ពលរដ្ឋ​២៥០​គ្រួសារ​នៅ​បឹងតាមោក​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ខណៈ​អាជ្ញាធរ​ថា​ពួកគាត់​រស់នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់

ក្រុមពលរដ្ឋអះអាងថារងផលប៉ះពាល់ពីវិវាទដីធ្លីបឹងតាមោក ធ្វើការតវ៉ាទាមទារដំណោះស្រាយនៅលើទីតាំងដីមានជម្លោះ។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋ២៥០គ្រួសារ រស់​នៅជាប់​បឹង​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បារម្ភពីការបណ្ដេញ​ចេញ​ទាំង​បង្ខំ ខណៈអាជ្ញាធរកំពុងចាក់ដីលុបប៉ះពាល់ដីធ្លី និងចោទពួកគាត់ថារស់នៅលើដីរដ្ឋដោយ​ខុសច្បាប់។

អ្នកស្រី ប្រាក់ សុភា ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា អ្នកភូមិចំនួន​២៥០គ្រួសារបានទៅរស់នៅនិងអាស្រ័យផលលើដីប្រហែល៥ហិកតាជាប់បឹងតោមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោងត្បូង តាំង​ពី​ឆ្នាំ១៩៩០ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរមិនបានចេញបណ្ណកម្មសិទ្ធិឱ្យនោះទេ។

តំណាង​ពលរដ្ឋរូបនេះបន្តថា បច្ចុប្បន្ន អាជ្ញាធរខណ្ឌព្រែកព្នៅ កំពុង​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយនិងចាក់ដីលុប​បឹង​តាមោក ធ្វើឱ្យ​ប៉ះពាល់ដល់​ដី​ប្រជាពលរដ្ឋមួយចំនួន ហើយចោទថាពលរដ្ឋរស់នៅលើដីរដ្ឋដោយខុសច្បាប់។ អ្នកស្រីថា កាលពីដើមសប្ដាហ៍នេះ អ្នកភូមិរាប់រយនាក់បាននាំគ្នាតវ៉ាជាបន្តបន្ទាប់លើដីកំពុងមានជម្លោះ និងនៅសាលាខណ្ឌព្រែកព្នៅ ដើម្បីទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយនិងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «ឥលូវនេះ អាជ្ញាធរលុបបឹងហ្នឹងជិតដល់ក្រោយផ្ទះពួកខ្ញុំហើយ។ មន្ត្រីនៅសាលាខណ្ឌម្នាក់ គាត់និយាយ​ថា ​បឹង​គេ​លុប ហើយ​ដីនិងផ្ទះប្រជាពលរដ្ឋ​នៅខាងមុខហ្នឹង ក៏គេមិនដោះស្រាយឱ្យដែរ គេលុបចោលទាំងអស់ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ប្រជាពលរដ្ឋ​ផ្ទុះការតវ៉ាហ្នឹង ហើយប្រជាពលរដ្ឋសុំថា ឱ្យប្រជាពលរដ្ឋប្រមូលផលសិនទៅ ចាំលុប! ប៉ុន្តែគេ​អត់​ព្រម ដល់​ថ្នាក់ដកកាំភ្លើងភ្ជង់រកបាញ់ប្រជាពលរដ្ឋទៀត ហើយបញ្ជាឱ្យអ្នកបើកគ្រឿងចក្រ​ចាក់ដីលុប​ប្រជាពលរដ្ឋទៀត សាហាវជាងអាពត[ប៉ុលពត]ទៀត»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ផន សុខុម និយាយថា រដ្ឋាភិបាល​បានកាត់ផ្ទៃបឹងតាមោក​រាប់ពាន់ហិកតា​ទៅ​ឱ្យ​មន្ត្រីរាជការ ឧកញ៉ា និង​អ្នកមានលុយមាន​អំណាច ប៉ុន្តែ​ពលរដ្ឋក្រីក្រដែលមានដីបន្តិច​បន្តួចនៅជាប់បឹងតាមោក បែរ​ជាមិនទទួលបាន​សិទ្ធិកាន់កាប់ដីធ្លីទៅវិញ។ អ្នកស្រីថា នេះជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រខ្វះដីរស់នៅអាស្រ័យផលដូចជា​ពួកគាត់។

អ្នកស្រី ផន សុខុម អះអាង​ថា មុន​ការ​បោះឆ្នោត​ អាជ្ញាធរ​មូលដ្ឋាន​បាន​សន្យាជួយដោះស្រាយផលប៉ះពាល់ជូនពួកគាត់ ប៉ុន្តែ​ក្រោយ​បោះ​ឆ្នោត បែរ​ជា​មិន​ដោះស្រាយ ហើយគំរាមកំហែងប្តឹងពលរដ្ឋទៅតុលាការ ដោយ​ចោទ​ថា ពលរដ្ឋរស់នៅលើដី​រដ្ឋខុសច្បាប់ទៅវិញ។ អ្នកស្រីបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលពិចារណាដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ កុំឱ្យពួកគាត់​មានការ​ព្រួយបារម្ភពីការបណ្តេញចេញទាំងបង្ខំដូចសហគមន៍បឹងកក់ និងសហគន៍បុរីកីឡា ជាដើម។

អ្នកស្រីបន្ថែមថា៖ «បើដីរដ្ឋមិនឱ្យរាស្ត្រនៅ ឱ្យតែឧកញ៉ានៅ ដល់ពេលសន្លឹកឆ្នោតឧកញ៉ាហ្នឹងបោះតែឯង ជាប់ដែរ? អ៊ីចឹង​មាន​តែ​សម្តេច ហ៊ុន សែន ទេ​អាច​ជួយ​កូន​ចៅ​បាន ឱ្យមានប្លង់​កម្មសិទ្ធិ មានសៀវភៅស្នាក់នៅ។ ពួកខ្ញុំបានបោះឆ្នោត​ជូនគាត់​ច្រើន​អាណត្តិហើយ ប៉ុន្តែបែរជាអាណត្តិនេះ ​អាជ្ញាធរខណ្ឌព្រែកព្នៅ បែរជាមិនទទួលស្គាល់ពួកខ្ញុំទៅវិញ។ កាលពីមុនមក កាលពីដីធ្លីនៅតំបន់ខ្ញុំមិ​នទាន់ត្រូវប៉ាន់ គាត់ហៅពួកខ្ញុំទៅហែបក្ស​រហូតទាំងយប់ទាំងថ្ងៃ ឥលូវ​បែរជាគាត់លាប​ពណ៌ពួក​ខ្ញុំ​ថា​រស់នៅលើដីរដ្ឋ​ខុសច្បាប់ទៅវិញ»

អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ អះអាងថា ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវលេខ​១៥១ ​ដោយខុសច្បាប់។ លោក​ថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយសុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេងដែលរៀបចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូង​ដូច​គ្នា និង​មានបណ្ណកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមទទួលយកការដោះស្រាយ ដែលធ្វើឱ្យការដោះស្រាយអូសបន្លាយយូរបែបនេះ។

អភិបាលខណ្ឌរូបនេះ​បន្តថា អាជ្ញាធរ​នៅ​ស្វាគមន៍និង​រង់ចាំសម្របសម្រួលដោះស្រាយជូនពលរដ្ឋ​ តាមរយៈការដោះដូរទីតាំង​ដី និង​ផ្តល់កម្មសិទ្ធិជូនពលរដ្ឋដដែល។

លោកបន្ថែមថា៖ «បើដូរ​ទៅ​នៅដីកន្លែង​ហ្នឹង [ដីឡូត៍នៅភូមិសំរោងខាងត្បូង] អាជ្ញាធរយើងត្រៀមចាំទទួលជានិច្ច​ ដែលជាដីសាលារាជធានីភ្នំពេញបានរៀបចំទុកឱ្យ។ លោកអាចមើលខ្លួនឯងបាន ហើយណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទៅនៅហ្នឹងទៅ ​បានដីស្របច្បាប់តកូនតចៅ។ បើគាត់នៅរស់នៅលើចំណីផ្លូវ អ៊ីចឹង​អ្នក​ណាគេដោះស្រាយឱ្យបាន»

បើតាមលោក សុខ សម្បត្តិ ដីដែលដោះដូរជូនពលរដ្ឋនោះជាប្រភេទដីឡូត៍មានទំហំទទឹង៧ម៉ែត្រ និង​បណ្ដោយ​ជា​​ង១០ម៉ែត្រ សម្រាប់​ពលរដ្ឋ​​ក្នុងមួយគ្រួសារ ដោយ​មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជា​ ប្រព័ន្ធ​និងបណ្តាញទឹក​ភ្លើង ជាដើម​។ លោកថា កន្លងមក មានពលរដ្ឋមួយចំនួនធំហើយដែលសម្រេចដោះដូរដីទៅរស់នៅទីតាំង​ថ្មីនោះ។

នាយក​​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេត​ឃើញថា​ កន្លងមក រដ្ឋាភិបាលបាន​កាត់ផ្ទៃបឹងតាមោក​ឱ្យស្ថា​ប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯកជន និង​អ្នកមានលុយមានអំណាច​អស់រាប់ពាន់ហិកតា។ ករណីនេះ លោក​ស្នើដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរពាក់ព័ន្ធ គួរពិចារណានិងរិះរកមធ្យោបាយ​ដោះស្រាយ​ជូន​ពលរដ្ឋ ដើម្បីកុំឱ្យមានការ​បណ្តេញចេញទាំងបង្ខំ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានដីធ្លី និងលំនៅឋានរបស់ពលរដ្ឋ ជាពិសេសកុំឱ្យប៉ះពាល់ជីវភាពរស់នៅរបស់ពួកគេ។

លោកបន្ថែមថា៖ «ព្រោះបទពិសោធន៍កន្លងមក ការបណ្តេញចេញដោយបង្ខំ គឺវាបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ អ៊ីចឹង​ធ្វើយ៉ាងណាចៀសវាង​កុំឱ្យមានការបណ្តេញចេញដោយបង្ខំបន្តទៀត។ ហើយមធ្យោបាយដែលល្អ យើងត្រូវពិនិត្យមើលលើលទ្ធភាពផ្សេងៗក្នុងការស្វែងរកដំណោះស្រាយសម្រាប់ពលរដ្ឋ ដែលអាចទទួលយកបាន​ទាំងអស់គ្នា»

កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ក៏មានអ្នក​ភូមិ​​​​ជិត​១០០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​​៨៨គ្រួសារ រស់​នៅ​ជាប់​បឹង​តាមោក ក្នុងសង្កាត់​​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាតវ៉ាមុខ​សាលាខណ្ឌ ដើម្បីទាមទារឱ្យអាជ្ញាធរ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដីធ្លីផងដែរ ខណៈដីរបស់ពួកគេជាប់បឹងតាមោកត្រូវបានក្រុមហ៊ុនឯកជនចាក់លុប និងមានការផ្សព្វផ្សាយលក់។

បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​​បឹ​ងមួយនេះ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​​២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០​ហិកតា ហើយត្រូវបានរដ្ឋាភិបាល​កាត់​​ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​​រដ្ឋ ​ក្រុមហ៊ុន​​​ឯក​ជន និង​បុគ្គលឯកជនមួយចំនួន​ ដែលគេដឹងថាជាអ្នក​មាន​លុយនិងមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ