តុលាការ​ព្យាយាម​សួរ​ភ្ជាប់​លោក កឹម សុខា ទៅ​នឹង​ទូត​មហាអំណាច​ដែល​លោក​បាន​ជួប​ពេល​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទលោក​ កឹម សុខា ចាត់​ទុក​នីតិវិធី​នៃការដេញដោល​ក្នុង​សវនាការ​​នៅថ្ងៃនេះ​​​​​​ថា តុលាការ​ហាក់​ទម្លាក់ការទទួលខុសត្រូវ​រឿងក្ដីព្រហ្មទណ្ឌមួយនេះសម្រាប់​តែ​កូន​ក្ដីរបស់​​​ខ្លួន​​​តែ​​​ម្នាក់​គត់ ក្នុងពេលដែលបទចោទនេះ គឺពាក់ព័ន្ធនឹងការគប់គិតជាមួយ​រដ្ឋ​បរទេស ឬភ្នាក់ងារ​​​បរ​​​ទេ​​ស ប៉ុន្តែនីតិវិធី​នៃការតាំងសំណួររបស់តុលាការបែរ​ជា​ដាក់​បន្ទុក​ហួស​ប្រមាណ​ប្រឆាំង​កូនក្តីរបស់​​ខ្លួន​​​ទៅវិញ។

ប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូង​រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃពុធ​នេះ សហ​មេធាវី​ការ​ពារ​សិទ្ធិឱ្យ​លោក កឹម សុខា គឺ​លោក ចាន់ ចេន ឱ្យដឹងថា ការប្រើពេលជំនុំជម្រះតាំងពី​ដើមទីរហូត​​មក​ដល់​ដំណាក់​​កាល​​នេះ មើលទៅតុលាការហាក់ដូចមិនចង់ឱ្យកូនក្តីរបស់ខ្លួនរួចផុតពីការចោទ​ប្រកាន់​​ បើ​ទោះជា​មាន​ភស្តុតាងដោះបន្ទុក​បែបណាក្តី។

ម្យ៉ាងវិញទៀត លោកថា រឿងក្តីនេះ តុលាការហាក់មិនចង់ឱ្យភាគីពាក់ព័ន្ធដទៃទៀតក្នុង​​ប​ទ​​​​​ចោ​​​ទ «​​​​​ត្រូវរ៉ូវ​​ជាមួយរដ្ឋបរទេស» រួមចំណែកក្នុងការទទួលខុសត្រូវ ដោយព្យាយាមដាក់​​បន្ទុកប្រឆាំង​​តែ​​លោក កឹម សុខា ម្នាក់ប៉ុណ្ណោះ។

លោក ចាន់ ចេន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងសវនាការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោក ចាន់ ចេន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងសវនាការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «អ្វីដែល​ខ្ញុំសង្កេត​ឃើញ ​តំណាង​អយ្យការ​តាំង​សំណួរ​យ៉ាង​ក្តៅ​គគុក​មក​លើ​ឯក​ឧត្តម កឹម សុខា ហាក់បីដូចជាគ្រប់រឿងទាំងអស់ គឺទម្លាក់មកលើឯកឧត្តម កឹម សុខា។ វា​មិន​ខុស​ពី​​​​ពាក្យ​​​គេ​​​​និយាយសាមញ្ញថា “គុយទាវមួយតុ ឱ្យម៉ុកចេញលុយតែឯង” ស្ថានភាពឯកឧត្តម កឹម សុខា​ គឺដូចគ្នា។ ប៉ុន្តែជាការឆ្លើយតបរបស់តំណាងអយ្យការរាល់សំណួរជាច្រើននោះ ឯក​ឧត្តម កឹម សុខា​ គាត់បញ្ជាក់ហើយ​ថា ​ទាំង​អតីតកាល បច្ចុប្បន្ន និងទៅអនាគត ទាំង​ក្នុង​បេះដូង​របស់​​គាត់ ទាំង​​ក្រៅ​​បេះ​​ដូងរបស់គាត់ គឺគាត់ធ្វើការងារនៅក្នុងក្របខណ្ឌដោយអហិង្សា និងដោយ​សន្តិ​វិធី ហើយ​​កិច្ច​​កា​រ​​ងាររបស់គាត់ គឺទៅបោះឆ្នោត ដែលវាស្របទៅតាមច្បាប់ជាតិនិងអន្តរជាតិ ជា​ពិសេស​​​គោ​​រព​​​​ទៅ​​តា​មរដ្ឋធម្មនុញ្ញ»។

សម្រាប់ការសួរដេញដោលនៅព្រឹកថ្ងៃពុធនេះ តុលាការបានចាក់ឃ្លីបវីដេអូមួយដែលនិយាយ​​ពី​​កា​រ​ហាត់សម​នៃ​​កា​​រធ្វើបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យ អំឡុង​ខែ​កញ្ញា និង​​​ខែ​​ធ្នូ ឆ្នាំ​២០១៣។ ប៉ុន្តែ​សំណួរដែលតាំងឡើងដោយ​តំណាងអយ្យការលើកនេះ គឺព្យាយាម​​ទាញ​​ភ្ជាប់​​​ជន​ជាប់​ចោទ ទៅនឹងស្ថានទូតបរទេសប្រចាំនៅកម្ពុជា ខណៈដែលលោក កឹម សុខា បាន​​ថ្លែង​​ប្រាប់​​​អ្នកគាំទ្រកាលណោះថា លោកទើបតែបានជួបជាមួយតំណាងទូតមហាអំណាចមួយ​ប្រចាំតំ​​បន់​​​​អា​ស៊ី​។

បើតាម​លោក​មេធាវី ចាន់ ចេន បើទោះជាតំណាងអយ្យការព្យាយាមឈ្លេចសួរជនជាប់ចោទ ដើម្បី​​ទាញ​ឱ្យចូលអង្គហេតុយ៉ាងណាក្តី ក៏កូនក្តីរបស់ខ្លួន​បានជម្រាបអង្គជំនុំជម្រះថា ជំនួប​ជាមួយ​​គ្រប់​អង្គ​ទូត​​ប្រ​ចាំ​​​នៅ​​កម្ពុជា គឺ​សុទ្ធតែធ្វើឡើងដោយស្របច្បាប់។ មួយវិញទៀត ការជួប​សន្ទនា​របស់​លោក​ជា​​មួយ​តំណាងស្ថានទូត ដែលលោកមិនបានបញ្ចេញអត្តសញ្ញាណនេះ ក៏មិនមែនធ្វើឡើងក្នុង​រូប​​ភាព​​​​​​​ដើម្បីរៀបចំយុទ្ធសាស្រ្តប្រឆាំងរដ្ឋាភិបាលដោយ​​កម្លាំង​​មហា​​ជន​​នោះដែរ​​។

គិតមកដល់ពេលនេះ ការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ជុំវិញបទចោទ​ «សន្ទិដ្ឋិភាព» ត្រូវ​រ៉ូវ​​ដោយ​​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬភ្នាក់ងារបរ​​​ទេ​ស ចង់ផ្តួល​​រំលំ​​រដ្ឋា​​ភិ​​បាលនេះ បាន​​​បន្ត​​​អូស​បន្លាយ​ប្រមាណ២ឆ្នាំមកហើយ គិតចាប់តាំងពី​ចាប់ផ្តើមបើកការជំនុំជម្រះកាលពី​​ដើម​​ឆ្នាំ​​២០២០មក។

បទចោទនេះត្រូវបាន​តុលាការយោ​ង​ទៅ​លើ​ឃ្លីប​វីដេអូដែល​មាន​រយៈពេល​ជាង៣នាទី យក​មក​ដាក់​​បន្ទុកនិងចោទប្រកាន់ ដែលឃ្លីបវីដេអូនេះកាត់ចេញពី​ឃ្លីប​វីដេអូ​ដើមដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង។ ឃ្លីប​វីដេអូដែលតុលាការយកមកធ្វើជាភស្តុតាងនេះ ត្រូវបានរកឃើញក្នុង​ពេល​លោក កឹម សុខា ថ្លែង​​នៅ​​ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣។

ក្រៅពីនេះ នៅព្រឹកថ្ងៃពុធនេះដែរ លោក កឹម សុខា ក៏បានបង្ហោះសារ​នៅលើទំព័រហ្វេស​​ប៊ុកផ្លូវ​​ការ​​របស់​​​លោក ស្របពេលដែលលោកបានជួបជាមួយ​ឧបការីរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក ដោយលោក​​​​​បង្ហា​​​ញ​​​ពី​ការប្រកាន់យកគោលនយោបាយតាមបែបប្រជាធិបតេយ្យដូចបណ្តា​​​​​​ប្រ​​ទេស​​​​មួយ​ចំនួន ក្នុង​​នោះ​មានដូចជា ប្រទេសជប៉ុន ដែលជាមហាអំណាចនៅទ្វីបអាស៊ី សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​​បា​​រាំង ដែលជាមហាអំណានៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក នៅទ្វីបអាមេរិក ជាដើម។

ដោយឡែក ឧបការីរដ្ឋមន្រ្តីការបរទេស​អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J.Krintenbrink បានប្រាប់អ្នកសារព័ត៌មាន​​នៅព្រឹកថ្ងៃពុធនេះថា សហរដ្ឋអាមេរិកពិតជា​​​មាន​​​កង្វល់ចំពោះសំណុំរឿងរបស់លោក កឹម សុខា ដែលកំពុងតែបន្តនីតិវិធី​នៅក្នុងដៃតុលាការ។

លោកបន្តថា៖ «បានមានឱកាសជួបឯកឧត្តម កឹម សុខា កាល​ពីម្សិលមិញ ហើយយើងបានជជែកគ្នាអំពីបញ្ហាមួយចំនួន ខ្ញុំបានដឹងអំពីស្ថានភាពរបស់គាត់ ហើយខ្ញុំក៏មានឱកាសបង្ហាញ​គាត់​ពីក្តី​កង្វល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាក់ទង​នឹងការប្រព្រឹត្តចំពោះគាត់»។

នាយក​ចាត់​ការ​ទូទៅ ​នៃអង្គការការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ក៏ឯកភាព​ដែរ​ថា សវនាការក្នុង​​សំ​​ណុំ​​រឿង​​នេះហាក់នៅទ្រឹងមួយកន្លែង ក្នុងពេលតុលាការតាំងសំណួរដូច​មិន​មាន​អ្វីថ្មី។ លោកបន្តថា ប្រ​​សិ​​ន​​​​​​​​​បើការជំនុំជម្រះនេះនៅតែបន្តអូសបន្លាយពេលវេលាទៀត នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​ខាត​ប្រយោជន៍គឺ​​​ជន​​​​ជាប់​​ចោទ លោក កឹម សុខា។

លោកបន្តថា៖ «បើយើងមើលទៅលើសវនាការ ហើយការជជែកដេញដោលគ្នាហាក់ដូចជាមិន​មាន​​អ្វី​​​​​ដែលមានភាពជឿនលឿនទៅមុខ។ បើយើងមើលសំណួរដែលសួរ វាហាក់ដូចជាត្រលប់​​ចុះ​ត្រ​​លប់​​​ឡើង ដដែលជាដដែល»។

តុលាការនឹងបន្តសវនាការលើសំណុំរឿង​នេះ​ជាថ្មីទៀត នៅព្រឹកថ្ងៃពុធ ទី​២០ ខែ​កក្កដា។ គេ​សង្កេត​ឃើញ​ថា សម្រាប់​​ការជំនុំជម្រះលើកនេះក៏មិនខុសពីលើកមុនៗដែរ គឺអ្នកគាំទ្រ​លោក កឹម សុខា នៅតែ​​បន្ត​​ចូល​​រួមតាមដាន​សវនាការនេះនៅមុខសាលាដំបូងរាជធានីភ្នំពេញ​ ដូច​សព្វ​មួយ​ដង។ ចំណែកកម្លាំងសមត្ថកិច្ចវិញក៏ត្រូវបានគេដាក់ពង្រាយដែរ ប៉ុន្តែ​សន្តិសុខ​នៅ​ខាង​មុខ​តុលាការមិនត្រូវបានគេរឹតបន្តឹងទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ