ប្រធានាធិបតី​ស្រីលង្កា​ស្នើ​លោក ពូទីន ឱ្យ​ជួយ​នាំចូល​ប្រេងឥន្ធនៈ​មក​កាន់​ប្រទេស​ខ្លួន

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

ប្រធានាធិបតីស្រីលង្កា នៅថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា រូបលោកបានជំរុញដល់មេដឹកនាំរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ឱ្យជួយ​ប្រទេស​របស់​ខ្លួន​តាម​រយៈការនាំចូលប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះបច្ចុប្បន្នកំពុងតែប្រឈម​នឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters

ថ្លែងតាមរយៈបណ្ដាញសង្គម ធ្វីតធ័រ (Twitter) លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានបន្តថា រូបលោកបាន​ផ្ញើសារ​ទៅ​កាន់​លោក ​វ្លាឌីមៀរ ពូទីន ដោយ​បាន​ស្នើសុំ​ការ​គាំទ្រ​ឥណទាន​ពី​ប្រទេសរុស្ស៊ី ក្នុងការនាំចូលប្រេងឥន្ធនៈមកកាន់ប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រជាជនស្រីលង្កាទាំងឡាយបានទទួលរងនូវការខ្វះខាតប្រេងឥន្ធនៈ ថាមពល អាហារ ឱសថ និងរបស់របរផ្សេងៗទៀត អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែលក្រុមគ្រូពេទ្យក៏បានព្រមានពីប្រព័ន្ធសុខភាពទាំងមូលដែលអាចនឹងដួលរលំនាពេលខាងមុខផងដែរ។

ទាក់​ទិន​នឹង​ករណី​នេះ កា​រ​តវ៉ា​នានា​តាម​ដង​ផ្លូវ​ក៏​បានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ និងវិវត្តកាន់តែខ្លាំងឡើងផងដែរ ដោយប្រជាពលរដ្ឋបាន​ចេញ​ម​ក​តវ៉ា​ ដើម្បី​ទាម​ទារ​ឱ្យ​ប្រធានាធិបតីរបស់ខ្លួនចុះចេញពី​តំណែង។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាមួយរូបធ្លាប់​បាន​បញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា លោក​ប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា នឹង​មិន​លាលែងពីតំណែង​ឡើយ បើទោះបី​ជា​មានបាតុ​កម្ម​នានា​ក្នុង​ប្រទេសប្រឆាំងនឹងវិធានការរបស់លោកក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏​អាក្រក់​បំផុតរបស់ប្រទេសនេះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ