កម្ពុជា​​បន្ត​រកឃើញ​អ្នកឆ្លង​កូវីដ-១៩​ជិត​១០នាក់​ទៀត​គិត​ពី​ថ្ងៃ​ម្សិលមិញ​ដល់​ព្រឹកនេះ

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាលបានបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣ករណីបន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ខណៈលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះបាន​រកឃើញបន្ថែម៦នាក់ទៀត។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២២ បាន​ឱ្យដឹងថា កាលពី​ថ្ងៃម្សិល​មិញ ក្រសួងបានបន្តរកឃើញករណីឆ្លង​ជំងឺកូវីដ-១៩​ថ្មី​ ចំនួន៣ករណី ដែលសុទ្ធ​តែ​ជាប្រភេទអូមីក្រុង និងជា​ករណីធ្វើតេស្ត​ស្នើ​​​​សុំ​វិញ្ញាបនបត្រ​ទៅក្រៅប្រទេស។ ចំពោះអ្នកជាសះស្បើយ និងអ្នកស្លាប់វិញ ក្រសួងថាមិនមាននោះទេ។

ចំណែកលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ក្នុង​ពិធីអបអរ​ទិវា​មច្ឆជាតិ ​នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះថា តាមព័ត៌មាន​ដែលលោកទទួលបាន គិត​ត្រឹមព្រឹកថ្ងៃសុក្រនេះ បាន​រកឃើញ​ករណីឆ្លងចំនួន៦ករណីទៀត ក្នុងនោះមាន៥ករណីជាអ្នកនៅខេត្ត និង១ករណីជាអ្នកនៅរាជធានីភ្នំពេញ។

ករណីនេះ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​​ បានអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវបន្តទៅ​​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​​ឱ្យបាន​គ្រប់ៗ​គ្នា ក៏ដូចជាត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្ននិង​រក្សា​អនាម័យ​ឱ្យបាន​ខ្ពស់ ខណៈជំងឺ​កូវីដ-១៩បម្លែងថ្មី អូមីក្រុង កំពុងចាប់ផ្តើ​មឆ្លង​​រីករាលឡើងជាថ្មីម្ដងទៀត។

លោក​ថ្លែងថា៖ «អ៊ីចឹង​ខ្ញុំសុំវិលត្រលប់មក​អំពាវនាវបងប្អូនប្រជាពលរដ្ឋរបស់យើង ទទួលយកដូស​ជំរុញ! គេដើរដល់ដូសទីប៉ុន្មាន ទៅយកដូសប៉ុណ្ណឹងទៅ។ ឥលូវបងប្អូនខ្លះ​បាន​តែពីរដូស​នោះ​​ទេ អ៊ីចឹងទៅយកអាបី [ដូសទី៣] អ្នកបានបី ទៅយកបួន! អ្នកបានបួន ទៅយកប្រាំ! ព្រោះយើង​រៀប​ចំ​ដើម្បី​ការ​ពារជីវិតប្រជាជន»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា៖ «វ៉ាក់សាំងនៅកម្ពុជា គឺវ៉ាក់សាំងអត់មានពណ៌សម្បុរទេ! អត់មានគិតថាអ្នកនេះបក្សនេះ អ្នកនេះបក្សនោះ អត់មានគិតពីជាតិសាសន៍ សាសនានោះទេ។ អ្នកឯងកាន់សាសនាអីក៏ដោយ ជនជាតិអីក៏ដោយ ខ្ញុំចាក់ជូនទាំងអស់ ឱ្យតែរស់​នៅលើដីខ្មែរ»។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិត​មកដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦ ២៨២នាក់ ក្នុងនោះជាសះស្បើយ ១៣៣ ២០៦នាក់ និងករណីស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ