ព្រះរាជអាជ្ញាជប៉ុន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរសដែលសង្ស័យថាបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ។
ប្រភពដដែលបន្តថា ការិយាល័យព្រះរាជអាជ្ញាស្រុកណារ៉ា (Nara) បានចោទប្រកាន់ជនសង្ស័យឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមី (Tetsuya Yamagami) អាយុ៤២ឆ្នាំ ពីបទ «មនុស្សឃាត» ក៏ដូចជាការបំពានច្បាប់ស្តីពីការកាន់កាប់អាវុធ បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃផ្លូវចិត្តលើបុរសនេះអស់រយៈពេលប្រហែល៦ខែ។
តេតស៊ូយ៉ា យ៉ាម៉ាហ្កាមី (Tetsuya Yamagami) ត្រូវបានគេរាយការណ៍ថាមានការខឹងសម្បាចំពោះលោក Abe ដែលពាក់ព័ន្ធនឹងអង្គការសាសនាមួយ។ បុគ្គលរូបនេះថា គ្រួសាររបស់គាត់ធ្លាក់ខ្លួនក្រ ដោយសារអង្គការនោះបានបញ្ចុះបញ្ចូលម្តាយរបស់គាត់ឱ្យបរិច្ចាគប្រាក់ប្រហែល ៧៧៤ ៧០០ដុល្លារ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបាញ់សម្លាប់ ខណៈលោកកំពុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការបោះឆ្នោតមួយនៅភាគខាងលិចទីក្រុង Nara។ ភ្លាមៗ ជនសង្ស័យឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមី (Tetsuya Yamagami) ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។ ឃាតកម្មនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបណ្តាមេដឹកនាំពិភពលោកក៏បានផ្ញើសាររំលែកទុក្ខចំពោះការស្លាប់របស់លោក Abe ផងដែរ៕