា។
ក្រោយមកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចុះបោសសំអាតការសាងសង់រោង ខ្ទមដោយខុសច្បាប់ទាំងនោះ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងបានពន្យល់ណែនាំប្រជាពលរដ្ឋថា សកម្មភាពដែលពួកគេទន្ទ្រានដីព្រៃភ្នំសំកុស ជាទង្វើល្មើសច្បាប់ និងត្រូវផ្តន្ទាទោស។
លិខិតដដែលបន្ថែមថា តាមផ្លូវច្បាប់ ប្រជាពលរដ្ឋគ្មានសិទ្ធិទាមទារដីព្រៃភ្នំសំកុសបានឡើយ ហើយក៏គ្មានសិទ្ធិលក់ដូរ ឬផ្ទេរសិទ្ធិដីព្រៃរបស់រដ្ឋទៅបុគ្គលណាម្នាក់បានឡើយ ពីព្រោះការកាន់កាប់ដីព្រៃរបស់រដ្ឋ នាំគ្នាបង្កើតជាភូមិករដោយខ្លួនឯង ជាទង្វើខុសច្បាប់។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បញ្ជាក់ថា ការទាមទារកាន់កាប់ដីនៅចំណុចស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស របស់ប្រជាពលរដ្ឋ គឺមិនស្របទៅនឹងច្បាប់ភូមិបាលឆ្នាំ ២០០១ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ឡើយ។ បញ្ហានេះ មន្ទីរបរិស្ថាន បញ្ជាឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់ការពារធម្មជាតិនេះជាបន្ទាន់ ហើយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ដោយមិនត្រូវចាញ់ល្បិចកលការញុះញង់របស់មេខ្លោងឡើយ។
វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ នៅរសៀលថ្ងៃអាទិត្យនេះ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា បើសិនមន្ទីរបរិស្ថានខេត្តនិងអាជ្ញាធរពាក់ព័ន្ធ បណ្តេញពលរដ្ឋចេញដោយបង្ខំ ឬចាត់វិធានការច្បាប់លើប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលជាក់ស្តែងលើដីនោះ នឹងធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈមក្នុងជីវភាពគ្រួសារ។
លោកផ្តល់ជាអនុសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ ហើយបើសិនពួកគេអាស្រ័យជាក់ស្តែង រដ្ឋអាចកាត់ឆ្វៀលដីតាមអនុសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក។
លោកផ្តល់ជាអនុសាសន៍ថា៖ «នៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សុំឱ្យប្រជាពលរដ្ឋដែលកាន់កាប់លើដីយូរមកហើយ សុំឱ្យមានការកាត់ឆ្វៀលដីដែលពួកគាត់បានកាន់កាប់ បើអាចធ្វើតាមដំណោះស្រាយនេះបានល្អ ជាជម្រើសល្អមួយសម្រាប់ប្រជាពលរដ្ឋ»៕