ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​ជំរុញ​ទៅ​ស្ថាប័ន​ចំនួន​៣​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី ខណៈ​តំណាង​៧នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ

ពលរដ្ឋដែលមានវិវាទដីធ្លីបឹងតាមោក ​រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង កាន់រូបថត​ពាក់ព័ន្ធនឹងសកម្មភាពមួយចំនួននៃទំនាស់ដីធ្លី នៅម្ដុំវត្តបទុមវតី ជិតខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាមទារដំណោះស្រាយដីធ្លី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋរស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានជំរុញទៅស្ថាប័នរដ្ឋចំនួន៣ឱ្យពន្លឿនការ​ដោះស្រាយវិវាទដីធ្លីជូនពួកគេ ខណៈតំណាង​ពលរដ្ឋ​ចំនួន​៧នាក់កំពុងជាប់​បណ្ដឹង​នៅ​តុលាការក្រោយ​តវ៉ា​ដីធ្លី។

ការជំរុញនេះបានធ្វើឡើង​​អំឡុង​ពេល​ដែល​​ប្រជាពលរដ្ឋ​រស់នៅជាប់បឹងតាមោក ​ប្រមាណ៤០​នាក់ តំណាងឱ្យ២៥០គ្រួសារ​ ប្រមូល​ផ្ដុំគ្នា​​​នៅមុខ​ក្រសួងរៀបចំដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា នៅថ្ងៃចន្ទនេះ ដើម្បីតាមដានញត្តិដែលពួកគេដែលធ្លាប់បានដាក់ទៅស្ថាប័នទាំង៣នេះឱ្យជួយអន្តរាគមន៍​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រា​យ​បញ្ហា​​ដីធ្លី​ជូនពួក​គេ។

តំណាងពលរដ្ឋម្នាក់ អ្នក​ស្រី ផន សុខុម ប្រាប់វីអូឌី​នៅមុខរដ្ឋសភាថា ពលរដ្ឋកំពុងបារម្ភពីការបណ្ដេញចេញទាំង​បង្ខំ​ ក្រោយ​​​អាជ្ញាធរចោទ​ពួក​គាត់ថាបាន​​រស់​នៅ​លើ​ចំណីផ្លូវដោយ​ខុស​ច្បាប់ និង​បារម្ភ​ពីសុវត្ថិ​ភាព ក្រោយ​អាជ្ញាធរ​ប្ដឹង​ពួក​គាត់ជា​តំណាង​ទៅ​តុលាការ​ទាំង​អយុត្តិធម៌។

អ្នកស្រី ផន សុខុម ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ អះអាងថា ពលរដ្ឋ​២៥០​គ្រួសារ និង​មាន​​​ផ្ទះ​ចំនួន​១០៨​​ខ្នង បាន​​ទៅ​រស់​នៅនិង​​បង្ក​បង្កើន​ផល​នៅ​ជាប់​បឹង​តាមោក​តាំង​ពី​ឆ្នាំ​១៩៩០ ដោយកាលពីមុន ធ្វើស្រែប្រាំង ដាំឈូក និងបច្ចុប្បន្ន ចិញ្ចឹមត្រីលើផ្ទៃបឹង រួមទាំងលក់ដូរនៅជាប់ផ្លូវលេខ១៣០។ អ្នកស្រីថា ពលរដ្ឋមានដីប្រហែល៥ទៅ៧ម៉ែត្រប៉ុណ្ណោះ​ក្នុង​១គ្រួសារ។

អ្នកស្រីបន្ថែមថា៖ «អ្វីដែលខ្ញុំតវ៉ាសព្វថ្ងៃ គឺដើម្បីកន្លែងរស់នៅសមស្រប​របស់​ពួក​ខ្ញុំ។ សម្តេចធ្លាប់មានប្រសាសន៍ថា បើពលរដ្ឋរស់នៅបាន៥ឆ្នាំ ឱ្យពលរដ្ឋរស់នៅទៅ! ចុះហេតុអីបានជាអាជ្ញាធរខណ្ឌ និងអាជ្ញាធរក្រុង​ មិនអភិវឌ្ឍដូចប្រសាសន៍សម្តេច? អ៊ីចឹងបានខ្ញុំថា វាអយុត្តិធម៌ខ្លាំងណាស់។ ប្រជាពលរដ្ឋតវ៉ាមិនឱ្យរុះផ្ទះ បែរជាអាជ្ញាធរប្ដឹងទៅតុលាការ សួរថាវាយុត្តិធម៌​ទេ?»

តំណាង​ពលរដ្ឋដែលកំពុងជាប់បណ្ដឹងនៅតុលាការម្នាក់ទៀត អ្នកស្រី គង់ តឿ អាយុ​៥៨​ឆ្នាំ និយាយ​ថា ការអភិវឌ្ឍនិង​ការបែង​ចែក​ដី​នៅ​តំបន់​បឹង​តាមោក​ ហាក់មានភាពលម្អៀងទៅរកអ្នកមានលុយមានអំណាច។ អ្នកស្រីថា រដ្ឋាភិបាលបានកាត់ដីផ្ទៃបឹង​តាមោករាប់ពាន់ហិកតា​ចែក​ទៅ​ក្រសួង​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯកជន និងអ្នកមានលុយមានអំណាច ខណៈពួកគាត់ជាប្រជាពលរដ្ឋក្រីក្រមានដីបន្តិចបន្តួច​នៅជាប់បឹងនេះ ត្រូវបានអាជ្ញាធរចោទថារស់នៅលើដីរដ្ឋខុសច្បាប់ទៅវិញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំឆ្ងល់ថា ហេតុអីអ្នកមានលុយមាន​បុណ្យសក្តិបានដី​នៅតំបន់ហ្នឹង? ចុះហេតុអីខ្ញុំជាប្រជាពលរដ្ឋខ្មែរគ្រាន់​តែ​កន្លែង​បន្តិច​បន្តួច​រស់​នៅ​មិន​បាន? អាជ្ញាធរឱ្យពួកខ្ញុំ​ដោះ​ដូរទៅ​កន្លែង​ផ្សេង ខណៈខ្ញុំរស់នៅកន្លែងនេះជាង៣០ឆ្នាំ​ទៅ​ហើយ។ អ៊ីចឹងខ្ញុំសុំគាត់អភិវឌ្ឍនៅនឹងកន្លែង ​ដោយគ្មាន​ការ​ដោះដូរ»

តំណាងពលរដ្ឋម្នាក់​ទៀត អ្នកស្រី ប្រាក់ សុភា ដែលជាប់បណ្ដឹងនៅតុលាការដែរនោះ បានបង្ហាញការខកចិត្ត និងមានការឈឺចាប់ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលមិនព្រមដោះស្រាយដីធ្លីជូនពលរដ្ឋ ហើយ​​ប្តឹងតំណាងពលរដ្ឋ​ទៅតុលាការទៀត​។

អ្នកស្រីបន្ថែមថា៖ «គ្រាន់តែពួកខ្ញុំតវ៉ាសុំសិទ្ធិលំនៅឋានសមរម្យហ្នឹង​ វាខុសដែរមែន? គ្រាន់តែពួកខ្ញុំតវ៉ាសុំអភិវឌ្ឍជម្រកនៅ​នឹង​កន្លែង​ ត្រូវ​បណ្តឹង​អ៊ីចឹង​មែន? វាយុត្តិធម៌អត់សម្រាប់ពួកខ្ញុំ​១០៨ខ្នងផ្ទះ? សម្រាប់​បុរី គេ​មក​នៅ​ឆ្នាំ​២០០៥ គេមានប្លង់កម្មសិទ្ធិ ហើយពួកខ្ញុំចន្លោះកណ្ដាល​១០៨ខ្នងផ្ទះ​បែរគ្មានប្លង់ និងរងភាពអយុត្តិធម៌ បែរជាត្រូវជាប់បណ្តឹងនៅតុលាការទៅវិញ។ ដីកាកោះហៅរបស់តុលាការនេះជាការគំរាមកំហែងពលរដ្ឋ ឬយ៉ាងណា? អ៊ីចឹងខ្ញុំសូមឱ្យសម្តេចជួយរកយុត្តិធម៌សម្រាប់ពួកខ្ញុំ១០៨ខ្នងផ្ទះ​នេះ​ផង។ ឥលូវនេះ ពួកខ្ញុំវាហួសពីការឈឺចាប់»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ នៅថ្ងៃចន្ទ​នេះ។

បើតាម​តំណាង​ពលរដ្ឋ គឺមន្ត្រីក្រសួងរៀបចំដែនដី​​ ប្រាប់​​ថា ញត្តិរបស់ពួកគាត់​ធ្វើខុស និងបានឱ្យរៀបចំដាក់ញត្តិជា​ថ្មី ខណៈ​​មន្ត្រី​រដ្ឋ​សភា​ប្រាប់​ថា ញត្តិ​របស់​ពលរដ្ឋ​បាន​បញ្ជូនទៅថ្នាក់លើហើយ ប៉ុន្តែមិនទាន់មានការឆ្លើយ​តប និង​បាន​ឱ្យ​ពលរដ្ឋមក​សួរនាំនៅ​១០ថ្ងៃបន្ទាប់ទៀត។ ចំណែកមន្ត្រី​ខុទ្ទកា​ល័យ​នាយករដ្ឋមន្ត្រី ប្រាប់តំណាងពលរដ្ឋថា ញត្តិរបស់​ពួកគាត់​មិនទាន់បានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ ក្រោមហេតុផលថា មានការងាររវល់​ច្រើន។

កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០២២ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទុង រតនា បានកោះហៅ​តំណាងពលរដ្ឋចំនួន​៧នាក់ រួម​មាន អ្នកស្រី ប្រាក់ សុភា, អ្នកស្រី ខេន សាអយ, អ្នកស្រី ផន សុខុម, អ្នកស្រី គង់ តឿ, អ្នកស្រី ផន សុំ, អ្នកស្រី តាន់ ខ្ទី និងអ្នកស្រី អំ ភឿន ឱ្យចូលទៅបំភ្លឺចំពោះតុលាការ នៅថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាម​បណ្តឹងរបស់លោក មាស សម្បូរ ដែលពលរដ្ឋប្រាប់ថាជាប្រធានសន្តិ​សុខខណ្ឌ​ព្រែក​ព្នៅ។

ការកោះហៅតំណាងពលរដ្ឋទាំង៧នាក់នេះធ្វើឡើងក្រោយពីពួកគេនាំគ្នាតវ៉ាប្រឆាំងមិនឱ្យអាជ្ញាធរចាក់ដីលុប​បឹងតាមោកប៉ះពាល់ដល់កន្លែងអាស្រ័យផល និងការតវ៉ាទាមទារសុំការអភិវឌ្ឍ​នៅនឹងកន្លែង ក្រោយអាជ្ញាធរថា ពួកគាត់រស់នៅលើដី​ចំណី​ផ្លូវដោយខុសច្បាប់។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ការដែលអាជ្ញាធរប្រើប្រាស់កម្លាំង និងប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធលើពលរដ្ឋមិនឱ្យតវ៉ានេះ គឺមិនអាចដោះស្រាយ​បញ្ហាបានឡើយ។ លោកថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិ​ពលរដ្ឋធ្ងន់ធ្ងរ ជាពិសេសសិទ្ធិទទួលបានដីធ្លី សិទ្ធិបានលំនៅឋានសមរម្យ និងសិទ្ធិតវ៉ាដោយសន្តិវិធី ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

ប្រធានកម្មវិធីសិទ្ធិដីធ្លី និងលំនៅឋាន នៃអង្គការសមាគមធាង​ត្នោត លោក ឯម ខេមរា មាន​ប្រសាសន៍ថា តាមរបាយការណ៍របស់អង្គការនេះ ការ​លុប​​ផ្ទៃដីបឹង​តាមោក​​អាច​​នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សង្គម​ និងប្រជាសហគមន៍ក្រីក្រដែលរស់នៅអាស្រ័យផលជុំវិញបឹងនោះ។ លោកបន្តថា រដ្ឋាភិបាលបានកាត់ដីផ្ទៃបឹង​តាមោក ឬ​បឹងកប់ស្រូវ​ អស់​រាប់​រយ​ហិកតា​​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន និងអ្នកមានលុយមានអំណាចជាបន្តបន្ទាប់។

លោកបានអំពាវនាវ​ដល់​អាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋឱ្យ​សមស្របនិងអាចទទួលយកបាន ដោយ​ចៀស​វាង​ការបណ្ដេញពលរដ្ឋចេញទាំងបង្ខំ ការប្តឹងផ្តល់ ឬចាប់ខ្លួនពលរដ្ឋក្នុងរឿងជម្លោះដីធ្លី​ ដែលធ្វើឱ្យពួកគេរងទុក្ខ​លំបាក។

លោកបន្ថែមថា៖ «អាជ្ញាធរពាក់ព័ន្ធត្រូវធានាថា ខ្លួនប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ដោយត្រឹមត្រូវ យុត្តិធម៌ ដោយដោះស្រាយ​បញ្ហា​ដោយសន្តិវិធី និងមិនរំលោភសិទ្ធិនានារបស់ប្រជា​ពលរដ្ឋ និងធ្វើឱ្យពួកគេឈឺចាប់ដោយការ​បណ្តេញចេញពីលំនៅឋាន»

អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក សុខ សម្បត្តិ ប្រាប់វីអូឌីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថាពលរដ្ឋទាំងនោះបានរស់នៅលើចំណីផ្លូវលេខ១៣០ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលមានគម្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោកថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋទាំងនោះអភិវឌ្ឍនៅនឹងកន្លែងបានឡើយ។

អភិបាលខណ្ឌរូបនេះបន្តថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយសុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេងដែលរៀបចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូងដូចគ្នា និងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋថែមទៀត ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមទទួលយកការដោះស្រាយនេះ ដែលធ្វើឱ្យការដោះស្រាយអូសបន្លាយយូរបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ