វិភាគ៖ ហេតុអ្វី​៦ឆ្នាំ​មកនេះ អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី មិន​ត្រូវ​បាន​ចាប់ខ្លួន?

ទិដ្ឋភាពនៃពិធី​ដង្ហែ​សព​លោក កែម ឡី ធ្វើដំណើរចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ស្រុក​កំណើត​របស់​លោក នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

​ឃា​តក​​ម្ម​ទ្រ​ង់ទ្រា​យធំ​នៅកណ្ដាលរាជធានីភ្នំពេញ ទៅ​​លើ​​លោក​ប​ណ្ឌិត​ កែម ឡី កាល​ពី៦ឆ្នាំមុ​ន ​ហើ​យ​មក​​ដល់​ពេ​​លនេះ​ នៅមិនទាន់មាន​​អ្នក​ពាក់ព័ន្ធណា​ម្នាក់​ត្រូ​វ​បាន​ចាប់ខ្លួ​ន​យក​​មក​ផ្ដន្ទា​ទោ​ស​ ដើម្បីផ្ដល់​យុត្តិធម៌ឱ្យជនរងគ្រោះនៅឡើយ​ ក្រៅតែ​ពី​បុរស​ឈ្មោះ​​​​​ «ជួ​ប សម្លា​ប់» ​នោះ។ ប​ញ្ហានេះ​​​ ជំរុញ​ឱ្យ​មា​​​នកា​រ​បារ​ម្ភថា​ ប្រ​ព័ន្ធ​​យុត្តិ​ធ​ម៌​បាន​រអិលធ្លា​ក់កាន់​តែជ្រៅទៅ​ក្នុង​សម្ពាធ​​​ន​​យោ​​បា​យ​ ​ដែល​​នឹង​ធ្វើឱ្យ​ប្រជា​​ពលរដ្ឋងាយរងគ្រោះ ហើយ​​ពលរដ្ឋ​នឹង​បាត់បង់ជំនឿចិត្ត​លើ​មន្ត្រីអនុវត្តច្បា​ប់។

អ្នក​អ​ត្ថា​ធិប្បាយ​នយោបាយដ៏លេ​ចធ្លោ ​លោក កែម ឡី​ ត្រូវខ្មា​ន់កាំ​ភ្លើងបា​ញ់ស​​ម្លាប់​កា​លពីព្រឹ​កថ្ងៃទី១០ ខែ​​​កក្កដា ​ឆ្នាំ២០​១៦ ​នៅ​ក្នុ​​​​ងម៉ាតនៃ​​ប្រេ​​ង​​​​ឥន្ធនៈ​​​កា​ល់​តិ​ច ​​ជា​​ប់ស្តុ​បបូក​គោ ​​​​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​គិត​ត្រឹម​​​ថ្ងៃទី​​១០ ខែកក្ក​ដា​​ ឆ្នាំ២០២២​ មានរយៈពេល៦ឆ្នាំ​មក​ហើយ។

ភ្លា​មៗ​​ក្រោយ​កើតហេតុ​​ បុរ​សម្នា​ក់​ឈ្មោះ «អឿត អាង» ហៅ​ «​ជួប​ សម្លាប់»​ រស់នៅ​ខេត្ត​សៀមរាប ត្រូ​វ​បា​ន​ចាប់​ខ្លួន​ ដែល​សម​ត្ថកិច្ចចោទថា​​ គា​​ត់ជាខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក​ កែម ឡី។ ប​ច្ចុប្បន្ន ជួប សម្លាប់​ ​ត្រូវតុ​លាកា​រផ្ដន្ទា​ទោស​ដា​ក់​​ពន្ធ​នាគារអ​ស់មួយជីវិតតែម្នាក់ឯង​ក្នុងព្រឹត្តិការណ៍​​នេះ​។​

មុនករណីឃាតកម្មនេះ ​លោក កែម ឡី​ បានធ្វើការងា​រសង្គមជាច្រើន។ ក្រៅពីធ្វើជាវាគ្មិន​ចែក​រំលែកចំណេះដឹ​ង​ពីបញ្ហាសង្គម លោក​ក៏បាន​​​ឆ្លៀត​ពេល​ខ្លះ​ចុះជួបពល​រដ្ឋ​នៅតា​មខ្សែ​បន្ទា​ត់ព្រំដែន​ ដើម្បីឈ្វេង​​យល់​ពីប​ញ្ហាព្រំដែន ​និង​ចងក្រ​ងជាឯកសារសម្រាប់​ក្មេងជំនាន់ក្រោយ​ ដែល​លោកដា​ក់​ឈ្មោះថា «​យុទ្ធ​នាការ​១០​០រា​ត្រី​»

ជា​ការក​ត់សម្គាល់ ការចុះ​របស់លោកនៅ​​​ពេលនោះ​ ចំ​ពេ​ល​រ​ដ្ឋា​ភិបា​ល​​​​កំ​ពុ​ងបោះបង្គោ​លព្រំដែន​ជា​មួយវៀត​ណា​ម ក្រោ​មការ​រិះគន់ពី​អ្នក​ឃ្លាំមើ​ល​ និងពីអ​តីតម​ន្ត្រី​បក្សប្រឆាំង​ ថាធ្វើ​ឱ្យ​កម្ពុ​ជា​ខាតប​ង់។​

​មួយ​វិញទៀត ឃាត​កម្មនេះកើត​ឡើង​២ថ្ងៃ ​ក្រោ​យលោ​​ក កែម ឡី ​វិភា​​គរបាយកា​រណ៍ស៊ើបអ​ង្កេត​មួយរប​ស់អង្គការអន្តរជាតិ​ Global Wit​n​ess ដែលអង្គការនោះ​​ដាក់ចំណ​ងជើ​ងថា ​«អា​​ណា​ចក្រជំនួញ​ត្រកូ​ល​​​ហ៊ុ​ន»។​ រ​បាយ​ការណ៍នោះ​បានចោទថា​ ​គ្រួសារ​​លោ​កនាយករ​ដ្ឋមន្ត្រី​​ ហ៊ុ​ន សែន​ ​បាន​​បំពាន​​ច្បាប់​​ប្រទេស ​​ដើម្បី​កសា​​ង​​​​អា​ណាចក្រ​​ជំ​នួញ​របស់​ខ្លួ​ន ​ប្រ​​មែ​​​​ប្រមូល​ទ្រព្យ​ធន​ច្រើន​សន្ធឹក​សន្ធាប់ ​ដាក់​​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុ​​ន​ក្នុង​ស្រុក​យ៉ាង​ហោច​ណា​ស់​​​ចំ​នួន១១៤ មានទាំងក្រុមហ៊ុន​​ថាមពល ​ក្រុមហ៊ុន​ទូរ​​គមនា​គមន៍​ ​​ក្រុមហ៊ុ​ន​​រុក​រក​​រ៉ែ​ និង​​ក្រុមហ៊ុន​​ពាណិ​ជ្ជ​កម្ម​​ ​ដែល​​ភាគ​ច្រើន​​ក្នុង​​វិស័យ​សំ​ខាន់ៗ ​​​​​​របស់​​កម្ពុជា​។

យ៉ា​ងនេះ​ក្ដី លោ​ក កែម ឡី បានអត្ថាធិប្បាយពេល​នោះថា របាយ​ការណ៍​នេះបា​នផ្តល់ផ​លចំ​ណេញ​ច្រើន​ដល់​រដ្ឋាភិបាល​ បើរដ្ឋាភិ​បាលធ្វើការសិក្សាស្រាវជ្រាវ​ប្រកបដោយការទទួលខុសត្រូវ ហើយឆ្លើយត​បវិញនោះ ព្រោះថា ការធ្វើបែបនេះ​នឹង​​លា​ងជ​ម្រះការ​ចោ​ទប្រ​កាន់​ទៅលើក្រុ​ម​គ្រួសា​រ​នាយក​រដ្ឋម​ន្ត្រី។

លោកថា៖ ​«របាយការណ៍នេះ គឺជួយរដ្ឋាភិបាលសម្បើមណាស់នៅពេលដែ​លរដ្ឋាភិបាលសិក្សា ហើយយកទៅធ្វើការឆ្លើយតប ​​[…] ខ្ញុំឧទា​​រណ៍​​ម្តង​ទៀ​តថា​ អា​វយើ​ង​វារហែក​ ហើ​យ​គេ​​ប្រាប់​ថាវារហែក​អាវហើ​យ ​យើ​ងអ​ត់​ព្រម​យកទៅ​ដេ​រ​ ហើយយើង​ចេះ​តែយក​ទៅពាក់​ទៅ ​មនុស្ស​នៅក្នុងផ្សា​រ​ចេះ​តែឃើ​ញ​អាវ​រហែក​ហ្នឹ​ង​រហូត​។ ប៉ុ​ន្តែបើ​យើ​ងយកមក​ដេ​រ​​ឱ្យជិ​តទៅ ដើរ​ទៅ គេ​លែ​ងឃើញហើយ ​អ៊ីចឹង​វាចំ​ណេញ​​ឬ​ខា​ត ដោ​យសារតែ​យើង​មិ​ន​ចង់កែ​ប្រែតែ​ប៉ុ​ណ្ណឹង​»​។

ចា​ប់ពីពេ​ល​នោះមក ក្រុមអង្គការសង្គមស៊ីវិល រួមទាំង​អ្នក កែម ឡី និយម បាន​ធ្វើយុទ្ធនាកា​រ និងធ្វើពិធីរំ​ឭ​កខួ​​​​​ប​ជារៀងរាល់ឆ្នាំ ដោយទាមទារឱ្យរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោ​ស ដើម្បីផ្ដល់យុត្តិធម៌សម្រាប់​លោក កែម ឡី ដោយសម្អាងថា ឃា​តកម្ម​​កណ្ដាលទី​ក្រុង​​បែបនេះ ​ជួប សម្លាប់ ម្នាក់ឯងមិនអាចធ្វើបានទេ។ តែយ៉ាង​ណា​ អំឡុ​ងឆ្នាំ២០​១៧​ សាលាដំ​បូងរាជធានីភ្នំពេ​ញ បានបំបែ​កសំណុំរឿងឃាតកម្មនេះ​ ដើម្បីស្វែងរកអ្នក​ពាក់ព័ន្ធផ្សេងទៀត មក​ប្រឈម​មុខ​ច្បាប់ ​ក្រោយពីកាត់ទោស «ជួប សម្លាប់» រួច។

ក៏​ប៉ុន្តែ​ច្រើ​ន​​​ឆ្នាំមក​នេះ ​គ្មានជ​នសង្ស័យ​ណាផ្សេ​ង​ទៀត​ត្រូវ​បាន​សម​ត្ថកិ​ច្ចនាំ​ខ្លួន​មក​កា​​ត់​ទោ​ស ដើម្បីផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ និង​ដើម្បី​ឆ្លើយ​តប​ទៅនឹងចម្ងល់ដែលបានទាមទារនោះទេ រយៈពេល៦ឆ្នាំមកនេះ។

សំណួ​​រនៅត្រង់ថា ហេតុ​អ្វី៦ឆ្នាំមក​នេះ អ្នក​នៅពីក្រោយឃាតកម្មលោក កែ​ម ឡី នៅតែមិនត្រូវបានចាប់​ខ្លួន?

អ្នកស្រា​វជ្រាវ​សង្គ​ម ​និង​ជាអ​តីត​ដៃ​គូ​វិភាគជា​មួ​យលោ​កបណ្ឌិត​ ​​កែ​​ម ឡី​ គឺ​លោកបណ្ឌិ​ត ​មាស​ ​នី​ ​លើក​​ឡើង​ថា​ ប្រព័​ន្ធយុត្តិធម៌មានស​មត្ថ​ភាព​គ្រប់​គ្រាន់ ដើម្បីតាមចាប់ខ្លួនបុគ្គលណាម្នាក់ ទោះបុគ្គលនោះរត់ដល់ទីណា​​ក៏ដោយ។ ប៉ុន្តែលោកថា ការខកខាន​នាំខ្លួនអ្នកនៅពីក្រោយឃាតកម្មលោក កែម ឡី នេះ អាចមកពីការអនុវត្តច្បាប់មាន​​ស្តង់ដារពីរ ដោយ​​លម្អៀងទៅរកអ្នកមានឥទ្ធិពលខាងនយោបាយ។

លោកថា៖ «ខ្ញុំ​​​​មិនជឿ​ថាប្រ​ព័ន្ធ​យុត្តិ​ធម៌​របស់យើ​ងមិ​នមានសមត្ថភាពក្នុងការរកឱ្យឃើញអ្នកនៅពីក្រោយ​ឃាតកម្មហ្នឹងទេ បើប្រៀបធៀបទៅលើសមត្ថភាពដែលយើងឃើញរហូតមកដល់ពេលនេះ»។

ករណីនេះ​ លោ​កបណ្ឌិត មាស នី​ ពន្យ​ល់ថា លោ​ក ​កែម ឡី ជាអ្នក​រូតវាំងនន ហើយពេលខ្លះ ការលាតត្រដាងនោះធ្វើឱ្យ​អ្នកនយោបាយខិលខូចខ្លះ មិនសប្បាយចិត្ត។ លោ​​​កគិតថា បើគ្មានអ្វីកែលម្អទេ ការអនុវត្តច្បាប់បែបនេះនឹងធ្វើឱ្យពលរដ្ឋនិងរដ្ឋាភិបាលលែងទុ​កចិ​ត្តគ្នា នឹងជំរុញឱ្យមានការកើនឡើងបញ្ហាសង្គម។

លោ​កថា​៖ «​វាធ្វើឱ្យពលរដ្ឋនិងរដ្ឋាភិបាលហ្នឹងបាត់ទំនុក​ចិត្តលើគ្នា យើងឱ្យពលរដ្ឋរស់នៅដោយបាត់ភា​​ពកក់ក្តៅ ព្រោះកាលណាមានរឿងរ៉ាវអីកើតឡើង មានតែស្ទុះរកខ្នង ស្ទុះរកលុយ​​ លក់ដីលក់ស្រែលក់ធ្លីអ៊ីចឹង​ទៅ! ហើយនិយាយឱ្យកាន់តែអាក្រក់​ស្ដាប់​ទៅ​ទៀត​នោះ អ្នក​មាន​អំណាច​ត្រូវ​តែ​ឈ្នះ ហើយអ្នក​ក្រត្រូ​វតែចាញ់គេ សង្គមបែបហ្នឹង»។

រដ្ឋ​​​​មន្ត្រី​​ក្រសួង​មហាផ្ទៃ​​ លោក​​ ស ខេង​ ធ្លាប់ក្រើន​រំ​ឭក​មន្ត្រីពាក់ព័ន្ធឱ្យ​​​​​ធ្វើ​​​កំ​​ណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោ​​​យ​លោកក​​ត់​សម្គាល់ថា ការ​បែកបាក់​ជាតិ​ ផ្តើម​ចេញពីភាព​​អយុត្តិធម៌ក្នុង​​សង្គម​​។

លោក​ថា​៖ «តាម​បទ​ពិសោធ​ន៍​ជា​ប្រវត្តិសាស្ត្រ​មក​ សង្គម​ដែល​បែកបាក់​​នៅ​ស្រុក​ណាក៏ដោយ ​គឺ​អយុ​ត្តិធម៌​​! ​អ៊ីចឹ​​ង​រឿង​នេះ​​ក៏​ជា​កម្មវត្ថុ​មួយ​យ៉ាង​សំខាន់​ ដែល​យើង​ត្រូវ​[ធ្វើ]កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ​»។

​​នាយក​​ប្រតិប​ត្តិអង្គ​ការ​អភិវឌ្ឍ​ន៍ផ្ន​ត់​គំ​និត​​ លោ​ក ​សេក​ សុជាតិ​ មើលឃើ​ញថា រយៈពេល៦ឆ្នាំដែលលោក​បណ្ឌិត​ កែម ឡី នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយនោះ មកពីកត្តាចម្បង២ ក្នុង​នោះ ​​បញ្ហា​ទី១ មក​ពី​ក្រុម​គ្រួសារ​លោក កែម ឡី និងមនុស្ស កែម ឡី និយម មិន​ស​កម្ម​ក្នុងការទាមទារទៅក្រសួង​ពាក់​ព័ន្ធ រួម​ទាំង​តុលាការ ដើម្បីស្វែងរកយុ​ត្តិធម៌​​ ដោយពួកគេគ្រាន់តែទា​ម​ទារជាប្រយោលតា​មបណ្ដាញសង្គម។ លោកថា ការតវ៉ាបែបនេះ គ្មាន​ទម្ងន់​​​ដល់ការសម្រេចចិត្តផ្តល់​​​យុត្តិ​ធម៌ទេ។

លោកថា៖ «សមត្ថកិច្ចមានសមត្ថភាពហើយ ក៏ប៉ុន្តែចំពោះរឿងរសើបពាក់ព័ន្ធ​នឹង​រឿងនយោបាយ គឺមិ​ន​ដែល​រកឃើញទេ សូម្បីតែរឿងតូចតាចមួយក៏រកមិនឃើញដែរ»។

ចំណែកបញ្ហា​ចម្បងទី២ លោកថា អាចមកពី​មន្ត្រីខ្វះឆន្ទៈ​ស្វែង​រក​យុត្តិធម៌​ឱ្យជនរងគ្រោះ ដោយសារពួក​គេ​ជាប់​គំនាប​នយោបា​យ។

យ៉ាងណា លោកគិតថា ដើម្បីកែលម្អបញ្ហានេះ ត្រូវការភាពក្លាហានរបស់​អ្នក​គាំទ្រលោក កែម ឡី រួមទាំ​ង​កា​រប្តេជ្ញាចិត្ត​របស់អ្នកនយោបាយ ដោយឈរលើយន្តការពង្រឹងនីតិរដ្ឋ។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាព​ការ​ងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា មកដល់ពេលនេះ គេនៅតែមិនទាន់ដឹងថាឃាតកម្មលើលោក កែម ឡី នេះ ភាគីណាមួយនៅពីក្រោយព្រឹត្តិការណ៍​នេះ​ទេ ខណៈ​ប្រព័ន្ធ​យុត្តិធម៌មិនទាន់រើខ្លួនចេញពីឥទ្ធិពលនយោបាយនោះ។

ប៉ុន្តែលោកជឿថា នៅពេលដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជារើខ្លួនរួចពីឥទ្ធិពលនយោបាយ និទណ្ឌភាពដែល​បានកើតឡើងច្រើនជាបន្តបន្ទាប់ ដូចជា ព្រឹត្តិការណ៍​​បង្ហូរឈាមគ្នានៅថ្ងៃទី៥ និង៦ កក្កដា ព្រឹត្តិ​ការណ៍​គ​ប់​គ្រាប់បែកនៅមុខរដ្ឋសភាកាលពីឆ្នាំ១៩៩៧, ឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី, ឃា​តកម្មលើប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា, ឃាតកម្មលើតារាចម្រៀងជាច្រើនទៀត រួមទាំងលោ​ក កែម ឡី នឹងត្រូវលាតត្រដាង។

ក៏ប៉ុន្តែលោក មឿន តុលា ​ចង់ឃើញ​មេដឹកនាំ​បញ្ចប់និទណ្ឌភាព ដោយថា បើកាលណានិទណ្ឌភាពនៅតែ​បន្តអូសប​ន្លា​យ វានឹងជំរុញឱ្យមានការបែកបាក់ជាតិ។

លោកថា៖ «តាមពិតទៅ អ្នកមានអំណាចយើង​អាចធ្វើអីបានច្រើន នៅពេលយើងមានអំណាច​នៅក្នុងដៃ ដូច្នេះអ្វីដែលយើងគួរធ្វើ យើងគួរតែធានានូវយុត្តិធម៌សង្គមឱ្យពលរដ្ឋគ្រប់និន្នាការ គ្រប់ស្រទាប់វណ្ណៈ​​​​ហ្នឹង គាត់រស់បានសុខដុមរមនានៅក្នុងសង្គមទៅ។ បើសិនប្រជាពលរដ្ឋគាត់រងគ្រោះ​ដោយសារអំពើអ​​យុត្តិ​ធម៌ហ្នឹងច្រើពេក វាធ្វើឱ្យបែកបាក់សង្គម»។

ដោ​​យឡែក សម្រាប់មរណភាពរបស់លោក កែម ឡី វិញ លោកគិតថា បើទោះបីជាពេលនេះ អ្នកអត្ថាធិប្បា​​​យនយោបាយដ៏លេចធ្លោ និងជាអ្នកតស៊ូមតិ ដើម្បីប្រជាធិបតេយ្យរូបនោះមិនទាន់ទទួលបា​ន​យុ​ត្តិធម៌ តែថាការដែលពលរដ្ឋច្រើនលាននាក់ ដែលខ្លះយំស្រណោះ និងខ្លះទៀតទៅដង្ហែសពដោយស្ម័គ្រចិត្ត​ពីរាជធានីភ្នំពេញ ទៅស្រុកកំណើតរបស់លោក ​កែម ឡី ​នៅខេត្តតាកែវនោះ ជាសារប្រាប់ថា ពលរដ្ឋខ្មែរផ្តល់តម្លៃដល់បុគ្គលដែលសាងអំពើល្អ និងស្មោះត្រង់នឹងសង្គមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ