មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គ្រោងប្ដឹងឧទ្ធរណ៍នៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានជួបកូនក្ដី

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីឱ្យ​កញ្ញា សេង ធារី គ្រោងដាក់ពាក្យ​ប្ដឹងទៅសាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ​ នៅ​សប្ដាហ៍​ក្រោយ ​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែល​ផ្ដន្ទា​ទោសឱ្យ​កូនក្ដីរបស់ខ្លួន​ជាប់ពន្ធនាគារ៦​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់ និងរួមគំនិតក្បត់»។

មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់​ជួប​កូនក្ដីរបស់ខ្លួនៅពន្ធនាគារ​ខេត្តព្រះវិហារ​​​ ថារយៈពេលមួយសប្ដាហ៍មកនេះ កញ្ញា សេង ធារី មិន​មានបញ្ហាសុខភាពអ្វីនោះទេ គ្រាន់តែមិនទទួលបានព័ត៌មាន ជាពិសេស​សេច​ក្ដីសម្រេច​របស់​តុលាការ​តែ​ម្ដង។

លោកបញ្ជាក់ថា ក្នុងជំនួបជាមួយកូនក្ដីប្រហែល២ម៉ោងនៅពន្ធ​នាគារខេត្តព្រះវិហារនោះ កញ្ញា សេង ធារី បាន​សម្រេចឱ្យរូបលោកដែលជាមេធារីការពារក្តី ប្ដឹង​សាទុក្ខ​​​​ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញដែលជា​​តុលាការជាន់​ខ្ពស់​​ទៀត បន្ទាប់​​ពីបានដឹង​សេចក្ដីសម្រេចរបស់​សាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា សេង ធារី ជា​មេធាវីអាមេរិក ត្រូវបានសមត្ថកិច្ច​ចាប់បញ្ជូនខ្លួន​ទៅឃុំនៅពន្ធនាគារ​ព្រៃស (ម២) ភ្លាមៗ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយ​ពីសាលាដំបូងរាជធានីភ្នំពេញ​ ចេញសាល​ក្រមផ្តន្ទាទោសគាត់ដាក់ពន្ធនាគារ៦ឆ្នាំ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់ និងញុះញង់»។

ក្រោយពីឃុំខ្លួននៅពន្ធនាគារព្រៃសបានមួយថ្ងៃនោះ នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារវិញ។

អ្នកនាំពាក្យអគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធនាគារ​នៃក្រសួងមហាផ្ទៃ លោក នុត សវនា បាន​ប្រាប់វីអូឌីកាលពី​សប្ដាហ៍មុន​ថា ការដែលមន្ត្រីពន្ធនាគារហាមមេធាវីមិនឱ្យចូលជួបកញ្ញា សេង ធារី ក្នុងពន្ធនាគារព្រៃស និងបានបញ្ជូនទៅឃុំពន្ធនាគារខេត្តព្រះវិហារ ដោយសារ​បញ្ហាសន្តិ​សុខ និង​ក្តាប់​បាន​ព័ត៌មានថា នឹងមានការត្រៀមធ្វើបាតុកម្មនៅមុខពន្ធនាគារ។

យ៉ាងណា​ក៏ដោយ ការចោទប្រកាន់ និងកាត់ទោសលើកញ្ញា សេង ធារី និងមេដឹកនាំ​ រួមទាំងសកម្មជន​ផ្សេង​ទៀត ​កាលពីថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២២នេះ តុលាការសម្អាងថា កញ្ញា សេង ធារី បានបង្ហោះសារលើបណ្ដាញសង្គមគាំទ្រគ​ម្រោ​ងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង កាលពីអំឡុងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ