ប្រធានសភាស្រីលង្កា លោក ម៉ាហ៉ីនដា យ៉ាប៉ា អាបេវ៉ាដេណា (Mahinda Yapa Abeywardena) បានឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) គ្រោងនឹងចុះចេញពីតំណែងក្នុងសប្ដាហ៍នេះ ខណៈចលនាតវ៉ាដោយហឹង្សាផ្ទុះឡើងខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធវីដេអូ ប្រធានសភាស្រីលង្ការូបនេះបានបន្ថែមថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា បានជូនដំណឹងទៅកាន់លោកស្រីថា រូបលោកនឹងចុះចេញពីតំណែងនៅថ្ងៃពុធ [ទី១៣ ខែកក្កដា] ក្នុងសប្ដាហ៍នេះ។
ប្រភពដដែលបន្តថា៖ «ការសម្រេចចិត្តចុះចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ ត្រូវបានធ្វើឡើងដើម្បីធានាឱ្យបាននូវការប្រគល់អំណាច [គ្រប់គ្រងប្រទេស] ដោយសន្តិវិធី។ ដូច្នេះហើយ ខ្ញុំសូមស្នើសុំដល់សាធារណជនឱ្យចូលរួមគោរពច្បាប់ និងរក្សាសន្តិភាព»។
ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីរបៀបនៃការផ្លាស់ប្តូរអំណាចនឹងប្រព្រឹត្តទៅយ៉ាងណានោះ នៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ក្នុងរយៈពេលចុងក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក ខណៈទុនបម្រុងអន្តរជាតិរបស់ប្រទេសក៏ស្ថិតក្នុងកម្រិតទាបបំផុតផងដែរ ដែលបានបង្កឱ្យប្រទេសមួយនេះជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរ សម្រាប់ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម។
ទាក់ទិននឹងករណីនេះ ការតវ៉ានានាតាមដងផ្លូវក៏បានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ និងវិវត្តកាន់តែខ្លាំងឡើងផងដែរ ដោយប្រជាពលរដ្ឋបានចេញមកតវ៉ា ដើម្បីទាមទារឱ្យប្រធានាធិបតីរបស់ខ្លួនចុះចេញពីតំណែង៕