កូដករ​បន្ត​ព្យាយាម​ទៅ​តវ៉ា​រឿង​វិវាទការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈ​អាជ្ញាធរ​បន្ត​ដាក់​របាំង​រារាំង

ក្រុមកូដករណាហ្គាវើលដ៍ បានធ្វើ​ដំណើរដោយថ្មើរជើង​ចេញពីទីតាំងដង​វិថីសុធារស មុខ​​ផ្សារ​ទំនើប​អ៊ីអន១ ដោយ​ចងក្រណាត់ខៀវនៅលើក្បាល និងក្នុងដៃមានកាន់បដា ហើយ​ដើរ​​ឆ្ពោះទៅកាន់នាគបាញ់ទឹក ក្បែរទីតាំង​ក្រុមហ៊ុនល្បែងមួយនេះ ដើម្បីទាមទារដំណោះស្រាយការងារ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករ​ប្រមាណ១០០នាក់​ នៅថ្ងៃអង្គារនេះ បានបន្ត​ព្យាយាម​​ទៅប្រមូលផ្ដុំធ្វើកូដ​កម្ម​នៅ​មុខ​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដើម្បី​​ទាម​ទារ​ឱ្យ​​មាន​ដំណោះស្រាយ​វិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់បន្តដាក់​របាំង​បិទកំណាត់ផ្លូវ​​សុធារស ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ រារាំង​មិន​ឱ្យ​ពួកគាត់​ដើរ​​ទៅមុ​ខក្រុមហ៊ុន​​ឡើយ។​​

ក្រុមកូដករណាហ្គាវើលដ៍ បានធ្វើ​ដំណើរដោយថ្មើរជើង​ចេញពីទីតាំងដដែល គឺនៅ​លើដង​វិថីសុធារស មុខ​​ផ្សារ​ទំនើប​អ៊ីអន១ ដោយ​ចងក្រណាត់ខៀវនៅលើក្បាល និងក្នុងដៃមានកាន់បដា ហើយ​ដើរ​​ឆ្ពោះទៅកាន់នាគបាញ់ទឹក ក្បែរទីតាំង​ក្រុមហ៊ុនល្បែងមួយនេះ​ ប៉ុន្តែត្រូវបាន​សមត្ថកិច្ច​រារាំង​។

កញ្ញា ចន្ទ ស្រីរ័ត្ន កូដករណាហ្គាវើលដ៍ បាន​លើកឡើងថា ការដែលពួកគាត់នាំគ្នាបន្តធ្វើកូដកម្មនេះ​ គឺ​ដើម្បីទាមទារឱ្យ​ក្រុម​ហ៊ុនទទួលយក​បុគ្គលិកដែលត្រូវ​បានក្រុមហ៊ុន​បញ្ឈប់ទាំងអយុត្តិធម៌ បាន​​ចូល​ធ្វើការ​វិញ។ កញ្ញាបន្តថា ពួកគាត់នឹងបន្តការតវ៉ាបែបនេះរហូត​ដល់មានដំណោះស្រាយ​។​

កញ្ញាថា៖ «ពួកខ្ញុំធ្វើកូដកម្មនេះ ដើម្បីរកដំណោះស្រាយ​ពីថៅកែ [ក្រុមហ៊ុន] ណាហ្គាវើលដ៍ ព្រោះ​ពួកខ្ញុំត្រូវ​ថៅកែណាហ្គាវើលដ៍ហ្នឹង​បណ្ដេញចេញទាំង​អយុត្តិធម៌ ហើយ​រំលោភសិទ្ធិការងារ ហើយរំលោភសិទ្ធិសហជីព […] ចង់ឱ្យថៅកែណាហ្គាវើលដ៍ហ្នឹងគោរពច្បាប់ការងារ»។

កូដកររូបនេះបង្ហាញការសោក​ស្ដាយ​ដែលសមត្ថកិច្ចចម្រុះបានដាក់កម្លាំងរាប់សិបនាក់រារាំងពួកគាត់មិនឱ្យ​ទៅប្រមូលផ្ដុំដោយសន្តិវិធីនៅ​មុខក្រុម​ហ៊ុន។

កញ្ញាថា៖ «ខ្ញុំសោកស្ដាយលើពួកគាត់​ ដែលពួក​គាត់​មាន​តួនាទី​បម្រើរាស្ត្រ បម្រើ​ប្រជា​ពលរដ្ឋ បែរជាគាត់យកតួនាទី​និងឯកសណ្ឋានរបស់គាត់យកទៅពាំងឱ្យថៅកែ​ណាហ្គាវើលដ៍ ទាំងដែលថៅកែណាហ្គាវើលដ៍ហ្នឹង​រំលោភច្បាប់ប្រទេសកម្ពុជា»។

ក្រៅពីការរារាំងកូដករ សមត្ថកិច្ចក៏មិនអនុញ្ញាតឱ្យតំណាងសហជីព និង​​អ្នកសារព័ត៌មាន ទៅឃ្លាំមើល និង​​យកព័ត៌មាន​ជុំវិញការតវ៉ានេះដែរ។

ជុំវិញករណីវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍នេះដែរ ប្រធានសហព័ន្ធសហជីពកម្ពុជា​ លោកស្រី យ៉ាង សុភ័ណ្ឌ ធ្លាប់បានព្រមាន​ថា បើសិនជាមិនមានដំណោះ​ស្រាយ​ក្នុងរយៈ​ពេល​២​ទៅ៣សប្តាហ៍ខាងមុខនេះទេ នោះសមាជិក​សហព័ន្ធសហជីព អង្គការ-សមា​គម និង​សហជីព​នៅ​តាម​មូលដ្ឋាន​​ នឹងសម្រេចចូលរួមជាមួយកូដករ ដើម្បីតវ៉ាដោយសន្តិវិធី​​ក្នុង​​​ទ្រង់​​ទ្រាយ​​​ធំ​ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។

លោកស្រីថា៖ «បើសិនអាជ្ញាធរ​មិនដោះ​ស្រាយ មិន​ជំរុញទៅក្រុមហ៊ុន​ឱ្យធ្វើការដោះស្រាយ​ទេ វាមិនចំណេញដល់​ពួកគាត់​ទេ វារឹតតែបង្កនូវភាពមិនទុកចិត្តពីមហាជន ពីកូដករ ពីយើងខ្ញុំ​ជា​​សហជីព ព្រោះយើងដឹងហើយថា ការបោះឆ្នោត​ជាតិ​នឹងមកដល់នៅឆ្នាំ២០២៣ខាងមុខ»។

គួរបញ្ជាក់ថា វិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិក​សរុបជាង​៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់វីអូឌីក្នុងពេលថ្មីៗនេះ​ថា ការជួប​ចរចាជាង១០​ដង រវាង​តំណាង​កូដករ តំណាង​​​សហជីព និង​​តំណាងក្រុមហ៊ុន ក្រោម​ការ​​សម្រប​​សម្រួល​​របស់​​ក្រសួងការងារ ក្រោយ​កូដករចេញធ្វើកូដកម្មរយៈពេលជាង​​៦ខែមក​នេះ គឺ​ពុំ​មានលទ្ធផល​ជាផ្លែផ្កានៅឡើយ​ ទើប​ពួក​គេ​​សម្រេច​ចិត្តបន្តការតវ៉ា និង​ស្វែង​​រក​ការ​អន្តរាគមន៍​ពីស្ថាប័ន​ពាក់ព័ន្ធនានា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឱ្យមានដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ