បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ

កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែម ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

បក្សក្រៅរដ្ឋាភិបាលមួយចំនួនលើកឡើងថា​ សំណើរបស់រដ្ឋាភិបាលដែលសុំធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ធម្មនុញ្ញបន្ថែម នឹងធ្វើឱ្យខាតបង់ប្រយោជន៍ជាតិ ហើយប៉ះពាល់ដំណើរការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការស្នើកែមាត្រា​មួយចំនួន ពិសេសមាត្រា៩៨ថ្មី(មួយ) ក្នុងចំណោមមាត្រាចំនួន៧ផ្សេងទៀតដែលសុំធ្វើវិសោធនកម្មនោះ ជារឿងមិនអាចទទួលយកបាន​។

មាត្រា៩៨ថ្មី(មួយ)នោះ ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិប​ន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

ចំណែកក្នុងវាក្យខណ្ឌទី២នៃមាត្រាដដែល ចែងថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនមួយភាគបីនៃចំនួនសមាជិកសភាទាំងមូល អាចលើកយកមកពិភាក្សាបាន ខណៈមាត្រា៩៨ចាស់កំណត់ថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន៣០នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។

ករណីនេះ លោក ថាច់ សេដ្ឋា អះអាងថា ការធ្វើវិសោធនកម្មមាត្រា៩៨ថ្មី (មួយ) ក្នុងការកំណត់ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនមួយភាគបីនៃចំនួនសមាជិកសភាទាំងមូលអាចលើកយកមកពិភាក្សាបាន នឹងធ្វើឱ្យខាតប្រយោជន៍ជាតិ និងប៉ះពាល់ដំណើរការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត រួមទាំងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ជាដើម។

លោកមានប្រសាសន៍ថា៖ «មួយអាសនៈមានមួយម៉ឺននាក់ប្លាយ បើនៅក្នុងតំណាងរាស្ត្រម្នាក់ ហើយរដ្ឋមន្ត្រីមួយ[ធ្វើខុស] គេហៅសួរមិនបាន…។ អ៊ីចឹងធ្វើឱ្យម្នាក់ហ្នឹងបំផ្លាញប្រទេសជាតិ បំផ្លាញក្នុងខេត្តហ្នឹងមួយ ឬមណ្ឌលហ្នឹងមួយតែម្តងទៅ ឬទម្រាំកៀរគរបាន១ភាគ៣ វាមិនងាយទេ»។

ដោយឡែក អគ្គលេខាធិការគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង​ច្បាប់ធម្មនុញ្ញបន្ថែម ដោយឯកបក្ស ធ្វើឱ្យ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និងធ្វើឱ្យមានបញ្ហាប្រឈមនៅពេលក្រោយ ដោយសារការធ្វើវិសោធនកម្ម​នោះ ដើម្បីការពារប្រយោជន៍គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «បើសិនជាវិសោធនកម្មហឹ្នងត្រូវបានអនុម័តជាផ្លូវការ វាធ្វើឱ្យកម្រិតទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះរដ្ឋសភា ចំពោះប្រជាពលរដ្ឋ វាកាន់តែខ្សោយជាងមុន។ នេះមិនមែនដើម្បីប្រយោជន៍គណបក្សទេ ដើម្បីប្រយោជន៍អ្នកកាន់នាយករដ្ឋមន្ត្រី អ្នកកាន់ការងារដឹកនាំរដ្ឋាភិបាលតែម្តង»។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ឃើញថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលស្នើសុំវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ ជាពិសេសបន្ថែមមាត្រា៩៨ថ្មី(មួយ) ដោយសារការបោះឆ្នោតថ្នាក់ជាតិខាងមុខ បក្សកាន់អំណាចទំនងជាមើលឃើញថាអាចនឹងមានគណបក្សក្រៅរដ្ឋាភិបាលជាប់ជាតំណាងរាស្ត្រ។

បញ្ហានេះ លោកថា បក្សកាន់អំណាចខ្លាចតំណាងរាស្ត្រទាំងនោះដាក់ញត្តិបន្ទោសទៅមន្ត្រីរបស់ខ្លួន ដូចកាលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ដែលធ្លាប់ធ្វើញត្តិបន្ទោសរដ្ឋមន្ត្រីរបស់ខ្លួន​។

ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាលគួរតែធ្វើសំណើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត ដើម្បីឱ្យស្ថាប័ន គ.ជ.ប មានភាពឯករាជ្យវិញ ប្រសើរជាង។

លោកមានប្រសាសន៍ថា៖ «វាជារឿងមួយមិនគួរធ្វើទេ ផ្ទុយទៅវិញ នៅមានបញ្ហាជាច្រើនទៀតដែលរាជរដ្ឋាភិបាលគួរតែធ្វើ ជាពិសេសពាក់ព័ន្ធនឹងសមាសភាព គ.ជ.ប ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ គួរតែធ្វើការពិចារណា ធ្វើយ៉ាងម៉េចដើម្បីឱ្យស្ថាប័ន គ.ជ.ប ក្លាយជាស្ថាប័នមួយឯករាជ្យពិតប្រាកដ ប្រសើរជាង»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​​ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃពុធនេះ។

កាលពីម្សិលមិញ លោក សុខ ឥសាន អះអាងយ៉ាងខ្លីថា នៅក្នុងច្បាប់បានកំណត់ថា រដ្ឋាភិបាលមានសិទ្ធិស្នើសុំវិសោធនកម្មច្បាប់ ហើយរដ្ឋសភាអនុវត្តតាមច្បាប់ មិនមានអ្វីខុសនោះទេ។

ប្រតិកម្មរបស់បក្សក្រៅរដ្ឋាភិបាលនេះ ក្រោយពេលប្រធាន​និងសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃពុធនេះ ​បានប្រជុំពេញអង្គសម្រេច​អនុម័តគាំទ្រដោយ​គ្មានសំឡេងជំទាស់ ​ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាក្នុងរដ្ឋធម្មនុញ្ញចំនួន៦ និងច្បាប់ធម្មនុញ្ញបន្ថែម ចំនួន២មាត្រា ដោយថា ការធ្វើវិសោធនកម្មនេះមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​នៅកម្ពុជានោះទេ។

មាត្រាដែល​រដ្ឋាភិ​បាល​បាន​ស្នើសុំធ្វើ​វិសោធន​កម្ម​ មាត្រាចំនួន៦ ក្នុងរដ្ឋធម្មនុញ្ញ រួមមាន​ មាត្រា​១៩ថ្មី​(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២​ថ្មី មាត្រា១១៩​ថ្មី(មួយ) និងមាត្រា១២៥ថ្មី។ ចំណែកមាត្រាចំនួន​២ក្នុងច្បាប់ធម្មនុញ្ញបន្ថែម រួមមាន មាត្រា៣ថ្មី និង​មាត្រា៤ថ្មី។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បញ្ជាក់ក្រោយកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃនេះដែរថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងថ្វាយព្រះមហាក្សត្រ​​ពាក់ព័ន្ធរឿងបើកផ្លូវឱ្យរដ្ឋាភិបាលធ្វើ​វិសោធន​កម្ម​មាត្រាសរុបចំនួន៨ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នាពេលឆាប់ៗខាងមុខនេះ។​

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា រដ្ឋាភិបាលមិនមានអ្វីចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះទេ ពីព្រោះច្បាប់កំពូលរបស់ជាតិដែលបង្កើតឡើងតាំងពីសម័យអន្តរកាលឆ្នាំ១៩៩៣នេះ បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈនិងស្មារតីប្រជាពលរដ្ឋពិតប្រាកដទៅហើយ​។

ករណីនះ លោកថា បើរដ្ឋាភិបាល និង​រដ្ឋសភា ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះ នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ស្មារតី​និងខ្លឹ​មសារ​ដើម ខណៈការធ្វើវិសោធនកម្មនោះធ្វើឡើងដោយឯកបក្ស។

លោកមានប្រសាសន៍ថា៖ «ច្បាប់ហ្នឹងវាបង្កើតជាបញ្ហា ហើយច្បាប់អត់មាននីត្យានុកូលភាព គឺអត់មានកម្លាំងសីលធម៌ និងកម្លាំងច្បាប់ អត់មានទម្ងន់»។

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ