បក្សកាន់អំណាចចាត់ទុកក្រុមប្រឆាំងដែលរារាំងដល់ការអភិវឌ្ឍប្រទេសថាជា​ក្រុម​ជ្រុលនិយម

គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២។ ប្រភពរូបភាព៖ (ហ្វេសប៊ុកផេក គណបក្សប្រជាជនកម្ពុជា Cambodian People’s Party)

គណបក្សកាន់អំណាច នៅតែចាត់ទុក សកម្មភាពនយោបាយរបស់គណបក្សប្រឆាំងថា ជាផ្នែ​ក​​​មួយ​​​ដែល​​ខ្មៅង​ងឹត​​សម្រាប់ការរីកលូតលាស់​នៃសង្គមកម្ពុជា ហើយក្រុមនេះ​ គឺជាគោល​​ដៅ​នៃ​​​ការ​កម្ទេច ដែលមិនអាចឱ្យចេញ​​ធ្វើស​ក​ម្ម​​​​​ភា​​ពបាន ព្រោះនាំឱ្យខាតប្រយោជន៍ជាតិ និង​​ប៉ះ​​​ពាល់​ដល់ដំណើរ​នៃការកសាងប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងសន្ទរកថា​របស់គណបក្សប្រជាជនកម្ពុជា ក្នុងពេល​បើកសន្និបាត​រយៈពេល២ថ្ងៃ កាលពី​​​ថ្ងៃទី១៦ និង១៧ ខែ​កក្កដា​ ចុងសប្តាហ៍កន្លងទៅនេះ​​ បង្ហាញថា ដោយសារភាពខ្លាំងរបស់គណបក្ស​កាន់​អំណាច ជម្នះ​​បាន​​នូវ​​កា​រ​​​​លំបាកនានា ជាពិសេសបាន​​​ធ្វើ​ឱ្យបរាជ័យ​រាល់ឧបាយកល​ក្រុម​ប្រឆាំង​ជ្រុល​និយម ដែល​​​តែង​យក​​ជើងរាទឹក និងប៉ុនប៉ងបំផ្លាញដំណើរ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

បើតាម​លទ្ធផលសង្ខេប​នៃសន្និបាតនេះ គឺគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្ស​​ប្រ​​ជា​ជ​​​ន​​កម្ពុ​​ជា សម្រេចលើគោលការណ៍ធំៗ ចំ​​នួន ៧ចំណុច ក្នុងនោះចំណុចដែលសំខាន់ ហើយ​​​គ​ណ​​ប​ក្ស​​នៅ​តែប្រកាន់យកមកពិគ្រោះយោបល់សារថ្មី គឺ​​អង្គ​​សន្និ​បាតប្តេជ្ញាគាំ​​ទ្រលោកនាយ​​ករដ្ឋ​​មន្រ្តី ហ៊ុន សែន ជាបេក្ខ​​ភាព​នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃ​​រដ្ឋ​​សភា​​បន្ត​​ទៀត  ហើយ​នឹងនៅ​​តែ​​គាំ​​​ទ្រលោក ហ៊ុន ម៉ាណែត ជា​​បេក្ខ​​​ភាព​នាយករដ្ឋមន្រ្តីបន្តវេន។

បន្ថែមលើរបាយការណ៍ ដែលមាននៅក្នុងសន្និបាត អ្នក​​នាំ​ពាក្យ​​គណ​​បក្ស​​គ្រប់​គ្រងអំណាច លោក ឈឹម ផលវរុណ មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា អ្វីដែលគណ​​​បក្សប្រជាជនកម្ពុជា ចាត់​​​ទុក​​​​ក្រុម​ប្រឆាំង គឺដោយសារ​​ក្រុម​នោះ​​​​​មាន​​និន្នា​​​នាការនយោបាយជ្រុលហួស និងធ្វើសកម្មភាព​​​ដែល​​មិន​​​អាច​​លើក​​លែងឱ្យបាន។ លោកបន្តថា ក្រុមជ្រុលនិយម​​នេះ មិនមែនមាននៅតែកម្ពុជាទេ ពោល​​​​​គឺនៅ​​ប្រទេស​​ជឿនលឿន ក៏តែងមានក្រុមជ្រុលនិយម​បែបនេះដែរ។

លោកបន្តថា៖ «យើងចង់​សំដៅទៅ​លើចរិក​នយោបាយ​ជ្រុល​និយម។ យើង​មិន​មែន​ចង់​សំដៅ​ទៅ​លើ​​អ្វីផ្សេ​​ងពីន័យហ្នឹងទេ។ ធម្មតាប្រជាធិបតេយ្យ ត្រូវតែមានការ​ប្រកួតប្រជែង​​​។ ប៉ុន្តែនេះ​វាមាន​​​ចរិក​​​​នយោ​បាយជ្រុលនិយមហួសហេតុ ហើយ​​​ចរិកនយោបាយ​​ជ្រុលនិយមហួស​​​ហេតុនៅ​​អាមេរិក ក៏​​​​មាន​ដែរ នៅអឺរ៉ុបក៏វាមានដែរ ហើយសព្វថ្ងៃពិភពលោក​​​ ក៏​វាចលាចល​ដោយសារនយោបាយ​​ជ្រុល​និ​យម​ហ្នឹងដែរ ដូច្នេះយើងចង់សំដៅទៅលើនយោបាយជ្រុលនិយម »។

គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់វស្សាមួយនៅកម្ពុជា ហាក់​​មាន​​​ប្រៀប​​ខាង​​​ន​​យោ​​​​​បាយ​​​​ទាំង​​នៅក្នុងរដ្ឋាភិបាលចម្រុះ និងគណបក្សដែល​​នៅក្រៅ​​រដ្ឋាភិបាល​​​។​មានគណបក្សនយោបាយមួយចំនួន ដែលមានសក្តានុពល នៅក្នុងការប្រកួតប្រជែង ត្រូវបាន​​គ​​ណ​​​បក្សកាន់អំណាច ផាត់ចេញពីឆាក​​នយោបាយ​​​ជា​បន្ត​​ប​ន្ទាប់។ ក្រោយការបោះឆ្នោតជាតិ លើក​ដំបូងកាលពីឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ គណបក្សរាជា​​​និ​​យ​ម ហ្វ៊ុនស៊ិន​​​ប៉ិច ដែ​​ល​​​​កាលណោះជា​ដៃគូនយោបាយ នៅក្នុងរដ្ឋាភិបាលចម្រុះ ត្រូវធ្លាក់ចុះឥទ្ធិពល រហូតដល់គ្មាន​​កៅ​​អី នៅក្នុ​​​ងរដ្ឋសភា។ ដោយឡែក គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលរំលាយ កាលពីឆ្នាំ​​​​២០១៧ ក៏ជាដៃ​​គូនយោ​​​បាយ​​ដ៏ស្វិតស្វាញមួយដែរ ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវ​​បាន​ដួលរំលំ។

អ្នកជំនាញផ្នែកគោលនយោបាយ មើលឃើញថា ការអនុវត្តគោលការណ៍ ឬការប្រកួតប្រជែង​​​ដោ​​យ​​មិន​​មាន​តម្លា​​ភាព និងអនុវត្តមិនតាមបែបប្រជាធិបតេយ្យនេះហើយ ដែលជួយ​ឱ្យគណបក្ស​​​ប្រ​​​ជា​​ជនកម្ពុជា តែងមាន​​ប្រៀប​​​ជា​និច្ច នៅ​ក្នុងនយោបាយសម្រាប់កម្ពុជា។  

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ចាត់ទុកថា ប្រសិនបើគណបក្សប្រជា​ជនកម្ពុ​ជា​ នៅតែបន្ត​​​ចោទ​ប្រកាន់ និងធ្វើនយោបាយបែបនេះទៀត គួរប្តូរគោលការណ៍ពីប្រជាធិបតេយ្យ ទៅ​​​កុម្មុយ​​​នីស្តវិញ​​ល្អជាង។ ​​លោក​​​បន្ត​ថា សម្រាប់ប្រទេសដែល​សន្យាយកគោលការណ៍​​​ប្រជាធិ​បតេ​​យ្យ សេរីពហុបក្សជាមូលដ្ឋាន ការប្រ​​​កួត​​ប្រជែង​​តាម​​រ​​យៈ​ការបោះឆ្នោត គឺជារឿងធម្មតា ហើយ​ការចាញ់ ឈ្នះតាមរយៈសន្លឹកឆ្នោត នឹងនាំទៅដល់ការផ្តាស់​​ប្តូរមេដឹក​​នាំ​ប្រ​ទេសដែរ។

បើតាមលោក ថាច់ សេដ្ឋា តួនាទីរបស់គណបក្សប្រឆាំងសព្វថ្ងៃ ក៏តែងអនុវត្តតួនាទី និងភារ​​​កិច្ច​​បែបនេះ ហើយ​​​ប្រ​កាន់​​​​យកជានិច្ចនូវគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តិដទៃទៀត ជា​​យុត្តិ​​សាស្រ្ត​​​ក្នុងការប្រកួតប្រជែង ហើយ​​មិន​​មែន​ការប្រកួតប្រជែងតាមបែបខ្មៅងងឹតនោះទេ។

លោកបន្តថា៖ «វាមិនមែនជាសត្រូវស៊ីសាច់ហុតឈាម ឬខ្មៅងងឹត យកជើងរាទឹករាដៃអី មិនមែន​​ទេ​​​។​ ការប្រកួត​​ប្រ​​ជែង​​​​​​ទៅលើគោលនយោបាយដើម្បី​​រៀបចំប្រទេស។​ វាមិនមែន​ឱ្យតែប្រឆាំង​​​សុទ្ធ​​​តែ​​ឧបាយកលទុច្ចរិត អាហ្នឹងវា​​ធ្វើដូច​​​កុម្មុយ​​នីស្តហើយ​​។ បើកុម្មុយនីស្តដឹកនាំតែឯងទៅ បើ​​មិន​ចង់​​​ឱ្យ​​​មាន​បក្សប្រឆាំង ធ្វើកុំឱ្យមានតែម្តងទៅ»។

សម្រាប់ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា យល់ឃើញថា នៅក្នុង​​ប្រ​​ទេ​​​​ស​​​​​ដែលប្រកាន់​​យក​​​គោល​​ការណ៍ប្រជាធិបតេយ្យ គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល និង​​តួ​​អង្គ​​ផ្សេងទៀត គឺជាធាតុចូល​​​ដ៏ចាំ​បា​​ច់​​បំផុត ដែ​​ល​មិនអាច​​ខ្វះបាន។ លោកបន្តថា រាល់ការ​​តិះ​​ទៀន​របស់​​តួអង្គ នៅក្រៅរដ្ឋាភិបាលនេះ ត្រូវ​បាន​គោរព និ​​​ង​​​យក​​ទៅ​​ពិចារណា សម្រាប់​​ឆ្លុះ​​បញ្ចាំង​​​​​ទៅ​​​​លើ​​​​ការអនុវត្តគោលនយោបាយ។

ប៉ុន្តែលោក វណ្ណ ប៊ុនណា សង្កេត​​ឃើ​​ញ​​ថា សម្រាប់​បរិបថ​​ន​យោ​​បាយនៅកម្ពុជាវិញ ហាក់​ផ្ទុយ​ពី​នេះ ដោយ​សារ​​​គណបក្សនយោ​​បាយនៅ​​ក្រៅ​​រដ្ឋា​​ភិ​​បាល ត្រូ​​វ​​​​គេ​​ចាត់​​ទុកថា ជាក្រុម​ដែល​ត្រូវ​កម្ទេច​ទៅ​​វិញ ហើយការធ្វើនយោបាយទៀតសោត តែងយក​​ការ​​ចាញ់​​​​​ឈ្នះ​​ជា​​ធំ​។

លោកបន្តថា៖ «ជារួមតួអង្គគណបក្សប្រឆាំងនៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈ​សំខាន់​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ ឬក៏​​តា​មដានពីទង្វើនៃការអនុវត្ត​​​គោលនយោបាយរបស់គណ​​បក្សកាន់​​អំណាច។​​ អ៊ីចឹងទេ​​​នៅក្នុងសង្គមប្រជាធិតេយ្យ គេឱ្យតម្លៃខ្លាំង ក្រៅពី​តួនាទី​របស់​គណបក្ស​កាន់​អំណាច តួនាទី​របស់​គណ​​​បក្សប្រឆាំងហ្នឹង ​គឺមានឥទ្ធិពល​​​ខ្លាំង​ណាស់​ ​​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ ដើម្បីធ្វើឱ្យគណបក្សកាន់អំណាចគាត់មានទំនួលខុសត្រូវ និង​តម្លា​ភាពលើការងា​​​របស់​គាត់​​ជាប្រចាំថ្ងៃ។ ប៉ុន្តែបើយើងមើលពីបរិបថកម្ពុជាដោយសារកម្ពុជាយើង បែបជានយោបាយគេ​ហៅថានយោបាយ​​បែប​​​​ហិង្សា ជានយោបាយបែបក្តិចត្រួយ និងជានយោ​បាយបែបបែង​​​ជើង​​ អ៊ីចឹង​ហើយ ទើបគណបក្ស​​កាន់អំណាច ​​​គាត់​មើលគណបក្សប្រឆាំងជាគូសត្រូវ មិន​មែន​គូប្រកួត​ប្រជែង​ដើម្បី​ស្តារ​សង្គមទេ »។

ប្រទេសកម្ពុជា ត្រូវបានអង្គការគម្រោងយុត្តិធម៌ពិភពលោក កាលពីពីខែតុលា ឆ្នាំ២០២១ ផ្ដល់ចំណាត់ថ្នាក់ជាប្រទេសមាន​នីតិរដ្ឋទាបបំផុត ដោយទទួលបានលេខ១៣៨ ក្នុងចំណោមប្រទេសចំ​​នួន១៣៩ លើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សន្ទស្សន៍នីតិរដ្ឋនៅកម្ពុជា គឺល្អ​ជាងប្រ​​ទេស​វ៉េណេស៊ុយអេឡា តែមួយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ