ជនជាតិដើមភាគតិច​៥០គ្រួសារ​នៅ​មណ្ឌលគិរី បារម្ភ​បាត់បង់​ដីព្រៃ​អាស្រ័យផល ខណៈ​មាន​គ្រឿងចក្រ​ឈូសឆាយ

គ្រឿងចក្រដែលត្រូវបានពលរដ្ឋអះអាងថាកំពុងធ្វើសកម្មភាពឈូសឆាយដីរបស់សហគមន៍ជនជាតិដើមភាគតិចពូនង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចប្រមាណ៥០គ្រួសារ រស់​នៅឃុំដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី កំពុង​បារម្ភ​ពីការ​បាត់​បង់​ដី​ព្រៃអាស្រ័យ​ផល ខណៈមានគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយព័ទ្ធ​យកដីព្រៃតំបន់នោះ។

លោក ត្រុង ញេះ ជាជនជាតិដើម​ភាគ​តិច​ពូនង រស់​នៅភូមិ​ឆប ឃុំដាក់ដាំ ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ដីព្រៃអាស្រ័យផលប្រហែល​៦០ហិកតារបស់ជនជាតិដើមភាគតិច​តិពូនងប្រមាណ​៥០​គ្រួសារ ដែល​បាន​អាស្រ័យ​ផល​តាម​បែប​ប្រពៃណី​​តាំង​​ពីឆ្នាំ​១៩៨១ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កំពុងរងការឈូសឆាយនិងហ៊ុមព័ទ្ធយកពីសំណាក់ក្រុមហ៊ុនមួយដែលមិនស្គាល់ឈ្មោះ។

បុរសវ័យ៥៣ឆ្នាំរូបនេះ ឱ្យដឹងថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃ​អាស្រ័យផល​របស់​ពួកគាត់​តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រហូត​ដល់​ថ្ងៃទី៤ ខែកក្កដា​នេះ អស់ប្រហែល១០ហិកតា ប៉ុន្តែបានផ្អាក​សកម្ម​ភាព​វិញ ក្រោយអ្នក​ភូមិ​ជា​ច្រើន​នាក់ផ្ទុះការតវ៉ានិង​រារាំង​មិន​ឱ្យ​មាន​ការ​ឈូស​ឆាយ​បន្ត​ទៀត។

លោកបន្ថែមថា៖ «យើង​បារម្ភ​ខ្លាច​គេ​យក​ដី​តំបន់​ហ្នឹង កន្លែងហ្នឹងយើងធ្លាប់ឃ្វាលគោ​ឃ្វាលក្របី ពួកខ្ញុំ​ធ្វើ​ចម្ការវិល​ជុំ​ជិតកន្លែង​ហ្នឹង ជុំវិញហ្នឹងយើង​ដាំ​ចេក ដាំ​ម្នាស់ ដាំ​ដំឡូង ដាំ​អំពៅ បើយើងនៅត្រង់ហ្នឹងតាំងពីឆ្នាំ១៩៨១ម្លេះ។ បើគេយក​ ប៉ះពាល់​ដល់​មុខ​របរ​របស់​ពួក​យើង​ហ្នឹង​ហើយ»

ជនជាតិដើមភាគតិចពូនងរស់នៅភូមិពូឆប ឃុំដាក់ដាំ ម្នាក់ទៀត លោក ថូ សិលា និយាយថា អ្នកភូមិ​មិន​ទាន់​ស្រាវ​ជ្រាវ​ដឹង​ថា ក្រុម​ហ៊ុន​កំពុង​ធ្វើសកម្មភាពឈូសឆាយនោះមានឈ្មោះអ្វី និងម្ចាស់ជាអ្នកណានោះទេ។ លោកថា ករណីឈូសឆាយដីព្រៃនេះ ​អ្នកភូមិបានរាយការណ៍ទៅអាជ្ញាធរឃុំដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានទាំងនោះមិនបានជួយអន្តរាគមន៍ ឬមានចំណាត់ណា​មួយ​ឡើយ។

លោក ថូ សិលា ឱ្យដឹងថា កន្លែងកំពុងរងការឈូសឆាយនោះ អ្នកភូមិ​បានអាស្រ័យផលធ្វើជាចម្ការវិលជុំ​ ដោយ​ដាំស្រូវ ដាំសណ្ដែក​ ពោត និង​ដំណាំក​សិកម្មផ្សេងទៀតតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច។

លោកបន្ថែមថា៖ «ប្រសិនជាគេឈូសឆាយអស់ ​បងប្អូនប្រជាពលរដ្ឋគាត់មានការលំបាក ដោយសារគាត់ក្រីក្រ ពួកគាត់អត់មាន​​មុខរបរ​​អី​ផ្សេង គាត់​ពឹង​តែ​ដីធ្លី​ហ្នឹង​សម្រាប់​ប្រកបរបរចិញ្ចឹមជីវិត។ បើគេឈូសឆាយយកអស់​ គឺគាត់មានការលំបាកខ្លាំងហើយ។ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់អា​ជ្ញាធរ​ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយជូនពួកគាត់ផង។ ឥលូវពួកគាត់កំពុងពិបាកចិត្តនិងព្រួយជាខ្លាំង ប្រសិនជាពួកគាត់[ក្រុមហ៊ុន]នៅចង់រឹបអូសដីធ្លីរបស់ពួកគាត់»

មេភូមិពូឆប​ដែល​ពលរដ្ឋប្រាប់​​ថាឈ្មោះ ឃឿន និយាយ​ថា លោក​ទទួល​បាន​ព័ត៌​មានជុំវិញ​ករណី​គ្រឿង​ចក្រ​ធ្វើសកម្មភាពឈូស​ឆាយ​ដី​ព្រៃនៅក្នុងភូមិនេះ ប៉ុន្តែលោកមិនទាន់បានចុះទៅមើលនៅឡើយទេ ហើយក៏មិនដឹងថាគ្រឿងចក្ររបស់ក្រុមហ៊ុនឬរបស់អ្នកណានោះដែរ។ លោកថា ក្រោយប្រកាសចូលកាន់តំណែងជាមេភូមិ​រួច​ លោកនិងអាជ្ញាធរ​ពាក់ព័ន្ធនឹងចុះស្រាវជ្រាវករណីនេះ។

លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថាអ្នកឈូសឆាយហ្នឹងជាក្រុមហ៊ុនឬអ្នកណា ព្រោះយើងមិនទាន់បានចុះពិនិត្យនៅឡើយទេ ប៉ុន្តែប្រសិនមានប្រជាពលរដ្ឋគាត់ដាក់ពាក្យបណ្តឹង យើងនឹងចុះពិនិត្យស្រាវជ្រាវ»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​​ថា ក្នុង​ខេត្ត​មណ្ឌល​គិរី មាន​បទល្មើសរំលោភយកដីព្រៃរបស់រដ្ឋ ដីតំបន់​​ភ្នំ និងដីតំបន់ការពារជាច្រើនកន្លែងផ្សេង​ទៀត ដោយមិនមានការចាត់វិធានការច្បាប់តឹងរ៉ឹងណាមួយចំពោះជនល្មើសឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ​បន្តថា អ្នកដែលហ៊ានរំលោភនិងប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយដីព្រៃរបស់រដ្ឋទាំងនេះ មានតែអ្នក​មាន​លុយ​មាន​អំណាចតែប៉ុណ្ណោះ ហើយ​សកម្មភាពទាំងនោះអាចធ្វើទៅបាន គឺអាច​មានជាប់ពាក់ព័ន្ធអំពើពុករលួយណា​មួយ​រវាង​ជន​ល្មើសនិង​អាជ្ញាធរនៅទីនោះ។

លោក​ ប៉ែន ប៊ុណ្ណារ៍ បានគូសបញ្ជាក់ថា តាមច្បាប់ស្តីពីតំបន់​ការពារ ការរំលោភ​យក និងការឈូសឆាយដីតំបន់ភ្នំ និងដីតំបន់ការ​ពារ​ ជា​បទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ។

លោកបន្ថែមថា៖ «នៅក្នុងខេត្តមណ្ឌលគិរី មិនមែនមានតែករណីតែមួយនេះទេ គឺមានច្រើនណាស់ ដែលយើងមើលឃើញថា រហូតមកដល់ពេលនេះ ទាំងអាជ្ញាធរ​ ទាំង​នគរបាលយុត្តិធម៌​ ហាក់​ដូចជាសម្ងំស្ងៀម មិនហ៊ានចាត់វិធានការលើរឿងហ្នឹង​ទេ។ ទោះបីជាមានបទបញ្ជា ឬលិខិត​ពី​ក្រសួង​បរិស្ថាន​ក៏ដោយ ដូចជាខ្លាចអំណាចរបស់អ្នករំលោភទាំងអស់ហ្នឹង»

កាលពីខែមករា ​ឆ្នាំ២០២២ ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ គឺលោក ប៉ែន អ៊ាន បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យមានវិធានការលើអភិបាលស្រុកអូររាំង​ ខេត្តមណ្ឌលគិរី លោក សៀក មុន្នី ពាក់ព័ន្ធការគប់​គិត​គ្នា​ជា​ប្រព័ន្ធ​រំលោភ​យក​ដីធ្លីប្រជាពលរដ្ឋ និងដីរដ្ឋធ្វើកម្មសិទ្ធិ។

លោក ប៉ែន អ៊ាន បញ្ជាក់​ថា លោក សៀក មុន្នី និង​បក្សពួក បានប្រើប្រាស់អំណាចគំរាមកំហែងប្រជាពលរដ្ឋ​ និងគប់​គិត​គ្នា​ជាប្រព័ន្ធក្លែងបន្លំឯកសារយកដីជនជាតិដើមភាគតិច និងដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ហើយបានលក់ទៅឱ្យឈ្មួញបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ