អ្នកជំនាញ​ថា ទោះ​អាមេរិក​ផ្លាស់ប្ដូរ​មន្ត្រី​ទូតថ្មី​នៅ​កម្ពុជា​ក៏​ទំនាក់ទំនង​មិន​មាន​ភាព​ប្រសើរ​ដែរ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីម្បីបន្តការពិភាក្សារបស់យេីង ពីការគាំទ្ររបស់អាមេរិក ចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។ (ហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia)

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយថា បើទោះជាអាមេរិកផ្លាស់ប្ដូរមន្ត្រីទូតថ្មីប្រចាំកម្ពុជា ក៏នឹងមិនធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិកមានភាពប្រសើរឡើងវិញដែរ ពោលគឺវាអាស្រ័យ​លើប្រយោជន៍ភូមិសាស្ត្រនយោបាយនិងឆន្ទៈនៃភាគីទាំង២។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានពីការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា ស្របពេលស្ថានភាពទំនាក់ទំនងកម្ពុជា អាមេរិកនៅមានភាពតានតឹង និងមិនទាន់មានភាពវិវត្ត​ណាមួយ​ល្អប្រសើរនោះឡើយ។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា ការផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មិនមែនជារឿងប្លែកទេ។ លោកថា រឿងនេះទំនងជា​ឯកអគ្គរដ្ឋទូតបច្ចុប្បន្នដល់អាណត្តិ ខណៈបានបំពេញបេសកកម្មនេះតាំងពីឆ្នាំ២០១៩ ស្របពេល​ជាទូទៅ អាណត្តិរបស់ឯកអគ្គរដ្ឋទូតជាមធ្យមមានរយៈពេល៣ឆ្នាំប៉ុណ្ណោះ។

បើទោះណាជាគេសង្កេតឃើញថា បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមានភាពរកាំរកូសនិងធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ តែលោកថា នេះមិនមែនជាហេតុផលក្នុងការផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូតថ្មីទេ ខណៈសមត្ថភាពអ្នកទាំង២ក្នុងវិស័យការទូតមានភាពប្រហាក់ប្រហែលគ្នា។

យ៉ាងណា លោកយល់ថា ការផ្លាស់ប្តូរនេះ គឺដើម្បីឱ្យស៊ីចង្វាក់គ្នានឹងគោលនយោបាយក្នុង​អាណត្តិរបស់​ប្រធានាធិបតីថ្មី។

លោក ប៊ុនណា ថា៖ «លោក W. Patrick Murphy គឺត្រូវបានតែងតាំងនៅក្នុងរដ្ឋកាលរបស់លោក Donald Trump ហើយមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺដឹកនាំដោយលោក Joe Biden។ អ៊ីចឹងហើយប្រហែលលោក Joe Biden ចង់ផ្លាស់ប្តូរមន្ត្រីឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាដែរ ដើម្បីឱ្យស៊ីគ្នាខ្លាំងទៅនឹងគោលនយោបាយនៅក្នុងអាណត្តិរបស់គាត់»។

បែបនេះក្តី អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយរូបនេះថា បើទោះអាមេរិកព្យាយាមផ្លាស់ប្តូរ​មន្ត្រីទូតថ្មីមកកម្ពុជា ក៏នឹងមិនធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិកមានភាពប្រសើរឡើងវិញទេ វាលុះណាតែប្រទេសទាំង២មានឆន្ទៈ។

លោកបន្តថា៖ «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក វាមិនល្អប្រសើរដោយគ្រាន់តែមានការប្តូរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទេ។ វាត្រូវការការធ្វើការគ្រប់ជ្រុងជ្រោយ ការចូលរួមច្រើន ជាពិសេសទាក់ទងនឹងឥទ្ធិពលរបស់ចិនលើកម្ពុជា។ ហើយមួយទៀត គឺចេតនាឬក៏ប្រយោជន៍ជាភូមិសាស្ត្រនយោបាយនៃសហរដ្ឋអាមេរិកនិងកម្ពុជាហ្នឹងវាមានកម្រិតណា? ហើយកម្ពុជាមានឆន្ទៈកម្រិតណានៅក្នុងការស្តារទំនាក់ទំនងឡើងវិញ»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី Stephanie Arzate មានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីដែលនឹងមកកាន់តួនាទីបន្តនៅកម្ពុជា គឺលោក Robert Forden។ យ៉ាងណា អ្នកស្រីថា លោក Robert Forden ត្រូវតែទទួលការបញ្ជាក់ដោយព្រឹទ្ធសភាអាមេរិក​ជាមុនសិន មុនពេលក្លាយជាឯកអគ្គរដ្ឋទូតផ្លូវការ ខណៈមិនទាន់អាចបញ្ជាក់អំពី​កាលបរិច្ឆេទ​ជាក់លាក់នៃការចាប់ផ្តើមបំពេញតួនាទីរបស់លោកនៅកម្ពុជានៅឡើយ។

អ្នកស្រី Stephanie Arzate ថា៖ «ដូចគ្នាទៅនឹងឯកអគ្គរដ្ឋទូតអាមេរិកគ្រប់រូបដែរ លោក Robert Forden ត្រូវតែមានការបញ្ជាក់ដោយព្រឹទ្ធសភាអាមេរិក មុនពេលក្លាយជា​ឯកអគ្គរដ្ឋទូតផ្លូវការ​»។

អ្នកស្រី Stephanie Arzate មិនបានបញ្ជាក់ពីហេតុផលដែលជំរុញឱ្យមានការផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានាពេលនេះ ថាតើជាការបញ្ចប់អាណត្តិអ្នកចាស់ ឬពាក់ព័ន្ធគោលនយោបាយនោះទេ។ ក្នុងនោះ អ្នកស្រីគ្រាន់តែបញ្ជាក់ថា ឯកអគ្គរដ្ឋទូតបច្ចុប្បន្ន គឺលោក W. Patrick Murphy នឹងបន្តតួនាទីរបស់លោកនៅភ្នំពេញសិន។

លោក W. Patrick Murphy បានក្លាយជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តាំងពីខែកញ្ញា ឆ្នាំ២០១៩។ អ្នកស្រី Stephanie Arzate មិនបានបញ្ជាក់ទេ ថាតើលោក Murphy នឹងបញ្ចប់ភារកិច្ចជាឯកអគ្គរដ្ឋទូតនៅកម្ពុជានៅពេលណានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ