តំណាង​ពលរដ្ឋ​៧នាក់ ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​​ចូល​​​បំភ្លឺ​ក្រោយ​តវ៉ា​រឿង​​ដីធ្លី​នៅ​ជាប់​បឹង​តាមោក

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាង​ពលរដ្ឋចំនួន ​៧នាក់ ត្រូវ​បាន​តុលាការសាលាដំបូងរាជធានីភ្នំពេញ ​​កោះហៅឱ្យចូល​​​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​នេះ បន្ទាប់​ពី​នាំ​គ្នា​តវ៉ាជំរុញ​​ឱ្យ​អាជ្ញាធរពាក់ព័ន្ធ ដោះស្រាយជម្លោះដីធ្លីជាប់បឹងតាមោក​ជូន​ពួក​គេ។

ពលរដ្ឋចំនួន ​​២៥០គ្រួសារ រស់​នៅ​ជាប់​​បឹង​​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បាននាំគ្នាតវ៉ាដីធ្លីជាបន្តបន្ទាប់ ចាប់តាំងពីពាក់កណ្តាលខែមិថុនា រហូតមកដល់ខែកក្កដា ឆ្នាំ២០២២​នេះ ក្រោយ​ពី​អាជ្ញាធរ​មូល​ដ្ឋានចោទ​ពួក​គាត់​ថា​រស់នៅលើដីចំណីផ្លូវដោយខុសច្បាប់។

ក្នុងដីកា​កោះហៅ​​ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដែលមានខ្លឹមសារ​ដូចគ្នា ហើយ​វីអូឌី​ទើប​ទទួល​បាន​នៅថ្ងៃសុក្រនេះ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទុង រតនា បានកោះហៅ​តំណាងពលរដ្ឋចំនួន ​៧នាក់ រួម​មាន អ្នកស្រី ប្រាក់ សុភា, អ្នកស្រី ខេន សាអយ, អ្នកស្រី ផន សុខុម, អ្នកស្រី គង់ តឿ, អ្នកស្រី ផន សុំ, អ្នកស្រី តាន់ ខ្ទី និងអ្នកស្រី អំ ភឿន ឱ្យចូលទៅបំភ្លឺចំពោះតុលាការ នៅថ្ងៃទី៣ និងទី០៤ ខែសីហា ឆ្នាំ២០២២ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាម​បណ្តឹងរបស់លោក មាស សម្បូរ ដែលពលរដ្ឋប្រាប់ថា ជាប្រធានសន្តិ​សុខខណ្ឌ​ព្រែក​ព្នៅ។

តំណាង​ពលរដ្ឋ​ដែលទទួលបានដីកាកោះរបស់តុលាការ គឺ​អ្នកស្រី ប្រាក់ សុភា ​មានប្រសាសន៍នៅថ្ងៃសុក្រ​នេះ​ថា ក្រោយទទួល​បាន​ដីកា​នេះ អ្នក​ស្រី និងប្រជាសហគមន៍ មានការឈឺចាប់ និងខកចិត្ត​ ចំពោះអាជ្ញាធរកាន់តែខ្លាំង ដែល​មិន​ព្រមដោះ​ស្រាយដីធ្លីជូនពលរដ្ឋហើយ ហើយបានប្តឹង​តំណាងពលរដ្ឋ​ទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត។

អ្នកស្រី ប្រាក់ សុភា ចាត់ទុកករណីតុលាការកោះហៅតំណាងពលរដ្ឋនេះថា ជាការគំរាមកំហែង និង​បំបាក់ស្មារតី មិនឱ្យ​ប្រជា​​ពលរដ្ឋហ៊ានចេញតវ៉ារឿង​ដីធ្លីបន្តទៅទៀត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំតវ៉ាទាមទារឱ្យមានការដោះស្រាយដីផ្ទះ ចុះហេតុអីបានជាអាជ្ញាធរខណ្ឌបែរជាដាក់​គំនាប​ដោយ​យក​ប្រព័ន្ធ​តុលាការគាប​សង្កត់​ពួ​កខ្ញុំអីចឹង។ អីចឹង​វា​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពួក​ខ្ញុំ​ ១០៨ខ្នង​ផ្ទះណាស់»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ផន សុខុម ឱ្យដឹងថា តំណាងពលរដ្ឋ​នឹងចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការ ដោយថា ពួក​គាត់​មិន​បាន​ធ្វើអ្វី​ខុស​ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ។ អ្នកស្រីបន្តថា​ ពលរដ្ឋ​គ្រាន់តែទាមទារ​សិទ្ធិ​ដីធ្លីដែល​គាត់​បានរស់នៅ និងអាស្រ័យផលតាំងពីឆ្នាំ១៩៩០​មកតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «វាអយុត្តិធម៌ណាស់ ប្រជាពលរដ្ឋមិនបានទៅធ្វើអ្វីខុសដូចអាជ្ញាធរប្តឹងថា ញុះញង់ ឬបង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈទេ។ ប្រជាពលរដ្ឋតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដីធ្លីជូន​ពួកខ្ញុំតែប៉ុណ្ណោះ មិនគួរណាអាជ្ញាធរចោទពួកខ្ញុំថាតវ៉ាដោយខុសច្បាប់នោះទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីដើមបណ្តឹង លោក មាស សម្បូរ ដែលពលរដ្ឋប្រាប់ថា ជាប្រធានសន្តិ​សុខខណ្ឌ​ព្រែក​ព្នៅនោះបានទេ នៅរសៀលថ្ងៃសុក្រនេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរតែងតែប្រើប្រាស់កម្លាំង និង​ប្រព័ន្ធ​តុលា​ការ ដើម្បី​បង្ក្រាប និងបំបាក់ស្មារតី​លើពលរដ្ឋ កុំឱ្យហ៊ានតវ៉ា ជាពិសេសពលរដ្ឋមានជម្លោះដីធ្លី។ លោកបន្ត​ថា ទង្វើ​របស់អាជ្ញាធរ គឺមិនអាចដោះស្រាយ​បញ្ហា​ចប់​បាន​ឡើយ ហើយទង្វើនេះ បានរំលោភ​សិទ្ធិ​ពលរដ្ឋធ្ងន់ធ្ងរ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ។

លោកបន្ថែមថា៖ «សិទិ្ធមានដីធ្លី និង​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​កម្លាំង​អាជ្ញាធរ និងប្រព័ន្ធតុលាការ។ យើងដឹងហើយថា ពលរដ្ឋ​មាន​ទាម​ទារ​ឱ្យ​មាន​ដំណោះស្រាយ​ឱ្យបានសមរម្យ​សម្រាប់ពួកគាត់ អាហ្នឹង​ជា​សិទ្ធិដែលមាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ពិសេសដទៃទៀត ក៏ដូចជាបទដ្ឋានកតិយុត្តិ​ដែល​ប្រទេសយើងបានផ្តល់សច្ចាប័ន»

អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក សុខ សម្បត្តិ ប្រាប់វីអូឌីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថាពលរដ្ឋទាំងនោះ បានរស់នៅលើចំណីផ្លូវលេខ១៣០ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលមានគម្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោកថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋទាំងនោះអភិវឌ្ឍន៍នៅនឹងកន្លែងបានឡើយ។

អភិបាលខណ្ឌរូបនេះបន្តថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយសុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេងដែលរៀបចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូងដូចគ្នា និងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋថែមទៀត ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមទទួលយកការដោះស្រាយនេះ ដែលធ្វើឱ្យការដោះស្រាយអូសបន្លាយយូរបែបនេះ។

កាលពីថ្ងៃទី១ខែកក្តដានេះ ប្រជាពលរដ្ឋ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋចំនួន៣ រួមមាន ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភា ឱ្យជួយដោះស្រាយបញ្ហា​ដីធ្លីជូនពួកគាត់​ ដោយថា ពួកគាត់បានរស់នៅបានជម្លោះតាំងពីឆ្នាំ១៩៩០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ