រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​រយៈពេល​១០ថ្ងៃ ដើម្បី​សម្រួល​ជីវភាព​ពលរដ្ឋ

គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងម៉ាស៊ូតធ្លាក់មកនៅត្រឹម ៥ ៦០០រៀលក្នុងមួយលីត្រ ប្រេងឥន្ធនៈធម្មតាមកនៅត្រឹម ៥ ២៥០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែធ្លាក់មកនៅត្រឹម ៥ ៩០០រៀល ទៅ៥ ៩៥០រៀល ក្នុងមួយលីត្រ។ (ហ៊ាន រង្សី)

​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែកក្កដា ឆ្នាំ២០២២ តម្លៃលក់ប្រេងរាយនៅកម្ពុជានឹងត្រូវបញ្ចុះចំនួន៦,៥សេនដុល្លារ ឬស្មើជិត៣០០រៀល ក្នុង១លីត្រ ​ដោយថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ឱ្យដឹងថា បើផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃ​លក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវលក់ក្នុងតម្លៃ៥ ៥១៥រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៥ ៨៦៥រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ប្រភពដដែលបន្តថា ស្របពេលការកំណត់​តម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ​ចំនួន ៦,៥សេនដុល្លារ ឬស្មើជិត ៣០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយតម្លៃប្រេងសាំងធម្មតាចុះសល់ត្រឹម៥ ២៥០រៀល និងប្រេងម៉ាស៊ូតចុះមកនៅ៥ ៦០០រៀលក្នុង១លីត្រ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម៖ «ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ»។

បើធៀបនឹងតម្លៃលក់ប្រេងរាយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ​ប្រេងសាំងធម្មតាមានតម្លៃ​​ ៥ ៨០០រៀល ​ក្នុង១លីត្រ និង​ប្រេងម៉ាស៊ូតមានតម្លៃ​ ៦ ២០០រៀល​ក្នុង១លីត្រ។

បើយោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួនដូចជា កាល់តិច (Caltex) តូតាល់ (Total) និង ភីធីធី (PTT) ក្នុងរាជធានីភ្នំពេញ បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងម៉ាស៊ូតធ្លាក់ចុះមកនៅត្រឹម ៥ ៦០០រៀលក្នុងមួយលីត្រ ប្រេងឥន្ធនៈធម្មតា ធ្លាក់ចុះមកនៅត្រឹម ៥ ២៥០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែ ធ្លាក់ចុះមកនៅត្រឹម ៥ ៩០០រៀល ទៅ៥ ៩៥០រៀល ក្នុងមួយលីត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ