អាជ្ញាធរ​ខេត្តព្រះសីហនុ​អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤​ចំណុច​ស្ពានស្ទឹងសំរោង​ឡើងវិញ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរ​ខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោងឡើងវិញ ក្រោយផ្អាកចរាចរណ៍បណ្ដោះអាសន្ន​កាលពីម្សិលមិញ ដោយ​សារជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងខ្លាំង។

បើតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តព្រះសីហនុមួយផ្សេងទៀត ចុះថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្រិតជំនន់ទឹកភ្លៀងបានថយចុះជាបណ្ដើរៗ ស្រកផុតពីកំណាត់ផ្លូវដែលបានជន់លិចកាលពីម្សិលមិញ។

ប្រភពដដែលបញ្ជាក់ថា៖ «រដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតឱ្យយានយន្ដគ្រប់ប្រភេទចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចដដែលនេះឡើងវិញបាន ចាប់ពីពេលជូនដំណឹងនេះតទៅ»។

ការសម្រេចឱ្យពលរដ្ឋធ្វើដំណើរលើកំណាត់ផ្លូវនេះឡើងវិញ ក្រោយពីអាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង​មួយ ដោយ​បានផ្អាកចរាចរណ៍បណ្ដោះអាសន្ននៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា​។ អាជ្ញាធរបញ្ជាក់ថា ការផ្អាកចរាចរណ៍នេះ ដោយសារកម្រិតទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់លិចកំណាត់ផ្លូវនេះទាំងស្រុង។

រដ្ឋបាលខេត្ដ កាលពីម្សិលមិញ បញ្ជាក់ថា៖ «ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យមានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង សូមធ្វើការផ្អាកចរាចរបណ្ដោះអាសន្នចំពោះយានយន្ដគ្រប់ប្រភេទត្រង់ចំណុចខាងលើនេះ»។

​យ៉ាងណា អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីបន្ថែមនៅថ្ងៃពុធនេះថា អាជ្ញាធ​របើកឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤នោះឡើងវិញ ដោយសារស្ថានភាពទឹកនៅចំណុចស្ពានសំរោង ស្រុកកំពង់សីលា​ ​ស្រកចុះទៅវិញ មិនបង្កផលប៉ះពាល់ដល់ការធ្វើដំណើរនោះទេ។

លោកថា ជំនន់ទឹកភ្លៀងនេះប៉ះពាល់ដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៤២គ្រួសារ​ នៅភូមិក្រាំងអាត់ ស្រុកកំពង់សីលា។ ប៉ុន្ដែយ៉ាងណា អាជ្ញាធរខេត្តបានយកជំនួយសង្រ្គោះជូនដល់ពលរដ្ឋដែលរងគ្រោះទាំងអស់រួចរាល់ហើយដែរ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះបានឱ្យដឹងថា អាជ្ញាធរនិងសមត្ថកិច្ចបានត្រៀមលក្ខណៈដើម្បីជួយអន្ដរាគមន៍លើទីតាំងដែលរងផលប៉ះពាល់គ្រប់ពេលវេលា។

លោកថា៖ «យើងបានត្រៀមកម្លាំង ជាកម្លាំងគណៈបញ្ជាការឯកភាព ត្រៀមអន្តរាគមន៍ពេញ២៤ម៉ោងលើ២៤ម៉ោង លើទីតាំង ជាពិសេសទីតាំងមានបញ្ហាប្រឈម»។

លោកបន្ថែមថា ទីតាំងមានរងបញ្ហាប្រឈម អាជ្ញាធរបានរៀបចំទីទួលមានសុវត្ថិភាព កន្លែងស្នាក់នៅជូនពលរដ្ឋ ជាពិសេសស្រុកកំពង់សីលា។ លោកបន្ដថា កន្លងមក អាជ្ញាធរខេត្តតែងធ្វើការជូនដំណឹងដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវសមុទ្រ ឱ្យផ្អាកការធ្វើដំណើរសិន។

ជាមួយគ្នានេះ លោក ឃាង ភារម្យ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសទីតាំងដែលរងបញ្ហាប្រឈម ត្រូវយកចិត្ដទុកដាក់ចំពោះកូនក្មេង មនុស្សចាស់ បញ្ហាអគ្គិសនី និងសត្វអសិរពិស។ ទន្ទឹមនេះ លោកថា ចំពោះអ្នកដែលកំពុងជាប់លើកោះ ត្រូវរង់ចាំសិន ​ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង មានខ្យល់កន្ត្រាក់ និងរលកធំៗ។

​អភិបាលរងខេត្តកំពង់ស្ពឺ ដែលជាខេត្តមានព្រំប្រទល់ជាប់ខេត្តព្រះសីហនុនោះ លោកស្រី ឡុង ប៉ូណារ៉េត មានប្រសាសន៍ថា ជំនន់ទឹកភ្លៀងកាលពីម្សិលមិញ​ មិនមានបង្កផលប៉ះពាល់នោះទេ។ ប៉ុន្ដែ​លោកស្រីបានលើកឡើងថា អាជ្ញាធរខេត្តនេះបានត្រៀមជាស្រេចក្នុងការអន្ដរាគមន៍កន្លែងប្រឈមបញ្ហា។

លោកស្រីថា៖ «អាជ្ញាធរខេត្ត ធម្មតា​ ក្រុមការងារគេមានលក្ខណៈត្រៀមបម្រុងជាស្រេច មានក្រុមរុករក សង្គ្រោះ ឆ្លើយតប ក្រុមការងារ តែដល់នេះ គេត្រៀមលក្ខណៈគេស្រេចហើយ តែមិនទាន់មានផលប៉ះពាល់អី ក៏យើងអត់មានសកម្មភាពដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ