ពលរដ្ឋ​រស់នៅ​ជាប់​បឹងតាមោក​ស្នើ​លោក ហ៊ុន សែន ដោះស្រាយ​ដី​ធ្លី ខណៈ​ពួកគេ​បារម្ភ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលមានបញ្ហាដីធ្លីជាង១០០នាក់ លើកគ្នាមកប្រមូលម្ដុំនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវត្តបទុមវតី ដើម្បីស្នើសុំលោកនាយករដ្ឋមន្ត្រីពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់ ខណៈពួកគេព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ និងមិនទទួលបានសំណងសមរម្យ។

អ្នកស្រី ប្រាក់ សុភា ដែលអះអាងថាជាតំណាងសហគមន៍សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដើមចមដែលនាំឱ្យពួកគាត់យកញត្តិដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ ដោយសារតែអាជ្ញាធរខណ្ឌ​ព្រែកព្នៅតែងតែ​គំរាម​កំហែង​ប្ដឹង​ពលរដ្ឋ និង​ចោទពលរដ្ឋថារស់នៅលើដីរដ្ឋខុសច្បាប់ ហើយបង្ខំឱ្យពលរដ្ឋទទួលយកការដោះដូរទៅកន្លែងផ្សេងដែលមានចម្ងាយជាង២គីឡូម៉ែត្រពីទីតាំងចាស់ ប៉ុន្តែពលរដ្ឋមិនអាចទទួលយកការដោះស្រាយនោះបានទេ ដោយបារម្ភខ្លាចបាត់បង់មុខរបរ និងជួបបញ្ហាជីវភាព​។

អ្នកស្រីបន្តថា នៅព្រឹកនេះ មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកទទួលយកញត្តិពួកគាត់ ប៉ុន្តែមន្ត្រីនោះស្នើឱ្យប្រជាពលរដ្ឋទៅជួបជាមួយអភិបាលខណ្ឌព្រែកព្នៅ ដើម្បីជួយដោះស្រាយវិញ ដោយសាររឿងនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខណ្ឌ ។

អ្នកស្រីនិយាយថា៖ «គេទទួលញត្តិយើងហើយ ប៉ុន្តែគេឱ្យយើងស្តាប់អាជ្ញាធរដែនដីយើងសិន។ ឥលូវពួកយើងសុខចិត្តស្តាប់ម្តងទៀតចុះ ទោះបីម៉ែឪយើងអាក្រក់ក៏ដោយ យើងនៅតែស្តាប់ម៉ែឪ និងគោរពម៉ែឪយើងដដែល ព្រោះគាត់ជាអាជ្ញាធរដែនដីរបស់ពួកយើង…យើងទៅខណ្ឌព្រែកព្នៅវិញ ចំពោះពួកយើង គោលការណ៍របស់យើង គឺសូមអភិវឌ្ឍនៅហ្នឹងកន្លែង សុំប្លង់កម្មសិទ្ធិ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហុន ស្រីណាក់ ដែលអះអាងថាមានកូនចំនួន៩នាក់ក្នុងបន្ទុក និយាយទាំងទឹកភ្នែកថា រូបគាត់ផ្ទាល់ និងអ្នក​ភូមិ​ចំនួន​២៥០គ្រួសារ បានទៅរស់នៅនិងអាស្រ័យផល​ដោយ​ចិញ្ចឹម​ត្រី ដាំឈូក និង​បន្លែលើផ្ទៃបឹងតាមោក​ តាំងពីឆ្នាំ១៩៩០ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរ​មិន​បាន​ចេញ​បណ្ណកម្មសិទ្ធិឱ្យពួកគាត់នោះទេ ខណៈអ្នកមានលុយមានអំណាច​ដែល​មាន​ដីជាប់​នោះ ត្រូវបានអាជ្ញាធរ​ចេញ​បណ្ណកម្មសិទ្ធិឱ្យទៅវិញ។

អ្នកស្រីបន្តថា បើសិនជាអាជ្ញាធរបណ្តេញពួកគាត់ចេញពីទីកន្លែងរស់នៅក្បែរបឹងតាមោកនោះ នឹងធ្វើឱ្យពួកគាត់កាន់តែជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារកាន់តែធ្ងន់ធ្ងរ ខណៈគាត់កំពុងជាប់បំណុលធនាគារ។

អ្នកស្រីនិយាយថា៖ «ខ្ញុំនៅកន្លែងហ្នឹង លក់ទឹកសុទ្ធ លក់ភេសជ្ជៈតិចតួច ខ្ញុំអាចចិញ្ចឹមកូនបាន! ដល់ពេលដូរដីខ្ញុំ ឱ្យខ្ញុំទៅរស់នៅវាលរហោឋាន មានទេសចរឯណាគេទៅទិញខ្ញុំដល់ហ្នឹង? បានអីចិញ្ចឹមកូន? បានអីកូនទៅរៀន? កូនខ្ញុំកំពុងតែរៀន! ឥលូវជីវភាពយ៉ាប់ រកត្រីលែងបាន»។

អ្នកស្រី សឿង ស្រីសុទ្ធ និយាយថា ពួកគាត់រស់នៅក្បែរបឹងតាមោកជាង២០ឆ្នាំមកហើយ នឹងមិនដែលមានជម្លោះជាមួយអាជ្ញាធរ ឬក្រុមហ៊ុនណាមួយនោះទេ។ ករណីនេះ អ្នកស្រីព្រមានថា បើសិនជារដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ មិនមានដំណោះស្រាយជូនប្រជាពលរដ្ឋទេ នោះពួកគាត់នឹងបន្តតស៊ូរហូតមានដំណោះស្រាយ ។

អ្នកស្រីព្រមានថា៖ «បើអត់មានដំណោះស្រាយ ខ្ញុំនឹងតវ៉ាមក [ខុទ្ទកាល័យ] លុះត្រាតែបានជួបសម្តេចពុកផ្ទាល់។ បើមិនបានជួប បើគេចាក់ដីមកប៉ះពាល់លើផ្ទះកូនចៅ គឺកូនចៅស៊ូស្លាប់នៅនឹងកន្លែងផ្ទះខ្ញុំតែម្តង ខ្ញុំតស៊ូជាមួយអាជ្ញាធរ»។

មន្ត្រីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន មានប្រសាសន៍ថា ក្រោយពីលោកទទួលបានញត្តិពីប្រជាពលរដ្ឋរួចមក  នៅថ្ងៃដដែលនេះ លោកបានបញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តផងដែរ។

លោកមានប្រសាសន៍ថា៖ «ឯកសារហ្នឹង ខ្ញុំបានបញ្ជូនទៅសាលាក្រុងហើយ ប៉ុន្តែមិនដឹងថាសាលាក្រុងបញ្ជូនទៅណាទៀត យើងអត់ដឹងទេ! គេធ្វើការយ៉ាងម៉េច យើងអត់ដឹងទេ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ នៅរសៀលថ្ងៃនេះ។

ចំណែកអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកអះអាងថាជាប់រវល់ប្រជុំ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត សង្កេតឃើញថា ប្រជាពលរដ្ឋដែលរស់នៅជាប់បឹងតាមោក ធ្វើការរកស៊ីនិងអាស្រ័យផលនៅតំបន់នោះ បើសិនជារដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បណ្តេញពួកគាត់ចេញពីតំបន់នោះ នឹងធ្វើឱ្យពលរដ្ឋកាន់តែជួបបញ្ហាប្រឈមមួយកម្រិតទៀត។

ចំណែកមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ពលរដ្ឋឱ្យទៅជួបមន្ត្រីអាជ្ញាធរខណ្ឌព្រែកព្នៅជួយរកដំណោះស្រាយវិញនោះ ទំនងជាមិនអាចទៅរួចនោះទេ ដោយសារពលរដ្ឋបានរកកិច្ចអន្តរាគមន៍ពីអាជ្ញធរទាំងនោះច្រើនដងមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយ ទើបពួកគាត់នាំគ្នាយកញត្តិដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ។

ករណីនេះ លោក វណ្ណ សុផាត អំពាវនាវទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធពន្លឿនរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងគិតប្រយោជន៍ប្រជាពលរដ្ឋជាធំ ជាជាងគិតតែប្រយោជន៍ក្រុមហ៊ុន និងអ្នកមានអំណាច ព្រោះអាចធ្វើឱ្យពលរដ្ឋកាន់តែរងគ្រោះធ្ងន់ធ្ងរជាដើម ។

លោមានប្រសាសន៍ថា៖ «សុំឱ្យរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន កុំឱ្យធ្វើអ្វីមិនបានគិតទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលគិតតែផលប្រយោជន៍ឯកជន ឬក៏ផលប្រយោជន៍ក្រុមហ៊ុន ឬផលប្រយោជន៍អ្នកមានអំណាច អ៊ីចឹងនឹងធ្វើឱ្យប្រជាពលរដ្ឋនៅតែរងគ្រោះដដែល»។

បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​បឹ​ងមួយនេះ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០​ហិកតា ហើយត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ