ស្រីលង្កា​ផ្អាក​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​វិស័យ​មិនចាំបាច់​មួយចំនួន​រយៈពេល​ពីរ​សប្ដាហ៍

អ្នកធ្វើដំណើររង់ចាំ​ជា​ជួរ​ដើម្បី​ទិញ​សាំង​ ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ២០២២។ (REUTERS/Dinuka Liyanawatte)

ប្រទេសស្រីលង្កា នឹងអនុញ្ញាតការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់តែសេវាកម្ម​ចាំបាច់​មួយ​ចំនួ​នប៉ុណ្ណោះ ដែល​ក្នុងនោះរួមមាន វិស័យសុខាភិបាល និងសេវាដឹក​ជញ្ជូន​សាធារណៈ [រថភ្លើង និងឡានក្រុង] សម្រាប់​រយៈ​ពេល​ពីរ​សប្ដាហ៍ ដើម្បីជួយសម្រួលដល់បញ្ហាកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​មួយរូប លោក Bandula Gunewardena ថ្លែងថា ប្រទេសស្រីលង្កានឹងផ្គត់ផ្គង់ប្រេងឥន្ធនៈ​សម្រាប់​តែ​រថ​ភ្លើង ឡាន​ក្រុង សេវា​វេជ្ជ​សាស្រ្ត និងយានជំនិះដែលដឹកជញ្ជូនអាហារតែប៉ុណ្ណោះ ដោយត្រូវអនុវត្តចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃទី​១០ ខែកក្កដា​ខាង​មុខ។

ទាក់​ទិន​នឹង​ករណី​នេះ អ្នក​នាំ​ពាក្យរូបនោះ​បន្ថែមថា សាលារៀននៅតាមទីក្រុងនានាក៏នឹងត្រូវបិទផងដែរ ខណៈប្រជាពលរដ្ឋទាំងឡាយត្រូវបានជំរុញឱ្យធ្វើការពីផ្ទះដើម្បីកាត់បន្ថយចំណាយ។

លោក Bandula Gunewardena បន្ត​ថា​៖ «​ប្រទេស​ស្រីលង្កា​មិន​ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែប​នេះ​នោះទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន»។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា បច្ចុប្បន្នកំពុងតែទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក ខណៈទុនបម្រុងអន្តរជាតិក៏ស្ថិតក្នុងកម្រិតទាបបំផុត ដែលបានបង្កឱ្យប្រទេសមួយ​នេះ​ជួប​ប្រទះ​បញ្ហា​កង្វះ​ថវិកា​ធ្ងន់​ធ្ងរ​សម្រាប់​ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាមួយរូបធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា លោក​ប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងមិនលាលែងពីតំណែងឡើយ បើទោះបីជាមានបាតុកម្មនានាក្នុងប្រទេសប្រឆាំងនឹងវិធានការរបស់លោក ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ