អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្ដោយដងស្ទឹង និងតាមជ្រលងមុខទឹក នៅតាមជើងភ្នំគូលែន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ក្រោយមានភ្លៀងធ្លាក់យ៉ាងជោកជាំអស់រយៈពេលជាច្រើនថ្ងៃមកនេះ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃកម្ពស់ទឹកនៅតំបន់ខ្លះក្នុងឃុំឃុនរាម បានធ្វើឱ្យផ្នែកខ្លះនៃផ្លូវក្រួសក្រហមក្នុងឃុំ ត្រូវបានទឹកហូរកាត់ និងជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលតម្រូវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃទៅមុខទៀត។
លោកមានប្រសាសន៍ថា៖ «មានផ្ទះប្រជាពលរដ្ឋពីរបីផ្ទះ ក៏ចាប់ផ្តើមលិចក្នុងកម្រិតណាមួយ។ អ៊ីចឹងនេះជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងស្រុក មានការប្រុងប្រយ័ត្នទេ។ អ្វីដែលយើងបារម្ភ ប្រសិនបើពីរបីថ្ងៃទៀត វាបន្តនូវទឹកភ្លៀងដដែល វាអាចបង្កជាហានិភ័យ»។
អភិបាលស្រុករូបនេះបញ្ជាក់ថា ស្រុកបន្ទាយស្រី ជាស្រុកដែលរងផ្ទៃទឹកភ្លៀងនៃជម្រាលជើងភ្នំគូលែន ដែលងាយបង្កជាហានិភ័យគ្រោះជំនន់ទឹកភ្លៀង ប្រសិនជាមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាដូចដែលធ្លាប់កើតឡើងកន្លងមក។
លោកថា៖ «បន្ទាយស្រីជាតំបន់ដែលជាទូទៅការលិចកម្រលិចយូរណាស់ ប៉ុន្តែអាចកើនកម្ពស់ទឹកគំរាមដូចកាលពីមុន ហើយធ្លាប់មានបទពិសោធន៍លិចធ្ងន់ធ្ងរកាលពីឆ្នាំ២០១១ និង២០២០។ អ៊ីចឹងកន្លងមក ឱ្យតែសង្កេតឃើញពីការកើនឡើងកម្ពស់ទឹកដោយមិនប្រក្រតី យើងតែងមានការប្រុងប្រយ័ត្ន»។
តែយ៉ាងណា លោក ឃឹម ហ្វីណង់ អះអាងថា រដ្ឋបាលស្រុក និងក្រុមប្រចាំការគ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុងបន្តឃ្លាំមើលនិងត្រៀមកម្លាំង រួមទាំងសម្ភារជួយបម្រុងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីដែលអាចកើតមានគ្រោះទឹកជំនន់ជាយថាហេតុណាមួយ៕