នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ជាង​៥លាន​នាក់​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដូសទី៣ ទៅ​ចាក់​ឱ្យ​បាន​គ្រប់ៗ​គ្នា

គ្រូពេទ្យម្នាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនអ្នកមកទទួលការចាក់វ៉ាក់សាំង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩គ្រប់ដូស​ ទៅទទួលយកវ៉ាក់សាំង ជាពិសេស​ពលរដ្ឋ​ដែលមិនទាន់បានចាក់ដូស​ទី​៣ ដែលមានជាង៥លាន​នាក់​ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ បើទោះកម្ពុជាមិនមានករណីឆ្លងថ្មីជាង៥០ថ្ងៃមកហើយក៏ដោយ។

តាមរយៈសារជាសំឡេងនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ភាព​ស៊ាំដែលបាន​មកពីការចាក់វ៉ាក់សាំង បានបង្កើតនូវភាពល្អប្រសើរ ដែលមិនឱ្យ​មាន​អ្នកឆ្លង​និង​អ្នកស្លាប់ដោយ​សារជំងឺកូវីដ-១៩​បន្តទៅទៀតទេ។ ប៉ុន្តែលោកថា ​​ភាពស៊ាំនៅ​សហគមន៍នេះនៅមិនទាន់អាចធានា​បាន​​​​គ្រប់គ្រាន់​​នៅឡើយ​​​ ដោយ​សារ​​ចំនួ​ន​​ប្រជា​ពលរដ្ឋដែល​បាន​ចាក់​វ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩ ដូសទី៣ ទើប​​តែបា​​​ន​​ជាង៩លាន​នាក់ បើធៀបនឹងចំនួនពលរដ្ឋ១៥លាន​នាក់​ដែលនឹង​​ត្រូវ​ទទួល​​វ៉ាក់សាំងដូសទី៣។

បើតាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមានពលរដ្ឋ​ជាង៥លាន​នាក់​ទៀតដែល​មិន​ទាន់​ទៅទទួលវ៉ាក់សាំងកូវីដ-១៩​ ដូសទី៣ នៅឡើយ​ ខណៈអ្នកចាក់វ៉ាក់សាំងដូសទី៤ មានជាង២លាន​នាក់ និងអ្នកចាក់ដូសទី៥ បានជាង២០ម៉ឺននាក់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «សម្រាប់បងប្អូនដែលមិនទាន់​បាន​ទទួល​ដូសទី៣ ត្រូវ​​ស្វះស្វែងទៅរកដូសទី៣ បញ្ហាមិនមែននៅលើវ៉ាក់សាំងនោះទេ អ្វីដែលជាការលំបាក គឺបងប្អូនមិនព្រមមករកវ៉ាក់សាំងតែម្តង នេះ​ជាបញ្ហាដែល​អាចបង្កនូវស្ថានភាពដ៏លំបាកនៅពេលក្រោយ។ កូវីដ-១៩ ពិតមែនតែវា​មិន​មាន​ឆ្លង​នៅ​កម្ពុជា ប៉ុន្តែកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ សូម្បីតែនៅកម្ពុជា​មិនមានឆ្លង ប៉ុន្តែមិនមានសេចក្តីថាមិនមានកូវីដ-១៩នៅជិតយើងនោះទេ»

លោក​ក៏បានណែនាំ​ទៅក្រសួងពាក់ព័ន្ធ និង​​អាជ្ញាធរ​រាជធានី-ខេត្ត បង្កើតនូវក្រុមចាក់វ៉ាក់សាំង ដើម្បីចុះចាក់​ជូនប្រជាពលរដ្ឋ​​​នៅ​​តាមភូមិនិងលំនៅឋានរបស់ពលរដ្ឋផងដែរ។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃម្សិលមិញ គឺមានរយៈពេល៥១ថ្ងៃហើយដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងអ្នកស្លាប់បន្ថែមដោយសារ​ជំងឺកូវីដ-១៩។ ក្រសួង​បញ្ជាក់ថា គិត​មកដល់ពេល​នេះ អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មានចំនួន១៣៦ ២៦២នាក់ ក្នុងនោះបានជាសះស្បើយចំនួន១៣៣ ២០៦​​នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ