ក្រសួង​២​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិច​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព

ផលិតផលខូចគុណភាពនិងក្លែងក្លាយ ក្នុងនោះក៏មានផលិតផលស៊ីហ្សា( SISSHA) និងបារី អេទ្បិចត្រូនិច (E-Cigarette) ដែលត្រូវបានរឹបអូសយកមកកម្ទេចចោល តាំងបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ រៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (cccc.gov.kh)

ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់យុវជន​និងពលរដ្ឋចៀសវាងប្រើប្រាស់បារីអេឡិចត្រូនិច ដែលបង្កផលប៉ះពាល់​ធ្ងន់ធ្ងរដល់សុខភាព និង​អាចឈានដល់ការបាត់បង់ជីវិតផងដែរ។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានលើកឡើងថា មានភស្តុតាងជាច្រើនបង្ហាញថា ការប្រើ​ប្រាស់​​បារីអេឡិចត្រូនិច (e-cigarette) បង្ក​ផល​ប៉ះ​ពាល់​ដល់សុខភាព បណ្ដាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូងនិងសួត រហូត​ដល់បាត់បង់ជីវិត ដោយសារនៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និង​ជាតិនីកូទីន ​ត្រូវ​បាន​ស្រូបចូលទៅក្នុងរាងកាយ​ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។

ក្រសួងបន្តថា ការប្រើប្រាស់​បារីអេឡិចត្រូនិច ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់​ មាន​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតផលវិបាករយៈពេល​វែង និងអាចប៉ះពាល់​ដល់ការចងចាំ ការសិក្សា និងបង្កជាជំងឺថប់អារម្មណ៍ ជាដើម។

ដោយយល់ឃើញថា បារីអេឡិចត្រូនិចពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់​ដល់សុខភាព​ធ្ងន់ធ្ងរ​ និងគំរាមកំហែងដល់អាយុជីវិតអ្នកប្រើប្រាស់ ក្រសួងថា កម្ពុជាបានហាមឃាត់​ការប្រើប្រាស់ និង​ការធ្វើអាជីវកម្ម​លក់ចែកចាយបារីអេឡិចត្រូនិចនេះតាំងពីឆ្នាំ២០១៤​មក ហើយនៅ​ឆ្នាំ២០២១ រដ្ឋាភិបាលក៏បាន​បន្ថែមសេចក្តីណែនាំ ស្តីពីការចាត់វិធានការ​បង្ការ ទប់ស្កាត់​ការ​នាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិត​ផល «អេចឈ៍ ធី ភី (HTPs)» នៅ​កម្ពុជាផងដែរ។

តែយ៉ាងណា ក្រសួងសុខាភិបាលនៅសង្កេតឃើញថា មានជនឆ្លៀតឱកាស​មួយចំនួននៅបន្ត​ផ្សព្វផ្សាយ​លក់ផលិត​ផល អេចឈ៍ ធី ភី (HTPs) ឬ (e-cigarette) នៅលើបណ្តាញ​សង្គម ក្រោម​ខ្លឹមសារបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្ដាច់ការជក់បារី ជាផលិត​ផល​មានសុវត្ថិ​ភាពជាងបារីធម្មតា ដែលការ​ផ្សព្វផ្សាយនេះជាទង្វើល្មើស​ច្បាប់ និងផ្ទុយពីសេចក្តីណែនាំរបស់រដ្ឋាភិបាល។

ករណីនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់យុវ​ជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ កុំសាកល្បង និងកុំជឿតាមការ​ឃោសនាទាំងនោះ ខណៈការប្រើប្រាស់បារី​អេឡិចត្រូនិចនេះបង្កគ្រោះថ្នាក់ ផលប៉ះពាល់ដល់សុខភាពនិងសង្គម និងអាចឱ្យ​អ្នកប្រើប្រាស់ឈានទៅរកការ​ប្រើប្រាស់​គ្រឿងញៀនផ្សេងទៀតទៅថ្ងៃអនាគត។

ពាក់ព័ន្ធនឹងបារីអេឡិចត្រូនិចនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសុក្រនេះ ក៏បានចេញសេចក្តីណែនាំពីការ​ទប់ស្កាត់ការប្រើប្រាស់បារីប្រភេទនេះ និងផលិត​ផល នៅតាមគ្រឹះស្ថាន​សិក្សា​សាធារណៈនិង​ឯកជន​ផងដែរ។

ក្រសួងអប់រំបានណែនាំដល់​អង្គភាពចំណុះក្រសួង មន្ទីរអប់រំរាជធានី-ខេត្ត ការិយាល័យ​អប់រំ​នៃរដ្ឋបាលក្រុងស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយ​ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិច​នេះដល់​បុគ្គលិកអប់រំនិងអ្នកសិក្សា និងត្រូវហាម​ដាច់ខាត​ការប្រើប្រាស់ ការ​ចែកចាយ ការជួញដូរ​ ការផ្សព្វផ្សាយ​ពាណិជ្ជកម្មគ្រប់រូបភាព​ទាំងក្នុងនិង​ជុំវិញបរិវេណគ្រឹះស្ថានសិក្សា។

ក្រសួងក៏បានណែនាំឱ្យមានការ​សហការជាមួយមាតាបិតា អាណាព្យាបាល បុគ្គលិក​អប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិច ដើម្បីរាយការណ៍ជូនសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ