រាជ​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​១០​កក្កដា​​ដើម្បី​កាន់​ទុក្ខ​មរណ​ភាព​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ៊្សូ អាបេ (Reuters)

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ដើម្បីកាន់ទុក្ខ ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារបណ្តាលឱ្យស្លាប់បាត់បង់ជីវិតកាលពីម្សិលមិញ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេសនៅថ្ងៃទី៩ ខែកក្កដានេះថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់បង់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបន្តថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក លោក អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ លោក អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន រួមទាំងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ​​។

ករណីនេះកម្ពុជា សម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជាការដឹងគុណអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ។

លោក ហ៊ុន សែន បន្ថែមថា៖ «ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២»។

បន្ថែមពីនេះលោក ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិថែមទៀតផង។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍គាំទ្រនឹងការសម្រេចរបស់រដ្ឋាភិបាលក្នុងការកំណត់យកថ្ងៃ១០កក្កដា ដើម្បីកាន់ទុក្ខ ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារអតីតនាយករដ្ឋមន្ត្រីរូបនោះធ្លាប់ជួយកម្ពុជាច្រើនក្នុងការអភិវឌ្ឍន៍កន្លងមក។ ប៉ុន្តែលោកថា ការកាន់ទុក្ខនេះ គួរតែមានការកំណត់ឱ្យមានការចូលរួមកាន់ទុក្ខស្មើភាពគ្នា ដូចករណីឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានការរឹតត្បិតជាដើម។

លោកមានប្រសាសន៍ថា៖ «ការកំណត់ថ្ងៃ១០កក្កដា ដើម្បីកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស អាបេ រដ្ឋាភិបាលអាចកំណត់នៅកន្លែងណាមួយបាន ប៉ុន្តែសង្គមស៊ីវិលដែលចង់រំលឹកខួបលោកបណ្ឌិតកែម ឡី គឺរដ្ឋាភិបាលគួរតែអនុញាតឱ្យមានការគោរពចំថ្ងៃហ្នឹងដែរ ប៉ុន្តែគាត់អាចធ្វើនៅកន្លែងណាដែលឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ឬក៏កន្លែងគេហដ្ឋារបស់លោក ឬក៏កន្លែងណាមួយដូចគ្នាដែរ»។

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានទទួលមរណភាពកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីឃាតកបានបាញ់ប្រហារទៅលើរូបលោក ក្នុង​អំឡុងពេល​លោក​ឈរ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងទីក្រុង Nara ភាគ​ខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែ​​ដដែលនោះ។

បើតាមសារព័ត៌មានជប៉ុន NHK ឱ្យដឹងថា ភ្លាមៗក្រោយការបាញ់ប្រហារទៅលើ អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​​ កម្លាំង​សមត្ថកិច្ចបាន​ចាប់​ខ្លួន​បុរស​ម្នាក់ និង​បាន​ដក​អាវុធ​ចេញ​ពី​ខ្លួន​របស់គេ​។ ​ប្រភពដដែលថា ​បុរសនោះ ​មាន​អាយុ ៤១ឆ្នាំ និង​មាន​ឈ្មោះ តេស៊ូយ៉ា យ៉ាម៉ាហ្កាមី ប៉ុន្តែមូលហេតុពិតប្រាកដជុំវិញសំណុំរឿងឃាតកម្មទៅលើលោក ស៊ិនហ្សូ អាបេ នេះនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ