ក្រសួង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំពីការធ្វើយុទ្ធនាការផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញត្តិនៃច្បាប់ស្ដីពីការងារ។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងការងារនៅថ្ងៃចន្ទនេះបានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយនេះមានរយៈពេល៩០ថ្ងៃ ចាប់ខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំពី២០២២ នៅតាមបណ្ដាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ។

ក្នុងសេចក្ដីណែនាំដដែលបន្ថែមថា ដើម្បីឱ្យការរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព ក្រសួងស្នើសុំដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវផ្ដល់កិច្ចសហការផ្ដល់ទីកន្លែងរៀបចំកម្មករនិយោជិត។ ​លើសពីនេះ ត្រូវធានាថា កម្មករនិយោជិតរបស់ខ្លួនបានចូលរួមឈ្វេងយល់ពីកាតព្វកិច្ច និងផលប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ​ រយៈពេលយ៉ាងតិចចំនួន២ម៉ោងក្នុងមួយពេល។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ក្រសួងការងារក៏បានបើកកិច្ចប្រជុំអំពីការផ្សព្វផ្សាយនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ផងដែរ។ ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីរូបនេះបានឱ្យដឹងថា របបប្រាក់សោធននេះ និយោជក និងកម្មករនិយោជិត ត្រូវមានកាតព្វកិច្ចដូចគ្នាក្នុងការអនុវត្តរបបនេះ តាមការកំណត់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងរយៈពេល៥ឆ្នាំដំបូង ហើយអត្រាបង់វិភាគទានមាន៤% ដែលភាគីនីមួយៗត្រូវបង់២%។

លោកបានថ្លែងថា៖ «កាតព្វកិច្ចរបស់យើងនៅក្នុងពេលចំពោះមុខ ប៉ុន្តែផលប្រយោជន៍របស់យើង គឺបានត្រលប់មកវិញ។ បើនិយាយពីកាតព្វកិច្ច ខ្ញុំនិយាយឡើងវិញ កាតព្វកិច្ចគឺនិយោជកបង់ ២% កម្មករនិយោជិតបង់ ២%»។

លោកបានបន្តថា ដំណើរការនិងការរៀបចំ​អនុវត្តរបបនេះមានលក្ខណៈពិសេស ទើបត្រូវមានយុទ្ធនាការផ្សព្វផ្សាយ ដើម្បីឱ្យកម្មករនិយោជិតទាំងអស់បានដឹងថា ខ្លួនត្រូវមានការបង់វិភាគទាន ប៉ុន្តែការចំណាយនេះនឹងទទួលបានផលមកវិញ ក្រោយអស់សមត្ថភាពបំពេញការងារ ឬដល់អាយុកំណត់ដោយច្បាប់ដែលត្រូវចូលនិវត្តន៍ នឹងទទួលបានប្រាក់សោធននេះ។

លោកបានបញ្ជាក់​ទៀតថា នេះគឺជាដំណាក់កាលដ៏សំខាន់របស់វិស័យការងារនិងវិជ្ជាជីវៈ និងវិស័យរបបសន្តិសុខសង្គម បន្ទាប់ពីខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនដើម្បីរៀបចំប្រព័ន្ធសន្តិសុខសង្គមជាតិ។

រាជរដ្ឋាភិបាលបានសម្រេចកំណត់ផ្ដល់ប្រាក់សោធនឬប្រាក់ចូលនិវត្តន៍ សម្រាប់​​បុគ្គ​ល​​​​ទាំង​ឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺសុទ្ធតែអាចមាន​​សិទ្ធិ​​ទ​​ទួល​​បាន​​នូវគោលការណ៍នេះដូចៗគ្នាចាប់​​ពីថ្ងៃទី១ ខែកក្ក​​​ដា តទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ