រដ្ឋសភា​អះអាង​ថា​នឹង​អន្តរាគមន៍​លើ​ញត្តិ​របស់​កូដករ​ណាហ្គា​តាម​នីតិវិធី

មន្ត្រីចេញមកជួបកូដករណាហ្គាវើលដ៍ដែលយកញត្តិទៅដាក់នៅរដ្ឋសភា ស្នើសុំកិច្ចអន្តរាគមន៍លើវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់រដ្ឋសភាអះអាងថា ស្ថាប័នមួយ​នេះនឹងអន្តរាគមន៍លើញត្តិរបស់​កូដករ​ណាហ្គាវើលដ៍​តាម​នីតិ​វិធី​ដែល​ធ្លាប់​ធ្វើ ប៉ុន្តែពុំបានបញ្ជាក់ថា​នឹង​ចាត់ការ​ដោយ​របៀប​ណានោះទេ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីកូដករណាហ្គា​វើលដ៍ជាង១០០នាក់ នៅព្រឹកថ្ងៃទី​២០ ខែមិថុនានេះ បាន​ប្រមូល​ផ្តុំ​គ្នា​​ដាក់​ញត្តិនៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីស្នើឱ្យ​​ជួយ​អន្តរាគមន៍រកដំណោះ​ស្រាយ​​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍​ ដែលបាន​អូសបន្លាយជាង១ឆ្នាំមក​ហើយ​។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់ VOD នៅរសៀលថ្ងៃចន្ទនេះថា រដ្ឋសភា​បានទទួលញត្តិពីតំណាងកូដករហើយ​ ហើយ​ស្ថាប័នមួយ​នេះនឹងប្រគល់ញត្តិនោះទៅគណៈកម្មការទី១ ផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ដែលភារកិច្ច​​ក្នុង​ការចាត់​ចែង​លើ​កិច្ចការ ដើម្បីពិនិត្យនិង​ដោះស្រាយ។ តែយ៉ាងណា លោក​មិនទាន់អាចដឹងថា ករណីនេះនឹង​​ត្រូវ​ការ​ពេល​យូរ​ប៉ុនណា និងចាត់ការដោយរបៀបណានោះទេ។

លោកថា៖ «ទទួលញត្តិហើយ យើងនឹងរៀបចំតាមនីតិវិធី ដើម្បីធ្វើការងារតាមការសំណូមពរនៅក្នុងញត្តិ​ហ្នឹង […] គេធ្វើទៅតាមនីតិវិធីរបស់គេ គេថាគេធ្វើអន្តរាគមន៍ទៅតាមទម្លាប់ គេធ្វើយ៉ាងម៉េច គេធ្វើអ៊ីចឹង​។ [តើរដ្ឋសភានឹងហៅតំណាងក្រសួងការងារ ដើម្បីជជែកដេញដោលរកច្រកចេញលើករណីនេះទេ?] អាហ្នឹងស្រេចតែខាងតំណាងរាស្រ្ត! ខ្ញុំមិនអាចឆ្លើយជំនួសគាត់បានទេ បើតំណាងរាស្រ្តគាត់យល់ម៉េច គឺគាត់ធ្វើអ៊ីចឹង! អាហ្នឹងជាសិទ្ធិ ជាបុព្វសិទ្ធិរបស់តំណាងរាស្ត្រ លោកចង់ធ្វើម៉េច លោកធ្វើទៅតាមច្បាប់»។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើងថា ការដែលពួកគេនាំគ្នាទៅដាក់ញត្តិនៅរដ្ឋសភា និង​ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនេះ ដោយសារ​តែវិវាទការងារ​រវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយ​ពេល​​ជាង១ឆ្នាំមក​ហើយ ក្រោយ​ថៅកែ​បាន​បញ្ឈប់​ពួកគេ​ពី​ការងារដោយ​​​អយុត្តិ​ធម៌ និង​​មិនអនុលោមតាម​ច្បាប់។

ជាមួយគ្នានេះដែរ កញ្ញាថា ការជួប​ចរចាចំនួន១១ដងរវាង​តំណាង​កូដករ តំណាងសហជីព និង​តំណាងក្រុមហ៊ុន ក្រោមការ​សម្រប​សម្រួល​របស់​ក្រសួងការងារ ក្រោយ​កូដករចេញធ្វើកូដកម្មរយៈពេល​៦ខែមក​នេះ ក៏ពុំ​មានលទ្ធផល​ជាផ្លែផ្កានោះដែរ ទើបពួកគេ​សម្រេចចិត្តរកការអន្តរាគមន៍ពីស្ថាប័នទាំងពីរនេះ។

បើតាមកញ្ញា ឈឹម ស៊ីថរ ក្រុមកូដករស្នើ​​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា ជួយ​អន្តរា​គមន៍​ដោះស្រាយវិវាទការងារចំនួន៣ចំណុច ក្នុងនោះ ស្នើ​ឱ្យជួយជំរុញទៅក្រុមហ៊ុនទទួលយ​កកូដករដែលនៅសេស​សល់​ប្រមាណ២០០នាក់ចូលធ្វើការ​វិញ និង​ទូទាត់សំណង​​ឱ្យ​បាន​ត្រឹម​ត្រូវតាមផ្លូវច្បាប់ ព្រមទាំងស្នើសុំឱ្យមានការទម្លាក់បទចោទទៅលើ​ថ្នាក់ដឹកនាំនិង​សមាជិកសហជីពទាំង១៥នាក់វិញ។

កញ្ញាថា៖ «យើង​សង្ឃឹម​ថា ញត្តិរបស់យើងដែលយើងបានដាក់ គោលបំណងជាក់លាក់នៅក្នុងការស្វែងរកការអន្តរាគមន៍ហ្នឹង នឹងបានទៅដល់ដៃប្រមុខថ្នាក់ដឹកនាំរបស់យើង ឱ្យលោកច្បាស់អំពីអ្វីដែលកម្មករចង់បាន។ កុំឱ្យព័ត៌មានលាបពណ៌ ព័ត៌មានបំភ្លៃការពិតបាន បានទៅដល់ដៃថ្នាក់ដឹកនាំ»។

បើតាម​តំណាង​កូដកររូបនេះ អំឡុងពេលដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនោះ មន្ត្រីខុទ្ទកាល័យមួយរូបបានចេញមកទទួលញត្តិរបស់​ក្រុមកូដករ និងសន្យាបញ្ជូនញត្តិនេះទៅថ្នាក់លើ ដើម្បីពិនិត្យនិងរកដំណោះស្រាយ។

ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា លោកមិនទាន់បានដឹងករណីញត្តិនេះនៅឡើយទេ។ តែយ៉ាងណា​​ លោកយល់ថា ជារឿងល្អមួយដែល​កូដករណាហ្គាយកញត្តិទៅ​ដាក់​ជូន​​ស្ថាប័ន​​​នាយករដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍ជាជាងការដើរ​​ដាក់ញត្តិទៅតាមបណ្តាស្ថានទូតបរទេស​។

លោកថា៖ «ការស្នើសុំទៅនាយករដ្ឋមន្ត្រីហ្នឹង អាហ្នឹងជាការត្រឹមត្រូវមួយជាជាងការដើរតាមថ្នល់ ដើរតាម​អី អាហ្នឹងយើងចេះតែស្វែងរក។ ប្រសិនបើយើងប្រៀបធៀបការដាក់ញត្តិទៅទូត និងដាក់ញត្តិមកនាយករដ្ឋមន្ត្រី ខ្ញុំថាដាក់ញត្តិ​មកនាយករដ្ឋមន្ត្រីជាជម្រើសល្អជាជាងការដាក់ទៅទូត ព្រោះទូតគេអត់ហ៊ានលូកដៃអីខ្លាំងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យរដ្ឋសភាយកចិត្តទុកដាក់អន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍​នេះ ដោយសារ​​រដ្ឋសភា​ជាកន្លែងទទួលសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅដោះស្រាយ។

លោកថា៖ «បើសិនជាឃើញថា បញ្ហាហ្នឹងវាពាក់ព័ន្ធនឹងនីតិវិធីយ៉ាងម៉េច រដ្ឋសភាមាន២ជម្រើស។ ទី១ បញ្ជូន​លិខិត ហើយនិង​លិខិតអន្តរាគមន៍​ទៅក្រសួង​ដែលពាក់ព័ន្ធហ្នឹង ជួយធ្វើអន្តរាគមន៍និងដោះស្រាយ។ ទី២ បើបញ្ហាហ្នឹងវា[មាន]ដំណោះស្រាយហ្នឹងយ៉ាងម៉េច អីយ៉ាងម៉េច រដ្ឋសភាក៏មានសិទ្ធិកោះហៅរដ្ឋមន្ត្រីក្រសួងដែលពាក់ព័ន្ធហ្នឹងមកឆ្លើយបំភ្លឺដែរ»។

គួរបញ្ជាក់ថា វិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ